ជាតិ
អ្នកនាំពាក្យ​៖ គ្រួសារ​សម្តេច ហ៊ុន សែន រកស៊ី​ត្រឹមត្រូវ​
07, Jul 2016 , 11:25 am        
រូបភាព
​អង្គការ Global Witness តាមរយៈ​របាយការណ៍ Hostile Takeover បាន​ទម្លាយ​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​សាជីវកម្ម​របស់​គ្រួសារ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ របាយការណ៍​បាន​លើកឡើងថា គ្រួសារ​បុរស​ខ្លាំង បាន​ក្តោប​ក្តាប់​ក្រុមហ៊ុន​ក្នុងស្រុក​ជាង​១០០ និង​បាន​ភាគលាភ​ពី​ក្រុមហ៊ុន Brand ល្បីៗ ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ច្រានចោល​របាយការណ៍​របស់ Global Witness ដោយ​លោក​ចាត់ទុកថា របាយការណ៍​នេះ​បាន​វិនិច្ឆ័យ ក្នុង​ផ្លូវ​លម្អៀង ដោយ​ឃើញ​ស ថា​ខ្មៅ​។



​របាយការណ៍ Hostile Takeover (​
បណ្តាញ​នៃ​ក្រុមហ៊ុន​ដ៏​មហិមា​របស់​គ្រួសារ​កាន់អំណាច​នៅ​កម្ពុជា​)  ដែល​ចេញផ្សាយ​ដោយ​អង្គការ Global Witness ពី​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែកក្កដា នេះ បានផ្តល់​ទិន្នន័យ​នានា​ទាក់ទង​នឹង​សារ​ជីវ​កម្ម​គ្រួសារ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដឹកនាំ​កម្ពុជា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​។​

​តាម​របាយការណ៍ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ឆ្នាំ​២០១១  ដោយបាន​អះអាង​ប្រភព​ចំណូល​តែមួយគត់​របស់​សម្តេច មាន​ចំនួន​១១៥០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ឬ​១៣៨០០​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ ទាក់ទង​នឹង​បញ្ហា​នេះ Global Witness បានដាក់​ការងឿងឆ្ងល់ ដោយសារតែ​អ្នកជំនាញការ​នានា​ប៉ាន់​ស្មានថា គ្រួសារ​សម្តេច ហ៊ុន សែន មានទ្រព្យ​ចន្លោះ​ពី​៥០០​លាន ទៅ​១០០០​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​

Global Witness បាន​ចោទប្រកាន់​សម្តេច ហ៊ុន សែន ថា បាន​បំពាន​លើ​តួនាទី​ខ្លួន​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ដើម្បី​អនុញ្ញាត​ឲ្យ​សាច់ញាតិ​មានការ​កាន់កាប់​ទាំងស្រុង ឬក៏​មាន​ចំណែក​ភាគច្រើន​ក្នុង​ឧ​ស្សហកម្ម​សំខាន់ៗ ហើយក៏​ជា​មធ្យោបាយ​មួយ​ក្នុង​ការធានា​ឲ្យ​បាន​នូវ​បន្ទាយ​នយោបាយ​ដ៏​រឹងមាំ​។​

​របាយការណ៍ បាន​អះអាង​ពី​ការរកឃើញ​ប្រភព​ចំណូល​សំខាន់​របស់​គ្រួសារ​សម្តេចនាយក​រដ្ឋមន្ត្រី រួមមាន​ដូចជា​ការទទួល​បាន​ផល​លាភ​នានា​ពី​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​១១៤​ដែលមាន​ដើមទុន​ក្នុង​បញ្ជី​សរុប​ចំនួន​២០០​លាន​ដុល្លារ​អាមេរិក ហើយ​អាជីវកម្ម​ដែល​ផ្តល់​ប្រាក់ចំណេញ​បំផុត​គឺ​លើ​វិស័យ​ពាណិជ្ជកម្ម​ដោះដូរ​ទំនិញ ហិរញ្ញវត្ថុ ថាមពល និង​ទេសចរណ៍​។​

