អន្តរជាតិ
មេប៉ូលិសហ្វីលីពីន៖ ប៉ូលិស មិនត្រូវលេងវាយកូនគោល ចូលកាស៊ីណូ និងជល់មាន់ឡើយ លោក Ronald dela Rosa ស្នងការថ្មីនៃប៉ូលិសជាតិហ្វីលីពីន
× មេប៉ូលិសជាតិហ្វីលីពីន Ronald dela Rosa ដែលទើបឡើងកាន់តំណែងថ្មីៗនេះ បានព្រមានទៅកាន់មន្ត្រីប៉ូលិស ត្រូវផ្ដោតការយកចិត្តទុកដាក់លើការងារ និងមិនត្រួវធ្វើសកម្មភាពអ្វីផ្សេង ក្នុងម៉ោងការងារនោះទេ។ លោក Rosa ក៏បានប្រាប់ទៅកាន់មន្ត្រីប៉ូលិសទាំងអស់ ឲ្យមកជួបលោក ក្នុងករណីមានបញ្ហាអ្វីមួយ។
ក្នុងនាមជាស្នងការថ្មីនៃប៉ូលិសជាតិហ្វីលីពីន លោក ឧត្តមសេនីយ៍ Ronald dela Rosa បានប្រាប់ឲ្យកងកម្លាំងប៉ូលិសទាំងអស់ ផ្លាស់របៀបធ្វើការងាររបស់ខ្លួនភ្លាម និងមិនត្រូវចំណាយពេលធ្វើអ្វី ក្រៅពីភារកិច្ចទេ។ លោកឧត្តមសេនីយ៍ Rosa និយាយដូច្នេះ ក្នុងគោលបំណងរឹតបន្តឹងវិន័យ បន្ទាប់ពីមានករណីដែលប៉ូលិសហ្វីលីពីន តែងធ្វើការងារអ្វីផ្សេង ដែលមិនមែនការងារប៉ូលិស។
ថ្លែងក្នុងពិធីបង្ហូតទង់ជាតិ នៅថ្ងៃទី៤ ខែកក្កដា មេប៉ូលិសជាតិហ្វីលីពីន ដែលសន្យាប្រើកណ្ដាប់ដៃដែក ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មក្នុងរយៈពេលពី៣ខែ ទៅ៦ខែ បញ្ជាក់ថា វិធីសាស្ត្រតែមួយគត់ ដើម្បីសម្រេចគោលដៅបាន គឺប៉ូលិសទាំងអស់ ត្រូវផ្ដោតលើការងារពេញម៉ោងរបស់ខ្លួន និងមិនធ្វើអ្វីដែលអត់ប្រយោជន៍ទេ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Rappler។
លោកឧត្តមសេនីយ៍ផ្កាយបួនរូបនេះ ក៏បានលើកឡើងម្ដងទៀត ពីអ្វីដែលលោកបាននិយាយ ក្នុងពេលចូលពិធីកាន់តំណែង នៅថ្ងៃទី១ ខែកក្កដា នោះគឺប៉ូលិសមិនត្រូវលេងកូនគោលក្នុងម៉ោងការងារ ហើយប៉ូលិសទាំងអស់ មិនត្រូវចូលកាស៊ីណូ ឬវង់ល្បែងជល់មាន់ទេ។ ជាមួយគ្នានោះ មេប៉ូលិសខាងលើ ក៏ដាក់បញ្ជាឲ្យមេបញ្ជាការអង្គភាពទាំងអស់ ត្រូវតាមដានកូនចៅរបស់ខ្លួន និងត្រូវរាយការណ៍ពីអ្នកណា ដែលគេចមិនធ្វើការ ព្រមទាំងអ្នកធ្វើការងារផ្សេងពេលក្នុងម៉ោងធ្វើការរបស់ខ្លួន។
មិនតែប៉ុណ្ណោះ ឧត្តមសេនីយ៍ ដែលមានប្រភពមកពីទីក្រុង Davao ដូចប្រធានាធិបតី Rodrigo Duterte ដែរនោះ ក៏បានប្រាប់ឲ្យប៉ូលិសទាំងអស់ ទៅជួបលោកដោយផ្ទាល់ ក្នុងករណីមានការងារអ្វីមួយ។ លោកបន្តថា លោកមិនទាមទារការគោរពបែបពិធីការអ្វីទេ ហើយបើជួបគ្នានៅតាមផ្លូវ ពួកគេ (ប៉ូលិស) អាចទាញដៃគាត់បាន ប្រសិនលោក មិនបានចាប់អារម្មណ៍។
លោកឧត្តមសេនីយ៍ Rosa ដែលគ្រប់គ្រងប៉ូលិស១៦ម៉ឺននាក់ ក៏បានសន្យាទិញឧបករណ៏ថ្មីៗ សម្រាប់ប៉ូលិស ក៏ដូចជាកម្មវិធីពង្រឹងសមត្ថភាពជំនាញមន្ត្រីប៉ូលិសផងដែរ។ អ្វីដែលគួរចាប់អារម្មណ៍នោះ លោកធ្លាប់ព្រមានមន្ត្រីប៉ូលិស ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ឲ្យចេញមកសារភាព និងលាលែងតំណែងជាបន្ទាន់ ប៉ុន្តែមកទល់ពេលនេះ មិនមានអ្នកណាចេញមកនៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com