អន្តរជាតិ
អគ្គ​រដ្ឋអាជ្ញា​អាមេរិក​៖ គ្មាន​ការចោទប្រកាន់​លើ​លោកស្រី គ្លី​ន​តុ​ន លើ​ករណី​អ៊ី​ម៉ែ​ល​ទេ​
07, Jul 2016 , 12:15 pm        
រូបភាព
អគ្គរដ្ឋអាជ្ញាអាមេរិកលោកស្រី Loretta Lynch
អគ្គរដ្ឋអាជ្ញាអាមេរិកលោកស្រី Loretta Lynch
​នៅ​ថ្ងៃទី​៥ ខែកក្កដា ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) មិនបាន​ជំរុញ​ឲ្យ​មាន​ការដាក់​បណ្តឹង ព្រហ្មទណ្ឌ​ប្រឆាំង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុង​សំណុំរឿង​ប្រើប្រាស់​អ៊ី​ម៉ែ​ល​ឯកជន​ក្នុងពេល​បំពេញការងារ​សាធារណ​នោះ​។ មកដល់​ថ្ងៃទី​៦ ខែកក្កដា អគ្គ​រដ្ឋអាជ្ញា​អាមេរិក ក៏បាន​ឯកភាព​នឹង​ភ្នាក់ងារ FBI ដោយ​មិន​ការចោទប្រកាន់​ណាមួយ​ចំពោះ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​នោះទេ​។​



​អគ្គ​រដ្ឋអាជ្ញា​អាមេរិក​លោកស្រី Loretta Lynch បានទទួល​អនុសាសន៍​របស់​ភា្ន​ក់​ងារ​ស៊ើបអង្កេត​សហព័ន្ធ ដោយ​មិន​ធ្វើការ​ចោទប្រកាន់​ចំពោះ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន លើ​ករណី​ប្រើប្រាស់​អ៊ី​ម៉ែ​ល​ឯកជន ក្នុងពេល​ធ្វើជា​រដ្ឋមន្ត្រី​ការបរទេស​ទេ​។ លោកស្រី សម្រេច​ដូចនេះ បន្ទាប់​ជំនួប​ជាមួយ​ប្រធាន FBI លោក James Comey និង​អ្នកស៊ើប​អង្កេត​ដទៃទៀត ដែល​ចូលរួម​ក្នុង​សំណុំរឿង​មួយ​នេះ​។ 
 
​ក្នុង​សេចក្ដី​ការណ៍​របស់ខ្លួន អគ្គ​រដ្ឋអាជ្ញា​រូបនេះ និយាយថា លោកស្រី​ទទួល​អនុសាសន៍​ជា​ឯកច្ឆន្ទ​របស់ FBI ដែល​បន្ទាប់ពី​ការស៊ើបអង្កេត​យូរ​ឆ្នាំ​មកហើយ​នោះ សម្រេច​ថា នឹង​គ្មាន​ការដាក់​បណ្ដឹង​អ្វី​លើ​បុគ្គល ក្នុងការ​ស៊ើបអង្កេត​នេះ​ទេ​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា នៅមុននេះ លោកស្រី Lynch ក៏​ធ្លាប់​សន្យាថា នឹង​គោរព​ការសម្រេចចិត្ត​របស់ FBI និង​រដ្ឋអាជ្ញា លើ​ករណីនេះ បន្ទាប់ពី​លោកស្រី បាន​ជួប​ជាមួយ​លោក ប៊ី​ល គ្លី​ន​តុ​ន រូ​ចមក​។

​ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ នៅ​ថ្ងៃទី​៥ ខែកក្កដា បញ្ជាក់ថា លោកស្រី គ្លី​ន​តុ​ន នឹងមិន​រង​ការចោទប្រកាន់​អ្វី​ទេ ដោយ​អះអាងថា ការស៊ើបអង្កេត​របស់​ខ្លួន មិន​គាំទ្រ​ការកាត់ទោស​ឧក្រិដ្ឋ​ឡើយ​។ ប៉ុន្តែ​ការវាយតម្លៃ​របស់ FBI បាន​ត្រឹម​បង្ហាញថា លោកស្រី គ្លី​ន​តុ​ន មិន​យកចិត្តទុកដាក់ ដោយ​ផ្ញើ​ព័ត៌មាន​សំខាន់ តាមរយៈ​អ៊ី​ម៉ែ​ល​របស់ខ្លួន​។

​ទាក់ទិន​នឹង​រឿងនេះ ប្រមុខ FBI លោក James Comey នឹង​ទៅ​ផ្ដល់​សក្ខីកម្ម​ចំពោះមុខ​គណៈកម្មាធិការ​សភា​ផងដែរ​។ សមាជិក​គណៈកម្មាធិកា​រស​ភា ដែលមាន​សមាសភាព​ម​ក​ពី​បក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ នឹង​ចោទសួរ​លោក Comey លើ​សំណុំរឿង​ប្រើប្រាស់​អ៊ី​ម៉ែ​ល​របស់​លោកស្រី គ្លី​ន​តុ​ន​។  

​ការសម្រេចចិត្ត​របស់​អគ្គ​រដ្ឋអាជ្ញា​អាមេរិក មិនបាន​ធ្វើ​ឲ្យ​ក្រុម​សាធារណរដ្ឋ​សប្បាយចិត្ត​នោះទេ ជាពិសេស​បេក្ខជន​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ​។ ពី​យុទ្ធនាការ​នៅ​រដ្ឋ Cincinnati លោក ដូ​ណា​ល់ ត្រាំ បាន​ចោទ​លោកស្រី គ្លី​ន​តុ​ន ថា សូកប៉ាន់​លោកស្រី Lynch ដើម្បី​បិទ​សំណុំ​រឿងនេះ​។ លោក​បន្តថា ប្រសិនបើ​លោកស្រី គ្លី​ន​តុ​ន ជាប់ឆ្នោត​ធ្វើ​ប្រធានាធិបតី លោកស្រី នឹង​ស្នើ​ឲ្យ​លោកស្រី Lynch ធ្វើជា​អគ្គ​រដ្ឋអាជ្ញា​បន្តទៀត​។ មិនតែប៉ុណ្ណោះ សមាជិកសភា និង​ព្រឹទ្ធសភា​របស់​បក្ស ក៏​ខក​ចិត្តនឹង​ការសម្រេច​ខាងលើ ដោយ​និយាយថា លោកស្រី គ្លី​ន​តុ​ន ធ្វើ​ខុសច្បាប់ និង​បាន​កុហក​រឿងនេះ​៕


Tag:
 អាមេរិក​
  ​ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com