​ជាមួយគ្នានេះ​ផងដែរ Global Witness បាន​រកឃើញថា សមាជិកគ្រួសារ​ត្រកូល ហ៊ុន មាន​សម្ព័ន្ធ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ម៉ាក​លំដាប់​ពិភពលោក ដូចជា Visa, Unilever, Proctor & Gamble, Honda, Apple, Cannon និង Nokia ជាដើម​។​

​អង្គ​ការជំនាញ​ស៊ើបអង្កេត​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​មួយ​នេះ បាន​អះអាងថា ក្រុមការងារ​ស៊ើបអង្កេត​របស់ខ្លួន​បាន​ចំណាយពេល​ជាច្រើន​ខែ​ដើម្បី​ជីក​កកាយ​រក​ទិន្នន័យ​ទាក់ទង​នឹង​កម្មសិទ្ធិ​ក្នុង​ក្រុមហ៊ុន​នៅ​កម្ពុជា​។ Global Witness អះអាង​ផងដែរ​ថា ពួកគេ​បាន​សរសេរ​លិខិត​ផ្ញើជូន​សមាជិក​២៥​រូប​ក្នុង​គ្រួសារ​ត្រកូល ហ៊ុន រួមទាំង​ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដើម្បី​សុំ​ប្រតិកម្ម​តបត ប៉ុន្តែ​ពួកគេ​ទទួលបាន​ការឆ្លើយតប​តែ​ពី​លោក សុខ ពុ​ទ្ធី​វុ​ទ្ធ ដែលជា​កូនប្រសារ​របស់​សម្តេច ហ៊ុន សែន និង​ពី​សំណាក់​ក្រុមហ៊ុន​/​ស្ថាប័ន​ចំនួន​៦​ប៉ុណ្ណោះ​។​

​ជុំវិញ​ការផ្សាយ​របាយការណ៍រ​បស់ Global Witness ហើយ​ទទួល​នូវ​ការចាប់អារម្មណ៍​ពី​បណ្តាសារ​ព័ត៌មាន​ធំៗ​នៅលើ​ពិភពលោក អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ច្រានចោល​ភ្លាមៗ​ដោយ​លោក​ចាត់ទុកថា របាយការណ៍​នេះ​បាន​វិនិច្ឆ័យ ក្នុង​ផ្លូវ​លម្អៀង ដោយ​ឃើញ​ស ថា​ខ្មៅ​។​

​លោក សុខ ឥសាន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា សាជីវកម្ម​របស់​ក្រុមគ្រួសារ​សម្ដេច ហ៊ុន សែន គឺ​អនុវត្ត​ស្របតាម​នីតិវិធី​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។ អ្នកនាំពាក្យ​រូបនេះ បាន​ប្រតិកម្ម​តប​យ៉ាង​ដូច្នេះ​ថា​៖«​វា​មិនមាន​អ្វី​ចម្លែក​ទេ ព្រោះ​Global Witness តែងតែ​ចេញ​របាយការណ៍​ច​ង្អៀត​ច​ង្អល់ ទោះបីជា​ល្អ​ក៏ Global Witness មើល​មក​ក្នុង​ផ្លូវ​អាក្រក់​ដែរ​។ សាជីវកម្ម​ក្រុមគ្រួសារ​សម្ដេច គឺ​ធ្វើ​ត្រឹមត្រូវ​តាម​គោលការណ៍​នីតិវិធី​ច្បាប់​របស់​កម្ពុជា ព្រោះ​កម្ពុជា មាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ ក្រសួងពាណិជ្ជកម្ម​ជា​អ្នកតាមដាន​ត្រួតពិនិត្យ​វាយតម្លៃ​លើ​ជំនួញ​…​ហើយ​បើ​និយាយ​ពី​ជំនួញ​ក្នុង​វិស័យ​ធំៗ តែ​គេ​ឃើញ​ចំណេញ​គឺ​គេ​វិនិយោគ​ហើយ ព្រោះ​អ្នកណា​ក៏​ចង់​ចំណេញ​ដែរ តែ​ឲ្យ​ត្រូវ​តាមច្បាប់ ដូច្នេះ Global Witness គួរតែ​មើល​ច្បាប់​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្បាស់​មុននឹង​ចេញ​របាយការណ៍​»៕


Tag:
 Global Witness
  គ្រួសារ​សម្តេច ហ៊ុន សែន​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com