អន្តរជាតិ
ចិន ហាម​យក​ដំណឹង​ពី​បណ្ដាញ​សង្គម ធ្វើជា​ព័ត៌មាន
04, Jul 2016 , 10:59 pm        
រូបភាព
​ស្ថាប័ន​គ្រប់គ្រង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត នឹង​ចាប់ផ្ដើម​យុទ្ធនាការ​បង្ក្រាប​ព័ត៌មាន ដែល​យក​ប្រភព​មកពី​បណ្ដាញ​សង្គម​ផ្សេងៗ​។ រដ្ឋាភិបាល​ចិន ចាត់ទុក​យុទ្ធនាការ​នេះ ជាការ​បោសសម្អាត​ព័ត៌មាន​មិន​ពិត និង​ការ​ចែកចាយ​ពី​ច​ចាម​អារាម ដែល​ងាយ​នឹង​បង្កចលាចល និង​អស្ថិរភាព​នៅក្នុង​សង្គម​។​



​រដ្ឋបាល​គ្រប់គ្រង​ប្រព័ន្ធ Cyber របស់​រដ្ឋាភិបាល​ចិន បានចេញ​សេចក្ដីប្រកាស​មួយ តម្រូវ​ឲ្យ​សារព័ត៌មាន​នៅលើ​អ៊ី​ន​ធើ​ណែ​ត​ទាំងអស់ ដែល​យក​ព័ត៌មាន​ពី​បណ្ដាញ​សង្គម​ទៅ​ផ្សព្វផ្សាយ ចាំ​ចាច់​មានការ​យល់ព្រម​ជាមុនសិន​។ សេចក្ដីប្រកាស ដែល​ចេញ​នៅ​ថ្ងៃទី​៣ គឺជា​យុទ្ធនាការ​បោសសម្អាត​ព័ត៌មាន​ក្លែងក្លាយ ក្នុង​គោលដៅ​ចៀសវាង បង្ក​អសន្តិសុខ និង​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​។​

​សេចក្ដីប្រកាស​ខាងលើ បន្តថា ការប្រើប្រាស់​ដំណឹង​ប្រាប់ត​គ្នា ឬ​ការយក​ការសន្និដ្ឋាន​សម្រាប់​ធ្វើជា​ព័ត៌មាន ក៏ដូចជា​ការប្រើប្រាស់​រូប​ភាព ដើម្បី​បង្ខូច​ការពិត​ត្រូវបាន​ហាមឃាត់​ដាច់ខាត​។ តាមរយៈ​សេចក្ដីប្រកាស​ដដែល ស្ថាប័ន​គ្រប់គ្រង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​មួយ​នេះ ក៏បាន​ប្រាប់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ត្រូវបំពេញ​ភារកិច្ចរ​បស់​ខ្លួន ចំពោះ​ការគ្រប់គ្រង​អ៊ី​ន​ធើ​ណែ​ត​។ ជាងនេះទៅទៀត ត្រូវ​ពិនិត្យ ស៊ើបអង្កេត និង​ដោះស្រាយ​នឹង​ព័ត៌មាន​ដែល​មិន​ពិត​។​

​វិធានការ​ថ្មី​នេះ គឺជា​ការបន្ថែម​លើ​គោលនយោបាយ​ចាស់ ដែល​ដាក់ចេញ​ដើម្បី​បង្កើន​ការត្រួតពិនិត្យ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។ កន្លងមក រដ្ឋាភិបាល​ចិន បាន​អនុវត្ត​ការ​រឹតត្បិត​យ៉ាងខ្លាំង លើ​សេរីភាព​នៃ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​។ ហើយ​ក្រុង​ប៉េកាំង ក៏​គ្រោង​នឹងដាក់​បញ្ញត្តិ​មួយចំនួន ឲ្យ​ក្លាយទៅជា​ច្បាប់​ផងដែរ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​នៃ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អះអាងថា ការ​រឹតត្បិត​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត ដោយ​រួមទាំង​ការហាមឃាត់​ការប្រើប្រាស់ គេហទំព័រ​ល្បី​ដូចជា Google ឬ​Facebook ជាដើម​នោះ គឺជា​ការ​ចាំ​ចាច់ ក្នុង​ការធានា​សន្តិសុខ​។ នេះ​ក៏​ដោយសារតែ​ការគំរាមកំហែង​លើ​សន្តិសុខ មានការ​កើនឡើង​កាន់​តែ​ច្រើន ដូចជា ភេរវកម្ម​។​

​របប​ក្រុង​ប៉េកាំង បានដាក់​ការ​រឹតត្បិត​លើ​បណ្ដាញ​សង្គម និង​គេហទំព័រ ដែល​ភាគច្រើន​មាន​ប្រភព​មកពី​ប​ស្ចឹ​ម​ប្រទេស ដូចជា Facebook, Twitter ឬក៏​Google ជាដើម​។ សេរីភាព​បញ្ចេញមតិ ក៏ត្រូវ​រឹតត្បិត​កាន់តែខ្លាំង​ថែមទៀត ជាក់ស្ដែង​នោះ ការប្រើប្រាស់​បណ្ដាញ​សង្គម ត្រូវបាន​តាមដាន​យ៉ាង​ដិតដល់ ហើយ​បណ្ដាញ​សង្គម​ខ្លះ ប្រើ​បានតែ​ក្នុង​កន្លែង​កំណត់​ប៉ុណ្ណោះ​៕


Tag:
 ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com