អន្តរជាតិ
នយោបាយអន្តរជាតិ
លោក គីម ជុងអ៊ុន ឡើងទម្ងន់
× ស្របពេលដែលអំណាចកើនឡើងជាលំដាប់នោះ មេដឹកនាំវ័យក្មេងកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏ឡើងទម្ងន់ច្រើនផងដែរ ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ២០១១។ ក្រៅពីឡើងគីឡូច្រើន មេដឹកនាំផ្ដាច់ការរូបនេះ នៅតែបណ្ដោយខ្លួនបរិភោគច្រើន និងកើតជម្ងឺសម្រាន្តមិនលក់ ព្រោះលោកខ្លាចត្រូវគេធ្វើឃាត។
ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និយាយថា មេដឹកនាំរបបកុម្មុយនីស្តកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកើនទម្ងន់ដល់ទៅ៤០គីឡូក្រាម នៅក្រោយការក្លាយជាមេដឹកនាំកំពូលកូរ៉េខាងជើង កាលពីបួនឆ្នាំមុន។ មិនតែប៉ុណ្ណោះ លោក គីម ជុងអ៊ុន នៅតែចូលចិត្តហូបច្រើន និងផឹកច្រើន ដើម្បីសម្របខ្លួននឹងការភ័យខ្លាចការធ្វើឃាត។
អង្គភាពចារកម្មដដែល បានប្រាប់កិច្ចប្រជុំបិទទ្វារសភាកូរ៉េខាងត្បូងថា លោក គីម ជុងអ៊ុន ដែលឡើងកាន់អំណាចពីឪពុករបស់លោកនោះ ក៏មានអាការៈគេងមិនលក់ផងដែរ។ ទាក់ទងនឹងរឿងឡើងទម្ងន់របស់មេដឹកនាំកូរ៉េខាងជើង លោក Lee Cheol-woo សមាជិកសភាមកពីបក្សកាន់អំណាច ប្រាប់អ្នកកាសែតថា ពេលកាន់អំណាចដំបូង លោក គីម ជុងអ៊ុន មានទម្ងន់៩០គីឡូក្រាម ប៉ុន្តែបន្តឡើងដល់១២០គីឡូក្រាម ក្នុងឆ្នាំ២០១៤។ លោក Lee បន្ថែមថា ឥឡូវនេះ មេដឹកនាំកូរ៉េខាងជើង អាចមានទម្ងន់១៣០គីឡូក្រាម។
ជាមួយគ្នានេះដែរ បើតាមសារព័ត៌មាន The Guardian ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានសន្មតថា លោក គីម ជុងអ៊ុន មានជម្ងឺសម្រាន្តមិនបាន និងបរិភោគច្រើន គឺព្រោះតែបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។ នេះក៏ដោយសារតែលោក គីម ជុងអ៊ុន បានបញ្ជាឲ្យបោសសម្អាតមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ នាពេលកន្លងទៅ ដែលរួមទាំងឪពុកមារបស់ខ្លួនម្នាក់ផងដែរ។
ដោយស្រង់ព័ត៌មានចេញពីរបាយការណ៍ចារកម្ម សមាជិកសភាលោក Lee Cheol-woo បញ្ជាក់ថា មេដឹកនាំកំពូលកូរ៉េខាងជើង តាមដានយ៉ាងដិតដល់ចំពោះការគំរាមកំហែងសុវត្ថិភាពលោក ដោយរួមទាំងមកពីយោធាផងដែរ។ មិនតែប៉ុណ្ណោះ លោក គីម ខ្វល់នឹងសុវត្ថិភាពផ្ទាល់ខ្លួនមែនទែន ហើយដោយសារតែលោកចូលចិត្តបរិភោគច្រើន បុរសវ័យ៣៣ឆ្នាំនេះ ទំនងជាកើតជម្ងឺមនុស្សពេញវ័យ។
សូមបញ្ជាក់ដែរថា ទាំងជីតារបស់លោក គឺស្ថាបនិកកូរ៉េខាងជើង គីម អ៊ីលស៊ុង និងឪពុករបស់លោក គឺលោក គីម ជុងអ៊ីល និងរួមទាំងលោក គីម ជុងអ៊ុន ដែរនោះ សុទ្ធតែដុះក្បាលពោះទាំងអស់គ្នា និងចេះជក់បារីដូចគ្នាទៀតផង។ លោក គីម អ៊ីលស៊ុង ដែលស្លាប់ក្នុងឆ្នាំ១៩៩៤ និងលោក គីម ជុងអ៊ីល ដែលស្លាប់ក្នុងឆ្នាំ២០១១ សុទ្ធតែបណ្ដាលមកពីគាំងបេះដូងទាំងអស់៕
Tag:
ប្លែក
កូរ៉េខាងជើង
គីមជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com