អន្តរជាតិ
តើការលាលែងតំណែងបង្ហាញពីការទទួលខុសត្រូវរបស់អ្នកនយោបាយអង់គ្លេស?
× បន្ទាប់ពីរៀបចំប្រជាមតិកំណត់ជោគវាសនាចក្រភពអង់គ្លេស អ្នកនយោបាយជាច្រើនដែលមានទាំងអ្នកដែលគាំទ្រការចាកចេញពីសហភាពអឺរ៉ុប និងអ្នកគាំទ្រឲ្យអង់គ្លេសនៅក្នុងអឺរ៉ុប បានលាលែងពីតំណែង និងខ្លះទៀតបានដកខ្លួនចេញឈប់ពាក់ព័ន្ធបញ្ហានេះ។ ការលាលែងពីតំណែងក្ដី ឬការដកខ្លួនក្ដី សុទ្ធតែជះផលអវិជ្ជមាន ទៅលើនយោបាយក្នុងស្រុក ក៏ដូចជាធ្វើឲ្យស្ថានភាពមិនច្បាស់លាស់ក្នុងទំនាក់ទំនងជាមួយអឺរ៉ុប កាន់តែអូសបន្លាយទៅមុខទៀត ។
សូមស្ដាប់ព័ត៌មានលម្អិត៖
គិតត្រឹមពេលនេះ វាមានរយៈពេលពីរសប្ដាហ៍ហើយ បន្ទាប់ពីដឹងលទ្ធផលនៃប្រជាមតិ។ ក្នុងរយៈពេលនេះ ថ្នាក់ដឹកនាំសំខាន់ៗ បានប្រកាសចេញតំណែងរបស់ខ្លួន ក្រោយពីនាំគ្នាធ្វើឲ្យអនាគតទំនាក់ទំនងរវាងអង់គ្លេស និងអឺរ៉ុបស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នោះ។ មូលហេតុនៃការលាលែងពីតំណែង ទំនងជាការបង្ហាញពីការទទួលខុសត្រូវ ប៉ុន្តែទាំងនាយករដ្ឋមន្ត្រី ដេវីដ ខេមេរ៉ូន និងមនុស្សមួយចំនួនដែលចេញពីតំណែង សុទ្ធតែមានចំណែកក្នុងរុញច្រានឲ្យអង់គ្លេសធ្លាក់ក្នុងស្ថានភាពដូចបច្ចុប្បន្ន។
មួយថ្ងៃក្រោយការធ្វើប្រជាមតិ គឺថ្ងៃទី២៤ ខែមិថុនា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក ដេវីដ ខេមេរ៉ូន បានប្រកាសលាលែងពីតំណែង។ លោក ខេមេរ៉ូន ដែលជាអ្នកផ្ដួចផ្ដើមការធ្វើប្រជាមតិនោះ បានជំទាស់យ៉ាងដាច់ខាត ចំពោះការចាកចេញរបស់ចក្រភពអង់គ្លេស ប៉ុន្តែលោកមិនអាចជំទាស់ចិត្តពលរដ្ឋអង់គ្លេស ដែលជ្រើសរើសការចាកចេញបានទេ។
នរណាៗក៏ដឹងដែរថា ដើមហេតុដែលនាំឲ្យមានការធ្វើប្រជាមតិថ្ងៃទី២៣ ខែមិថុនា គឺជាលទ្ធផលនៃល្បែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ខេមេរ៉ូន ខ្លួនឯង។ នេះក៏ដោយសារតែលោកជាអ្នកសន្យាជាមួយប្រជាជនអង់គ្លេស ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតសភា ក្នុងឆ្នាំ២០១៥។
១. ដើរចេញដើម្បីទទួលខុសត្រូវ ឬជាការគេចវេសពីទំនួលខុសត្រូវ?
