អន្តរជាតិ
បក្សកាន់អំណាចអូស្ដ្រាលី ឈ្នះការបោះឆ្នោតសភាទាំងលំបាកលំបិន
× បន្ទាប់ពីការប្រកួតប្រជែងស្វិតស្វាញរួចមក នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានប្រកាសជោគជ័យក្នុងការបោះឆ្នោតសភា ខណៈដែលមេបក្សប្រឆាំង បានប្រកាសទទួលស្គាល់បរាជ័យរួចមក។ លោកនាយករដ្ឋមន្ត្រី Turnbull នឹងដឹកនាំរដ្ឋាភិបាលចម្រុះថ្មី ជាមួយនឹងក្រុមសម្ព័ន្ធភាពអភិរក្សរបស់លោក។
ក្នុងសន្និសីទកាសែត នៅថ្ងៃទី១០ ខែកក្កដា នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull បានប្រកាសថា ក្រុមចម្រុះរបស់លោក ទទួលបានជ័យជម្នះហើយ។ ការប្រកាសរបស់លោក Turnbull ធ្វើឡើង ខណៈដែលគណៈកម្មការរៀបចំការបោះឆ្នោតអូស្ត្រាលី ប៉ាន់ស្មានថា ក្រុមសម្ព័ន្ធភាពអភិរក្ស ដែលដឹកនាំដោយបក្សសេរីនិយមរបស់លោកនាយករដ្ឋមន្ត្រី Malcolm Turnbull នឹងទទួលបានសំឡេងគាំទ្រ៧៦កៅអី ដែលជាសំឡេងភាគច្រើនក្នុងសភា។
លោកនាយករដ្ឋមន្ត្រី Turnbull ក៏សារភាពដែរថា ការបោះឆ្នោតលើកនេះ ពិតជាតឹងតែងមែនទែន។ ជាមួយការរាប់សន្លឹកឆ្នោត ដែលជិតនឹងបញ្ចប់ដែរនោះ គណបក្សប្រឆាំងរបស់ប្រទេសនេះ ក៏ប្រកាសទទួលបរាជ័យផងដែរ។
ថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី១០ កក្កដាដែរនោះ ប្រធានបក្សពលករ លោក Bill Shorten និយាយថា វាគឺច្បាស់ណាស់ថា លោក Turnbull និងក្រុមសម្ព័ន្ធភាពរបស់លោក នឹងបង្កើតរដ្ឋាភិបាលថ្មី។ ប្រធានបក្សប្រឆាំងរូបនេះ ក៏សង្ឃឹមដែរថា លោក Turnbull នឹងដឹកនាំរដ្ឋាភិបាលល្អមួយ។ លោកបន្តថា លោកបានសាទរដល់លោក Turnbull ចំពោះជ័យជម្នះនេះផងដែរ។
នៅបន្ទាប់ពីយុទ្ធនាការបោះឆ្នោត៨សប្ដាហ៍ ដែលបញ្ចប់នៅថ្ងៃទី២ ទាំងបក្សពលករ និងសម្ព័ន្ធភាពអភិរក្ស សុទ្ធតែមិនទាន់ប្រកាសបរាជ័យនោះទេ ដ្បិតគេមិនច្បាស់លាស់ ថា គណបក្សណាទទួលសំឡេងនាំមុខនោះទេ។ បើតាមសារព័ត៌មាន The New York Times គណបក្សពលករត្រូវទស្សទាយថា ទទួលបានសំឡេង៦៩ ខណៈគណបក្សបៃតង បានមួយសំឡេង។ ចំណែក លទ្ធផលចុងក្រោយនៃការរាប់សន្លឹក ទំនងជាប្រកាសនៅថ្ងៃទី១៥ ខែកក្កដា។
ថ្វីបើទទួលជ័យជម្នះសភាក៏ដោយ រដ្ឋាភិបាលថ្មីរបស់លោក Turnbull ត្រូវដោះស្រាយជាមួយព្រឹទ្ធសភា ដែលទីនោះក្រុមឯករាជ្យស្ដាំនិយម និងឆ្វេងនិយម ក៏ដូចជាបក្សសំឡេងតិច មានឥទ្ធិពល។ ក្រុមបក្សទាំងនោះ អាចនឹងរារាំងការអនុម័តច្បាប់ នៅក្នុងសភាបានដែលបញ្ហានេះ អាចនឹងបណ្ដាលឲ្យមានការជាប់គាំងមិនខានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com