អន្តរជាតិ
គ្រាប់បែក​អត្តឃាត​វាយប្រហារ​ព្រម​គ្នា ក្នុង​ទីក្រុង​បី​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​
05, Jul 2016 , 9:19 pm        
រូបភាព
​ក្នុងពេល​តែមួយ​ថ្ងៃ ទីក្រុង​ចំនួន​បី របស់​អា​រ៉ា​ប៊ី​សា​អូឌីត បាន​រង​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​ព្រមៗ​គ្នា និង​បានសម្លាប់​មនុស្ស​មួយចំនួន​ផងដែរ​។ ការវាយប្រហារ​បន្តបន្ទាប់​គ្នា​នេះ ធ្វើឡើង ខណៈ​អា​រ៉ា​ប៊ី សា​អូឌីត កំពុង​រៀបចំ​ពិធីបុណ្យ​ស្រាយ​បួស បញ្ចប់​ខែ Ramadan របស់​សាសនា​ឥស្លាម​។​



​ប៉ុន្មាន​ថ្ងៃក្រោយ​ការវាយប្រហារ​នៅ​តួ​ក​គី និង​អ៊ីរ៉ាក់ អ្នក​វាយប្រហារ​គ្រាប់បែក​អត្តឃាត បាន​បំផ្ទុះ​ខ្លួនឯង នៅ​ទីក្រុង​ចំនួន​បី នៅ​អា​រ៉ា​ប៊ី សា​អូឌីត ដោយបាន​សម្លាប់​មន្ត្រី​សន្តិសុខ​យ៉ាងតិច​បួន​នាក់​។ ការវាយប្រហារ​នេះ ដូចជា​ចំពេល​ដែល​ពិធីបុណ្យ​បញ្ចប់​ខែ​Ramadan កាន់​ត​ខិត​មកដល់ និង​ជា​ពេលដែល​ប្រជាជន​កាន់សាសនា​ឥស្លាម ជួបជុំគ្នា​ផងដែរ​។

​ការវាយប្រហារ​កើតឡើង​ក្នុង​ទីក្រុង Qatif នៅក្បែរ​ស្ថាន​កុងស៊ុល​របស់​អាមេរិក តំបន់​ពិសិដ្ឋ​របស់​ក្រុម​និកាយ​ស៊ី​អ៊ី​ត​នៅ Jeddah និង​ស្នាក់ការ​សន្តិសុខ​នៅ​ទីក្រុង Medina​។ អ្នកនាំពាក្យ​សន្តិសុខ​អា​រ៉ា​ប៊ី សា​អូឌីត បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន SPA ថា អ្នក​បំផ្ទុះ​គ្រាប់បែក បាន​បំផ្ទុះ​ខ្លួនឯង​នៅ​កន្លែង​ចត​រថយន្ត​ខាងក្រៅ​ផ្នូរ​ព្យា​ការី​ម៉ូ​ហា​ម៉ាត់ ក្នុង​ទីក្រុង​Medina ដែលជា​ទីក្រុង​ពិសិដ្ឋ​ទី​ពីរ​របស់​ឥស្លាម​។ កម្លាំង​សន្តិសុខ​បួន​នាក់ បាត់បង់​ជីវិត និង​ប្រាំ​នាក់​ផ្សេងទៀត​របួស​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​សន្តិសុខ​អា​រ៉ា​ប៊ី សា​អូឌីត ម្នាក់​និយាយ​ដែរ​ថា ជន​វាយប្រហារ​ម្នាក់ទៀត​បាន​ចត​ឡាន​នៅក្បែរ​ស្ថាន​កុងស៊ុល ក្នុង​ទីក្រុង Jeddah នៅ​មុនពេល​បំផ្ទុះ​ឡាន​នោះ​។ បើតាម​វីដេអូ​ដែល​ថត​បាន គេ​ឃើញ​ឡាន​កំពុង​ឆេះ នៅ​កន្លែង​ចត និង​ឃើញ​មាន​ឡាន​ស៊ី​រ៉ែ​ន នៅ​កន្លែងកើតហេតុ​។

​ជាមួយគ្នា​នោះ រូបភាព​ជាច្រើន ត្រូវបាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ពី​ផ្សែងខ្មៅ​ហុយ​ទ្រលោម នៅក្បែរ​វិហារ​ព្យា​ការី​ម៉ូ​ហា​ម៉ាត់ ដែល​កសាង​ក្នុង​សតវត្សរ៍​ទី​៧​។ ការវាយប្រហារ​នៅ Jeddah គឺជា​ការវាយប្រហារ​លើ​ក​ទីមួយ​ក្នុងឆ្នាំនេះ ដែលមាន​ទិសដៅ​លើ​ជនបរទេស​ក្នុង​រាជាណាចក្រ​មួយ​នេះ​។

​នៅឯ​ទីក្រុង Qatif ដែលជា​ទីក្រុង​សម្បូរ​ជន​មូស្លីម​ស៊ី​អ៊ី​ត គ្រាប់​មួយ និង​គ្រឿងផ្ទុះ​ពីរ​ទៀត​បាន​ផ្ទុះ​នៅក្បែរ​វិហារ​ស៊ី​អ៊ី​ត​។ អ្នកនាំពាក្យ​សន្តិសុខ​និយាយថា ខ្លួនប្រាណ​របស់​អ្នក​បំផ្ទុះ​គ្រាប់បែក និង​សាកសព​មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​រកឃើញ​។ ប៉ុន្តែ​ភ្លាមៗ​ក្រោយ​ការ​បំផ្ទុះ គេ​មិនឃើញ​មាន​ក្រុម​ណា ចេញមក​ទទួលខុសត្រូវ​នោះទេ​៕


Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
© រក្សាសិទ្ធិដោយ thmeythmey.com