អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង គំរាម​អាមេរិក​និង​កូរ៉េខាងត្បូង លើ​ការពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​
11, Jul 2016 , 11:06 am        
រូបភាព
 
 
​ក្រោយ​ចរចា​គ្នា​អស់​ពេល​យូរ​ល្មម​រួចមក អាមេរិក​និង កូរ៉េខាងត្បូង​បាន​ឯកភាពគ្នា​លើ​គម្រោង​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទំនើប​របស់​អាមេរិក THAAD ទៅកាន់​កូរ៉េខាងត្បូង​ដើម្បី​ទប់ទល់​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។ ភ្លាមៗ​បន្ទាប់ពី​ការឯកភាព​គ្នា​លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ យោធា​កូរ៉េខាងជើង ក៏​ប្រកាសថា ខ្លួន​នឹងធ្វើ​ការឆ្លើយតប​ខ្លាំងៗ​វិញ​មិន​ខាន​។​

 
​ផែនការ​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល (THAAD) រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេ​អ៊ូ​ល  ត្រូវបាន​អនុម័ត​នៅ​ថ្ងៃទី​៩ ខែកក្កដា​។ កូរ៉េខាងជើង​ដែល​ដឹងខ្លួន​ថា ខែល​ការពារ​នេះ ដាក់​តម្រង់​មក​ខ្លួន​នោះ មិន​សប្បាយចិត្ត​នោះទេ និង​បានប្រកាសថា នឹងធ្វើ​សកម្មភាព​វាយបក​ចំពោះ​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ ដោយ​គ្មាន​ត្រា​ប្រណី​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃទី​១១ ខែកក្កដា យោធា​កូរ៉េខាងជើង​និយាយថា ខ្លួន នឹង​ចាត់វិធានការ​ឆ្លើយតប នៅពេលដែល​ពេលវេលា​ជាក់លាក់ និង​ទីកន្លែង​នៃ​ឧបករណ៍​បម្រើការ​ឈ្លានពាន​របស់​អាមេរិក ត្រូវបាន​ពង្រាយ​នៅ​កូរ៉េខាងត្បូង​។ សេចក្ដីថ្លែងការណ៍ ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង (KCNA) បន្តថា វា​ជា​ឆ​ន្ទះ​មិន​ងាករេ​របស់​កងទ័ព​កូរ៉េខាងជើង ក្នុងការ​សងសឹក​ដោយ​គ្មាន​មេត្តា​។ 
 
​លើសពីនោះ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters កូរ៉េខាងជើង ក៏​ព្រមាន​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង ក្លាយជា​សមុទ្រ​ភ្លើង និង​ជា​គំនរ​ផេះផង់ ប្រសិនបើ​មាន​បញ្ជា​ឲ្យ​វាយប្រហារ​។ ជា​ញឹកញយ កូរ៉េខាងជើង តែង​គំរាម​វាយប្រហារ​កូរ៉េខាងត្បូង និង​ផលប្រយោជន៍​អាមេរិក នៅក្នុង​ទ្វីប អាស៊ី ក៏ដូចជា​តំបន់​ប៉ាស៊ីហ្វិក​ផងដែរ​។​
 
​ងាក​មក​ការពង្រាយ​ខែល​ការពារ​វិញ ទីតាំង​នៃ​ទីតាំង និង​ពេលវេលា នៅ​មិនទាន់​បានកំណត់​ទេ​។ មន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​និយាយថា ការជ្រើសរើស​ទីតាំង​សម្រាប់​ប្រព័ន្ធ​ការពារ អាច​នឹង​សម្រេច​នៅពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ ហើយ​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន កំពុងតែ​ញាប់ដៃ ដើម្បី​ដំណើការ​ប្រព័ន្ធ​ការពារ​នេះ នៅត្រឹម​ចុងឆ្នាំ​២០១៧​ខាងមុខ​។ 
 
​កូរ៉េខាងត្បូង និង​អាមេរិក បញ្ជាក់ថា ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ គឺ​ដើម្បី​ការពារ​ទាហាន​សហរដ្ឋអាមេរិក នៅ​កូរ៉េខាងត្បូង​។ ក្រោយ​បញ្ចប់សង្គ្រាម​កូរ៉េ​ឧបទ្វីប​កូរ៉េ អាមេរិក នៅបាន​រក្សា​កងទ័ពរ​បស់​ខ្លួន​ចំនួន​ជិត​បី​ម៉ឺន​នាក់ ដើម្បី​ជួយ​ក្រុង​សេ​អ៊ូ​ល ពី​ការវាយប្រហារ​ណាមួយ​។ ជាមួយគ្នានេះ ទាំង​អាមេរិក និង​កូរ៉េខាងត្បូង អះអាងថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ សំដៅ​តែ​ការវាយប្រហារ​នុយក្លេអ៊ែរ​ដោយ​កូរ៉េខាងជើង​មួយ​ប៉ុណ្ណោះ និង​មិន​សំដៅលើ​ប្រទេស​ទី​បី​ណា​ទេ​។ 
 
​ចិន និង​រុស្សី សុទ្ធតែ​ព្រួយបារម្ភ​ចំពោះ​ការពង្រាយ​ខែល​ការពារ​នេះ ខណៈ​កន្លងមក ក៏​តែង​ប្រឆាំង​ដាច់ខាត នឹង​ការពង្រាយ​នេះ​។ ទាំង​ក្រុង​ប៉េកាំង និង​ក្រុង​មូ​ស្គូ ចាត់ទុក ការពង្រាយ​នេះ ជាការ​គំរាមកំហែង​ដល់​ផលប្រយោជន៍ និង​សន្តិសុខ​របស់ខ្លួន ក៏ដូចជា​ប៉ះពាល់​ដល់​ស្ថិរភាព​តំបន់​ទាំងមូល​ផងដែរ​៕   
 
   

Tag:
 កូរ៉េខាងត្បូង​
 ​កូរ៉េខាងជើង​
 ​អាមេរិក​
 THAAD
© រក្សាសិទ្ធិដោយ thmeythmey.com