អន្តរជាតិ
មេដឹកនាំ​យុទ្ធនាការ Brexit លាលែង​ពី​តំណែង​ប្រធាន​បក្ស
05, Jul 2016 , 9:59 pm        
រូបភាព
​មេដឹកនាំ​ចលនា​គាំទ្រ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប លោក Nigel Farage បាន​ចុះ​ចេញពី​តំណែង​ប្រធាន​គណបក្ស​អង់គ្លេស​ឯករាជ្យ (UKIP) បន្ទាប់ពី​គោលដៅ​របស់លោក​បានសម្រេច​ហើយ​នោះ​។ បើទោះជា​ចាកចេញ​ក៏ដោយ លោក Farage នឹង​នៅតែ​បន្ត​គាំទ្រ​គណបក្ស និង​ឯករាជ្យ​របស់​ចក្រភព​អង់គ្លេស​ដដែល​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​លោក Nigel Farage ដែលមាន​និន្នាការ​ប្រឆាំងនឹង​សមាជិកភាព​របស់​ចក្រ​ភព​អង់គ្លេស​នៅក្នុង​សហភាព​អឺរ៉ុប បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​លោក​ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​អង់គ្លេស​ឯករាជ្យ (UKIP) នៅ​ថ្ងៃទី​៤ ខែមិថុនា​។ ការចាកចេញ របស់លោក Farage គឺជា​ការវាយប្រហារ​ធ្ងន់ៗ​លើ​នយោបាយ​របស់​ចក្រភព​អង់គ្លេស ខណៈ​ស្ថានភាព​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប កំពុងតែ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​នៅឡើយ​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​ក្នុង​ក្រុង​ឡុង​ដ៍ អ្នកនយោបាយ​ស្ដាំនិយម​រូបនេះ​និយាយថា លោក​សម្រេចចិត្ត​នៅ​ឆ្ងាយ​ពី​គណបក្ស ហើយ​ជោគជ័យ​នៃ​យុទ្ធនា​ការចាកចេញ​ពី​អឺរ៉ុប មានន័យថា គោលដៅ​របស់លោក​បាន​សម្រេច​ហើយ​។ យ៉ាងណាក្ដី អ្នកនយោបាយ​រូបនេះ​ប្រកាសថា លោក​នឹង​បន្ត​តាមដាន​ដំណើការ​ចរចា​ជាមួយ​ក្រុង​ព្រុ​ច​សែ​ល ដ្បិត​លោក​នៅតែ​សមាជិកសភា​អឺរ៉ុប​ដដែល​។ 

​លោក Farage បន្តទៀតថា លោក​មិនដែល​ចង់​ធ្វើជា​អ្នកនយោបាយ​អាជីព​ទេ ហើយ​គោលបំណង​របស់លោក​ក្នុង​នយោបាយ គឺ​ធ្វើយ៉ាងណា​ឲ្យ​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​។ បើតាម​ទីភ្នាក់ងារ Reuters អ្នកនយោបាយ​ដែល​មិន​ចូលចិត្ត​អឺរ៉ុប​រូប នេះ​បក ស្រាយ​ថា នៅពេល​ធ្វើ​យុទ្ធនាការ​ចាកចេញ​ពី​អឺរ៉ុប លោក​ចង់បាន​ប្រទេស​លោក​មកវិញ តែ ពេលនេះ លោក​ចង់បាន​ជីវិត​របស់លោក​ត្រលប់​មកវិញ ហើយ​វា​ចាប់ផ្ដើម​ពី​ពេលនេះ​។

​ជាមួយ​ការចាកចេញ​នេះ លោក Farage ក្លាយជា​មេដឹកនាំ​ក្រុមគាំទ្រ​ចាកចេញ​ពី​អឺរ៉ុប​ទី​ពីរ ដែល​ដកខ្លួន​ចេញពី​អ្វីដែល​កើតឡើង នៅក្រោយ​ប្រជាមតិ​ថ្ងៃទី​២៣ ខែមិថុនា​។ អ្នក​ទីមួយ​ដែល​ដកខ្លួន គឺ​អតីត​អភិបាលក្រុង​ឡុង​ដ៍ លោក Boris Johnson ដែល​មិន​ចូលរួម​ក្នុងការ​ប្រជែង សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​បន្ត​ពី លោក ដេវីដ ខេ​មេ​រ៉ូ​ន​។    

​មនុស្ស​ជាច្រើន ទំនងជា​មិន​ស្បាយចិត្ត នឹង​ការសម្រេច​ចាកចេញ​នេះ​ទេ សូម្បីតែ​អ្នក​ដែលមាន​និន្នាការ​ដូច​លោក Farage ក៏ដោយ​។ លោក Manfred Weber ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​អឺរ៉ុប ជា​ក្រុម​ស្ដាំនិយម​ក្នុង​សភា​អឺរ៉ុប ចាត់ទុក​ការលាលែង​របស់លោក Farage ជា​អំពើ​កំសាក​។ លោក​សរសេរ​លើ Twitter ថា លោក Farage ជា​មនុស្ស​កំសាក រត់ចោល​ពី​ចលាចល​ដែល​ខ្លួនឯង​បង្កើត ហើយ​នេះ​បង្ហាញថា លោក Farage មិនគួរ​ឲ្យ​ជឿជាក់​ទេ​៕


Tag:
 Brexit
  NigelFarage
 ​ អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com