អន្តរជាតិ
ភាគីជម្លោះស៊ូដង់ខាងត្បូងប្រកាសបទឈប់បាញ់ ក្រោយ UN ដាក់សម្ពាធ
× មេដឹកនាំនៃភាគីជម្លោះនៅស៊ូដង់ខាងត្បូង បានប្រកាសអនុវត្តបទឈប់បាញ់ រវាងកងកម្លាំងគាំទ្រប្រធានាធិបតី និងកងកម្លាំងស្មោះនឹងអនុប្រធានាធិបតី ដែលអំពើហិង្សាបានសម្លាប់មនុស្សជិតបីរយនាក់រួចមក។ ការប្រកាសបទឈប់បាញ់នេះធ្វើឡើង បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើឲ្យក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្មជួញដូរអាវុធ បន្ទាន់មួយលើរដ្ឋក្មេងខ្ចីនេះ។
ប្រធានាធិបតីស៊ូដង់ខាងត្បូង លោក Salva Kiir បានប្រកាសបទឈប់បាញ់ និងការផ្អាកសកម្មភាពប្រទូស្តរ៉ាយជាឯកតោភាគី និងបានបញ្ជាឲ្យកងកម្លាំងរដ្ឋាភិបាលរបស់លោក បញ្ឈប់ការប្រយុទ្ធគ្នា ជាមួយកងកម្លាំងអនុប្រធានាធិបតី លោក Riek Machar។ អំពើហិង្សារវាងកម្លាំងទាំងពីរ នាពេលប៉ុន្មានថ្ងៃមកនេះ បណ្ដាលឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត។
បទបញ្ជាខាងលើនេះ ត្រូវបានប្រកាសនៅថ្ងៃទី១១ ខែកក្កដា ដោយលោក Ateny Wek Ateny ជាអ្នកនាំពាក្យលោកប្រធានាធិបតី Kiir។ ហើយភ្លាមៗ បន្ទាប់ពីភាគីប្រធានាធិបតីប្រកាសបទឈប់បាញ់ អនុប្រធានាធិបតី Machar ក៏ឆ្លើយតបជាវិជ្ជមានផងដែរ។ លោក Machar បានបញ្ជាឲ្យកងទ័ពរបស់លោក បញ្ឈប់ការវាយប្រយុទ្ធគ្នាផងដែរ។
អ្នកនាំពាក្យរូបនេះ បានប្រាប់ទូរទស្សន៍ Al Jazeera ថា លោកប្រធានាធិបតី Kiir បាននិយាយជាមួយលោក Machar ដោយផ្ដោតលើការគ្រប់គ្រងកងកម្លាំងភាគីរៀងៗខ្លួន ដើម្បីស្រោចស្រង់អ្វីដែលគេហៅថា កិច្ចព្រមព្រៀងសន្តិភាព។
សូមរម្លឹកថា កងកម្លាំងខាងប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salva Kiir និងកងកម្លាំងនៃបដិបក្ខរបស់លោកគឺលោកអនុប្រធានាធិបតី Riek Machar បានចាប់ផ្តើមប៉ះទង្គិចគ្នាតាំងពីថ្ងៃព្រហស្បតិ៍ដល់សុក្រ និងបានរីករាលកាន់តែធ្ងន់ធ្ងរខ្លាំងនៅថ្ងៃទី១០ ខែកក្កដា នៅកណ្តាលរដ្ឋធានី Juba តែម្ដង។ យ៉ាងណាមិញ ការផ្ទុះអាវុធនេះមិនទាន់ដឹងពីមូលហេតុច្បាស់នោះទេ ដ្បិតភាគីទាំងសងខាង បានចោទគ្នាទៅវិញទៅមកថា បានបើកការវាយប្រហារមុន។
គេ កំពុងព្រួយបារម្ភថា សង្គ្រាមស៊ីវិល នឹងវិលត្រលប់មករកប្រទេសដែលទើបតែទទួលបានