អន្តរជាតិ
បក្សប្រឆាំងអង់គ្លេស ស្នើឲ្យមានការបោះឆ្នោតមុនអាណត្តិ លោកស្រី Theresa May ក្លាយជាបេក្ខជនតែមួយសម្រាប់ប្រជែងយកតំណែងនាយករដ្ឋមន្ត្រីថ្មី ជំនួសលោក ដេវីដ ខេមេរ៉ូន
× គណបក្សពលករ ដែលជាគណបក្សប្រឆាំងនៅចក្រភពអង់គ្លេស បានស្នើឲ្យការបោះឆ្នោតមុនអាណត្តិ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពី លោកស្រី Theresa May ក្លាយជាបេក្ខជនតែមួយសម្រាប់ប្រជែងយកតំណែងនាយករដ្ឋមន្ត្រីថ្មី ជំនួសលោក ដេវីដ ខេមេរ៉ូន សម្រាប់ការបោះឆ្នោតផ្ទៃក្នុងរបស់គណបក្សអភិរក្ស ដែលកំពុងកាន់អំណាច។
ខណៈដែល រដ្ឋមន្ត្រីមហាផ្ទៃ លោកស្រី Theresa May រំពឹងថា នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ដោយគ្មានគូប្រជែងនោះ គណបក្សប្រឆាំងរបស់ចក្រភពអង់គ្លេស បានស្នើឲ្យមានការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ។ លោកស្រី Theresa May នៅថ្ងៃទី១១ ខែកក្កដា បានក្លាយជាបេក្ខភាពតែម្នាកគត់ សម្រាប់តំណែងនាយករដ្ឋមន្ត្រី ស្របពេលដែល រដ្ឋមន្ត្រីថាមពល លោកស្រី Andrea Leadsom បោះបង់ការប្រជែងនេះ។
អ្នកសម្របសម្រួលការបោះឆ្នោតរបស់បក្សពលករ លោក Jon Trickett និយាយថា វាជារឿងសំខាន់សម្រាប់ចក្រភពអង់គ្លេស ដែលមាននាយករដ្ឋមន្ត្រីកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ ហើយលោក ក៏បានហៅថាជ្រើសរើស លោកស្រី May ថាជាការលើកឲ្យកាន់អំណាច។ លោកបន្តថា ឥឡូវនេះ វាទំនងជាមានការឡើងកាន់អំណាច នៃនាយករដ្ឋមន្ត្រីថ្មី របស់បក្សអភិរក្សហើយ។
ជាមួយនឹងស្ថានភាពមិនច្បាស់លាស់ នៅក្រោយការចាកចេញពីចក្រភពអង់គ្លេស លោក Trickett បញ្ជាក់ថា អង់គ្លេស ត្រូវតែមាននាយករដ្ឋមន្ត្រីចេញពីការបោះឆ្នោត ហើយបក្សពលករ ស្នើឲ្យមានការបោះឆ្នោតទូទៅមួយ។ លោកសង្កត់ធ្ងន់ទៀតថា នេះជាពេលដែលបក្សពលករ ត្រូវរួបរួមគ្នា និងធានាថា ប្រជាជនរាប់លាននាក់ ដែលប៉ះពាល់ដោយបញ្ហាសេដ្ឋកិច្ច មានឱកាសជ្រើសរើសរដ្ឋាភិបាល ដែលមកពីបក្សពលករ។
បើតាមសារព័ត៌មាន The Independent ក្រៅពីបក្សពលករ គណបក្សបៃតង ក៏ស្នើឲ្យមានការបោះឆ្នោតមុនអាណត្តិដែរ។ លោកស្រី Caroline Lucas សមាជិកសភានៃបក្សបៃតង និយាយដែរថា ការដកខ្លួនរបស់លោកស្រី Leadsom បង្ហាញពីការចាំបាច់ ក្នុងរៀបចំការបោះឆ្នោតទូទៅក្នុងឆ្នាំ២០១៦ ដែលនេះជាអ្វីដែលបក្សនេះចង់បាន ចាប់តាំងពីប្រជាមតិថ្ងៃទី២៣ ខែមិថុនាមកម្លេះ។
យ៉ាងណាមិញ គេមិនរំពឹងថា សំណើនេះ ទទួលបានចម្លើយវិជ្ជមាននោះទេ។ ក្នុងអំឡុងពេលការប្រជែងសម្រាប់តំណែងនាយករដ្ឋមន្ត្រី លោកស្រី Theresa May បញ្ជាក់ហើយថា គ្មានបោះឆ្នោតមុនអាណត្តិឡើយ ប្រសិនបើលោកស្រីជាប់ជានាយករដ្ឋមន្ត្រីថ្មី។ កាន់តែច្បាស់ទៅទៀត នៅពេលនេះ លោកស្រី នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់អង់គ្លេស ជំនួសលោក ដេវីដ ខេមេរ៉ូន ដោយរង់ចាំតែការបញ្ជាក់ផ្លូវការពីបក្សអភិរក្សប៉ុណ្ណោះ៕
Tag:
ចក្រភពអង់គ្លេស
Brexit
© រក្សាសិទ្ធិដោយ thmeythmey.com