អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយ​សុំទោស​រុស្ស៊ី តួក​គី​អាច​ឲ្យ​រុស្ស៊ី​ប្រើ​មូលដ្ឋានទ័ព Incirlik វាយ​ក្រុម IS
06, Jul 2016 , 8:39 am        
រូបភាព
 
​យោងតាម​សម្តី​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​លោក Mevlut Cavusoglu រដ្ឋាភិបាល​ក្រុង អង់កា​រ៉ា អាច​នឹង​អនុញ្ញាត​ឲ្យ​កងទ័ព​ជើង​អាកាស​រុស្ស៊ី​ប្រើប្រាស់​មូលដ្ឋាន​យោធា Incirlik​។ ការលើកឡើង​ពី​លទ្ធភាព​នៃ​ការអនុញ្ញាត​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​មូលដ្ឋានទ័ព​ខ្លួន​នេះ​កើតមានឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​តួ​ក​គី​សុំទោសរុស្ស៊ី និង​មានការ​ព្រមព្រៀងគ្នា​ស្តារ​ចំណង​ការទូត​ឡើងវិញ​។​



​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​លោក Mevlut Cavusoglu បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​លើកឡើងថា តួ​ក​គី​ប្រហែលជា​អាច​ផ្តល់​ភ្លើង​បៃតង​ដល់​រុស្ស៊ី​ដើម្បី​ប្រើប្រាស់​មូលដ្ឋាន​ទ័ពអាកាស​តួ​ក​គី Incirlik  ដើម្បី​តាម​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​។ 
 
​យោង​សារព័ត៌មាន​រុស្ស៊ី Sputnik លោក​រដ្ឋមន្ត្រី​តួ​ក​គី​បាន​បញ្ជាក់ថា​៖« យើង​នឹង​សហការ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​។ ហើយ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​នឹង បើក​មូលដ្ឋាន​ទ័ពអាកាស Incirlik ឲ្យ​អ្នក​គ្រប់គ្នា​ដែល​ចង់​ចូលរួម​ប្រយុទ្ធ​កម្ចាត់​ក្រុម​ភេរវជន​នេះ​។ ដូច្នេះ​មានរឿង​អី្វ​ដែលថា​យើង​មិនអាច​សហការ​ជាមួយ​រុស្ស៊ី​ទៅ​?»​។​
 
​សេចក្តីថ្លែងការណ៍​ដដែល​នោះបាន​សង្កត់ធ្ងន់ថា តួ​ក​គី​ត្រៀមលក្ខណៈ​រួចជាស្រេច​ហើយ​ដើម្បី​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​កម្ចាត់​សត្រូវ​រួមគ្នា​នៅពេល​ខាងមុខ​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​ប្រមុខ​ការទូត​តួ​ក​គី​នេះ ត្រូវបាន​ចេញផ្សាយ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ជំនួប​ពិភាក្សា​ទ្វេភាគី​មួយ​ត្រូវបាន​រៀបចំឡើង​រវាង​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី និង​សម​ភាគី​រុស្ស៊ី​លោក Sergei Lavrov​។ កិច្ចពិភាក្សា​នេះ​ផ្តោត​សំខាន់​លើ​ការលុបចោល​ទណ្ឌកម្ម​ប្រឆាំង​តួ​ក​គី និង​ស្តារ​ចំណង​ការទូត​ឡើងវិញ ក្រោយ​ប្រ​ធានា​ធីប​តី​តួ​ក​គីស​ម្រេច​សុំទោស​រុស្ស៊ី​ចំពោះ​ការបាញ់​យន្តហោះ​រុស្ស៊ី​ទម្លាក់​កាលពី​ចុង​ឆ្នាំមុន​នោះ​។​
 
​ត្រលប់​មកវិញ បច្ចុប្បន្ននេះ​កងទ័ព​រុស្ស៊ី កំពុង​ប្រើប្រាស់​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី នៅ​ខេ​ត​ត្ត Latakia ហើយ​មូលដ្ឋាន​ទ័ពអាកាស Incirlik នៅ​មិន​ឆ្ងាយ​ពី​ព្រំដែន​ស៊ី​រី​ឡើយ​។ ដូច្នេះ​បើសិន​មានការ​អនុញ្ញាត​មែន​នោះ វា​នឹង​ជួយ​សម្រួល​ដល់​អន្តរាគ​មន៍​និង​ការវាយប្រហារ​របស់​រុស្ស៊ី​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​។ ប៉ុន្តែ​គេ​មិនទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេ​ថា តើ​រុស្ស៊ី​និង​តួ​ក​គី​នឹង​ចាប់ផ្តើម​ពិភាក្សា​លើ​ការដាក់​ទ័ព​និង​ប្រើប្រាស់​មូលដ្ឋានទ័ព​នេះ​នៅពេលណា​ជាក់លាក់​នោះ​៕
 

Tag:
 ដែ​ស្ហ​
  Mevlut Cavusoglu
  Sergei Lavrov
© រក្សាសិទ្ធិដោយ thmeythmey.com