ជាតិ
​ក្រុម​មេធាវី​ស្នើ​ឲ្យ​តុលាការ ទម្លាក់​ការចោទប្រកាន់​លើ​ឯកឧត្តម កឹម សុខា​
08, Jul 2016 , 12:47 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃទី​៨ ខែកក្កដា​នេះ សហ​មេធាវី នឹងដាក់​លិខិត​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា លើកលែង​ការចោទប្រកាន់​លើ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ឯកឧត្តម កឹម សុខា ត្រូវបាន​ចោទ​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ​ចាត់ទុក ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។​



​ការដាក់​លិខិត​ទៅកាន់​អង្គការ​អយ្យការ​នៅថ្ងៃនេះ គឺ​ដើម្បី​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា តម្កល់​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា ទុក​ឥត​ចាត់ការ​។ សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា មិនអាច​ត្រូវបាន​បញ្ជូនទៅ​ជំនុំជម្រះ​នោះទេ ហើយ​អនុប្រធាន​បក្សប្រឆាំង​រូបនេះ ថែមទាំង​អាច​រួច​ផុតពី​ក្តីក្តាំ​ង​នៅ​តុលាការ​ផងដែរ ប្រសិនបើ​ព្រះរាជអាជ្ញា ធ្វើតាម​សំណើ​របស់​ក្រុម​មេធាវី​។ នេះ​បើតាម​ការអះអាង​របស់​លោក ហែម សុជាតិ មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប​របស់​ឯកឧត្តម កឹម សុខា​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហែម សុជាតិ បាន​លើកឡើងថា ប្រសិនបើ​រាជអាជ្ញា ច្រានចោល​សំណើ​របស់​មេធាវី នោះ​ព្រះរាជអាជ្ញា នឹងធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​លើ​សំណុំរឿង​ឯកឧត្តម កឹម សុខា ហើយ​បញ្ជូន​ទៅកាន់​ចៅក្រម​ស៊ើបសួរ​សាជាថ្មី​។ លោក បន្ថែមទៀតថា សេចក្តីសន្និដ្ឋាន​ស្ថាពរ​របស់​ព្រះរាជអាជ្ញា មាន​២​ប្រភេទ  គឺ​ទី​១. សេចក្តីសន្និដ្ឋាន​ជំនុំជម្រះ និង​ទី​២ សេចក្តីសន្និដ្ឋាន​ទុក​ឥត​ចាត់ការ​។

​មេធាវី​រូបនេះ ពន្យល់ថា ចៅក្រម​ស៊ើបសួរ​នឹង​បញ្ជូន​សំណុំរឿង​ឯកឧត្តម កឹម សុខា ទៅ​ជំនុំជម្រះ​ជាមិនខាន បើ​ព្រះរាជអាជ្ញា ធ្វើ​សេចក្តីសន្និដ្ឋាន​ឲ្យ​ជំនុំជម្រះ​។ ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ មិន​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​ឡើយ ប្រសិនបើ​ព្រះរាជអាជ្ញា​ធ្វើ​សេចក្តីសន្និដ្ឋាន​ទុក​ឥត​ចាត់ការ​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៦ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ចប់​នីតិវិធី​ស៊ើបសួរ លើ​រឿងក្តី​របស់​ឯកឧត្តម កឹម សុខា​។ ក្រោយ​បិទ​ការសាកសួរ សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា ត្រូវបាន​បញ្ជូន​ទៅកាន់​ស្ថាប័ន​អយ្យការ​វិញ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា ធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​។ នៅពេល​ព្រះរាជអាជ្ញា ធ្វើ​សេចក្តី​ស​និ្ន​ដ្ឋា​ន​ស្ថាពរ​រួចរាល់ សំណុំរឿង​នឹងត្រូវ​បញ្ជូនទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​វិញ​៕


Tag:
 តុលាការ​
  មេធាវី​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com