គេអាចយល់បានថា ការលាលែងពីតំណែង និងប្រគល់ភារកិច្ចចរចាជាមួយសហភាពអឺរ៉ុបដល់នាយករដ្ឋមន្ត្រីថ្មី ជាអ្នកសម្រេចនោះ ប្រៀបដូច ដុតភ្លើងហើយ ទុកឲ្យអ្នកដទៃជាអ្នកពន្លត់ដូច្នោះដែរ។ ជាការពិតលោក ខេមេរ៉ូន ចាកចេញពីតំណែង ដើម្បីបង្ហាញពីការទទួលខុសត្រូវ ព្រោះលោកមិនអាចបញ្ចុះបញ្ចូលពលរដ្ឋអង់គ្លេស ឲ្យជ្រើសរើសការបន្តជាសមាជិកអឺរ៉ុបបាន។ ប៉ុន្តែរឿងរ៉ាវ ដែលឈានដល់ដំណាក់កាលនេះ ក៏បណ្ដាលមកពីលោកផ្ទាល់ដែរ។
ត្រលប់ទៅមើល លោក Nigel Farage ដែលជាអ្នកនយោបាយស្ដាំនិយម និងមាននិន្នាការប្រឆាំងនឹងសមាជិកភាពរបស់អង់គ្លេសនៅក្នុងអឺរ៉ុបវិញនោះ បែរជាប្រកាសលាលែងពីតំណែងប្រធានគណបក្សអង់គ្លេសឯករាជ្យ (UKIP) ដែរ។ លោកបានអះអាងថា លោកសម្រេចចិត្តចាកចេញពីគណបក្ស ព្រោះគោលដៅរបស់លោកបានសម្រេចហើយ។ នោះគឺចក្រភពអង់គ្លេស បានជ្រើសរើសយកការចាកចេញពីអឺរ៉ុប តាមបំណងរបស់លោក។ ប៉ុន្តែគេមិនយល់ថា ហេតុអ្វីនៅពេលចុងក្រោយ លោកបែរជាដើរចេញទៅវិញ។
ក្រៅពីលោក Farage អតីតអភិបាលក្រុងឡុងដ៍ លោក បូរីស ចនសុន (Boris Johnson) ដែលត្រូវបានគេចាត់ទុកថា ជាបេក្ខជននាំមុខសម្រាប់តំណែងនាយករដ្ឋមន្ត្រីជំនួសលោក ខេមេរ៉ូន បែរជាដកខ្លួនចេញពីការប្រជែងតំណែងនេះទៅវិញ។ នេះប្រហែលជាលោកដឹងមុនថា ធ្វើជានាយករដ្ឋមន្ត្រី នឹងរងបន្ទុកការងារធ្ងន់ៗមិនខានឡើយ ជាពិសេសនោះ គឺការចរចាជាមួយសហភាពអឺរ៉ុបតែម្ដង។
២.អ្នកថ្មី នឹងរងថ្មបាក់ជំនួសអ្នកដែលចាកចេញ
នៅពេលនេះ គណបក្សអភិរក្ស កំពុងតែរៀបចំជ្រើសរើសអ្នកបន្តវេនពីលោកនាយករដ្ឋមន្ត្រី ដេវីដ ខេមេរ៉ូន ដែលនឹងចេញពីតំណែងក្នុងអំឡុងខែតុលាខាងមុខ។ សមាជិកសភា មកពីគណបក្សនេះ កំពុងតែសម្រេចចិត្តក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជំនួសលោក ខេមេរ៉ូន ឬអាចនិយាយថា រកអ្នកដែលមករងថ្មបាក់ជំនួសគេ។
បន្ទាប់ពីការបោះឆ្នោតពីរជុំកន្លងទៅ ក្នុងចំណោមសមាជិកសភារបស់គណបក្សអភិរក្ស គេជ្រើសបានបេក្ខភាពពីររូប សម្រាប់ការបោះឆ្នោតជុំចុងក្រោយ ដែលអ្នកឈ្នះនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស។ រដ្ឋមន្ត្រីមហាផ្ទៃ លោកស្រី Theresa May និងរដ្ឋមន្ត្រីថាមពល លោកស្រី Andrea Leadsom នឹងប្រជែងគ្នាសម្រាប់កៅអីនាយករដ្ឋមន្ត្រី ដែលលោក ខេមេរ៉ូន បោះបង់។ បើតាមសារព័ត៌មាន BBC សមាជិកបក្សអភិរក្ស នឹងសម្រេចចុងក្រោយលើបេក្ខភាពទាំងពីរ ខណៈលទ្ធផលនឹងប្រកាសនៅថ្ងៃទី៩ ខែកញ្ញា។
លោកស្រី Theresa May ដែលជាអ្នកគាំទ្រឲ្យចក្រភពអង់គ្លេសបន្តជាសមាជិកអឺរ៉ុប ត្រូវគេមើលឃើញថា ជាបេក្ខភាពនាំមុខសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ ប្រសិនបើជាប់ឆ្នោត លោកស្រី នឹងត្រូវរងបន្ទុកដ៏ធំ ក្នុងការដោះស្រាយបញ្ហាការចាកចេញជាមួយសហភាពអឺរ៉ុប និងអនាគតរបស់ចក្រភពអង់គ្លេស នៅក្រោយការចាកចេញពីអឺរ៉ុបផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com