អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជនភៀសខ្លួន​ស៊ី​រី អាច​ទទួលបាន​សញ្ជាតិ​តួ​ក​គី​
04, Jul 2016 , 4:04 pm        
រូបភាព
លោក​ប្រធានាធិបតីតួកគី Erdogan
លោក​ប្រធានាធិបតីតួកគី Erdogan
ដោយ: ថ្មីៗ
ប្រធានាធិបតី​តួ​ក​គី បានផ្ដល់​ដំណឹង​រីករាយ​មួយ ដល់​ជនភៀសខ្លួន​ស៊ី​រី ដែល​រត់​ភៀសខ្លួន​ពី​ជម្លោះ​នៅ​ស្រុកកំណើត​មកកាន់​តួ​ក​គី​។ នោះ គឺ​ជនភៀសខ្លួន​ស៊ី​រី អាច​ទទួលបាន​សញ្ជាតិ​តួ​ក​គី​បាន​។ ប៉ុន្តែ គេ​មិនទាន់​ដឹង​ច្បាស់​ពី​ថា ជនភៀសខ្លួន​ទាំងអស់ នឹងមាន​សិទ្ធិ​ទទួលបាន​សញ្ជាតិ​នេះ​នៅឡើយ ហើយ​ដំណើការ​ផ្ដល់​សញ្ជាតិ​នេះ ក៏​មិនទាន់​ជាក់លាក់​នោះដែរ​។​



ស្តាប់សំឡេង


​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan និយាយថា រដ្ឋាភិបាល​របស់លោក នឹង​ជួយ​ជនជាតិ​រុស្សី ដោយ​ផ្ដល់ឱកាស​ឲ្យ​ពួកគេ ទទួលបាន​សញ្ជាតិ​តួ​ក​គី​។ ថ្លែង​ទៅកាន់​ជនភៀសខ្លួន​ស៊ី​រី លោក Erdogan បញ្ជាក់ថា ក្រសួងមហាផ្ទៃ​តួ​ក​គី កំពុងតែ​រៀបចំ​ផែនការ​នេះ ប៉ុន្តែ​លោក​មិនបាន​លម្អិត​បញ្ហា​នេះ​ទេ​។

​ប្រធានាធិបតី​តួ​ក​គី បាន​ទៅ​ជួប​ជនភៀសខ្លួន​ស៊ី​រី នៅ​ថ្ងៃទី​២ ខែកក្កដា នៅឯ​ខេត្ត Kilis ដែល​ជាប់​ព្រំដែន​ជាមួយ​ស៊ី​រី​។ នៅ​ទីនោះ មាន​ជនភៀសខ្លួន​ស៊ី​រី រស់នៅ​ប្រមាណ​១២​ម៉ឺន​នាក់ ដែល​ចំនួន​នេះ គឺ​ច្រើនជាង​ចំនួន​ប្រជាជន​តួ​ក​គី​ក្នុង​ខេត្ត​នេះ​ទៅទៀត​។ លោក​ប្រធានាធិបតី Erdogan បាន​ប្រាប់​ជនភៀសខ្លួន​ទាំងនោះ​ថា លោក​មាន​ដំណឹង​ល្អ​សម្រាប់​ពួកគេ នោះ​គឺ​តួ​ក​គី នឹង​ផ្ដល់​សញ្ជាតិ​ឲ្យ​ពួកគេ ប្រសិនបើ​ពួកគេ​ចង់បាន​។

​លោក Erdogan បន្តទៀតថា តួ​ក​គី ចាត់ទុក​ជនភៀសខ្លួន​ស៊ី​រី​ទាំងអស់​ដូចជា​បងប្អូន ហើយ​តួ​ក​គី ក៏​ជា​ទឹកដី​កំណើត​របស់​ពួកគេ​ដូច្នោះ​ដែរ​។ យ៉ាងណាមិញ បើតាម​ទូរទស្សន៍ CNN ទាក់ទិន​នឹង​ការផ្ដល់​សញ្ជាតិ​នេះ ប្រមុខរដ្ឋ​តួ​ក​គី មិនបាន​បញ្ជាក់​ទេ​ថា ជនភៀសខ្លួន​ស៊ី​រី​ទាំង​២​លាន​៧​សែន​នាក់ ដែល​កំពុង​រស់នៅ​លើទឹក​ដី​តួ​ក​គី សុទ្ធតែ​អាច​សុំ​សញ្ជាតិ​ឬ​យ៉ាងណាទេ​។ ហើយ​លោក​ក៏​មិនបាន​លម្អិត​ពី​លក្ខខណ្ឌ​សម្រាប់​ទទួលបាន​សញ្ជាតិ និង​រយៈពេល​នៃ​ដំណើការ​នេះដែរ​។​

​សូម​បញ្ជាក់ដែរថា កន្លងមក រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា បាន​បដិសេធ​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​ដល់​ជនភៀសខ្លួន​ស៊ី​រី ដែល​ឆ្លងដែន​ចូល​តួ​ក​គី ចាប់តាំងពី​ជម្លោះ​នៅ​ស៊ី​រី​កើតឡើង​ក្នុង​ឆ្នាំ​២០១១​មក​។ តួ​ក​គី ចាត់ទុក​ពួកគេ គ្រាន់តែ​ជា​ភ្ញៀវ ហើយ​មាន​ជនជាតិ​ស៊ី​រី​ចំនួន​តូច​ប៉ុណ្ណោះ ដែលមាន​ទទួលបាន​សិទ្ធិ​ធ្វើការ និង​រស់នៅ​។​

​បន្ថែម​ពីលើ​នេះ ជនជាតិ​តួ​ក​គី មិនសូវ​សប្បាយ​ចិត្តនឹង​វត្តមាន​ជនភៀសខ្លួន​ស៊ី​រី រស់​នៅលើ​ទឹកដី​ខ្លួន​នោះទេ​។ ជនជាតិ​ភៀសខ្លួន​ទាំងនោះ រង​ការចោទប្រកាន់​ចំពោះ​ការកើនឡើង​អំពើហិង្សា និង​ការកើនឡើង​ចំនួន​អ្នកសុំទាន​ជាដើម​។ នៅ​ភាគខាងត្បូង និង​ខាងកើត ដែលជា​តំបន់​ក្រីក្រ​ជាងគេ​របស់​តួ​ក​គី អត្រា​អ្នក​អត់​ការងារ កើនឡើង​យ៉ាងខ្លាំង ចំពេល​ដែល​លំហូរ​ជនភៀសខ្លួន ក៏មាន​កំណើន​ផងដែរ ហើយ​រឿងនេះ​ធ្វើ​ឲ្យ​ប្រជាជន​តួ​ក​គី អាក់អន់ចិត្ត​យ៉ាងខ្លាំង​៕

Tag:
 ស៊ី​រី​
 ​តួ​ក​គី​
 ​ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com