អន្តរជាតិ
ប៉ូលិសក្រុង Rio ធ្វើបាតុកម្មព្រោះមិនបានបើកប្រាក់ខែ ខណៈអូឡាំពិកកាន់តែជិតដល់
× នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ដែលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះនឹងមកដល់។ ប៉ុន្តែនៅឯទីក្រុង Rio de Janeiro ដែលកន្លែងប្រារព្ធពិធីដ៏ធំនេះ កំពុងតែរងវិបត្តិយ៉ាងខ្លាំង ដ្បិតមន្ត្រីប៉ូលិស និងអ្នកសង្គ្រោះបន្ទាន់ ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ក្រោយពួកគេ មិនបានបើកប្រាក់ខែនោះទេ។
អំពើហិង្សា ហាក់ដូចជាកើតឡើងខ្លាំង នៅឯទីក្រុង Rio de Janeiro ដែលជាម្ចាស់ផ្ទះនៃកីឡា អូឡាពិករដូវក្ដៅឆ្នាំ២០១៦ ខណៈដែលក្រុមមន្ត្រីប៉ូលិស កំពុងប្រឈមមុខជាមួយរដ្ឋាភិបាលរដ្ឋ Rio ដោយតវ៉ាថា ពួកគេមិនបានបើកប្រាក់ខែយូរមកហើយ។ មន្ត្រីប៉ូលិសទាំងនោះ បានផ្ញើសារច្បាស់ៗទៅឲ្យភ្ញៀវទេសចរថា ប៉ូលិសមិនអាចការពារភ្ញៀវទេសចរបានទេ។
នៅថ្ងៃទី៤ ខែកក្កដា ប៉ូលិសនៅរដ្ឋ Rio បានធ្វើបាតុកម្មនៅព្រលានយន្តហោះ ដោយលើកបដាថា «ស្វាគមន៍មកកាន់នរក»។ ក្រៅពីនោះ បដាខ្លះទៀតត្រូវបានសរសេរថា «ប៉ូលិស និងក្រុមអ្នកពន្លត់អគ្គីភ័យ មិនបានបើកប្រាក់ទេ ហើយអ្នកណាដែលមកលេង Rio de Janeiro នឹងមិនមានសុវត្ថិភាពទេ»។ នេះបើយោងតាមសារព័ត៌មាន CNN។
តាមពិតទៅ ការភ័យខ្លាច ឬគ្រោះថ្នាក់ មិនត្រឹមតែកើតឡើងចំពោះភ្ញៀវទេសចរ ដែលមកកាន់ទីក្រុងនេះនោះទេ សូម្បីតែប្រជាជនក្នុងស្រុកក៏រងផលប៉ះពាល់ផងដែរ។ ប្រជាជនក្នុងស្រុក ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពប៉ូលិស ដែលមានលក្ខណៈកាចសាហាវខ្លាំង។ លោក Higor da Silva ដែលរស់នៅក្នុង Rio និយាយថា ពួកគេមិនខ្វល់ថា មានក្មេងនៅកណ្ដាលឬអត់ទេ តែពួកគេដឹងតែបាញ់គោលដៅប៉ុណ្ណោះ។
យ៉ាងណាក្ដី មន្ត្រីសន្តិសុខប្រចាំរដ្ឋ Rio បានប្រាប់ CNN ថា នាពេលកន្លងមក ពួកគេបានចាត់វិធានការបណ្ដេញប៉ូលិស ដែលប្រើអំណាចហួសហេតុ និងបានបន្ថយការប្រើប្រាស់អាវុធធុនធ្ងន់ផងដែរ។ ចំណែកអភិបាលរដ្ឋ Rio លោក Eduardo Paes និយាយដែរថា រដ្ឋបាលរបស់លោក មិនបានបំពេញការងារត្រឹមត្រូវ លើការងារសន្តិសុខទេ ខណៈដែលកីឡាអូឡាំពិក នឹងចាប់ផ្ដើមនៅខែសីហាខាងមុខ។
ជាមួយគ្នានេះ បើទោះជាមានបញ្ហាក៏ដោយ អ្នករៀបចំកីឡាអូឡាពិក ក៏ធានាថា ខ្លូនត្រៀមរួចស្រេចដើម្បីដំណើការព្រឹត្តិការណ៍ដ៏ធំនេះ។ ក្នុងសន្និសីទ នៅថ្ងៃទី៥ ខែកក្កដា លោក Carlos Arthur Nuzman ប្រធានគណៈកម្មាធិការរៀបចំអូឡាំពិក២០១៦ និយាយថា ៖«យើងត្រៀមខ្លួនរួចរាល់ហើយ។ កម្មវិធីអាចធ្វឡើងថ្ងៃនេះក៏បានដែរ»។
ទន្ទឹមនឹងនេះ លោកអភិបាល Paes បានឯកភាពនឹងការលើកឡើងរបស់ប្រធានគណៈកម្មាធិការរៀបចំផងដែរ។ ប៉ុន្តែលោកបានព្រមានថា អ្នកទេសចរ មិនត្រូវរំពឹងថា អ្វីៗនឹងដូចនៅ ឈីកាហ្គោ ក្រុងឡុងដ៍ ឬក្រុងញូវយ៉ក នោះឡើយ។ លោកបញ្ជាក់ថា កម្រិតនៃការអភិវឌ្ឍ គឺខុសគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com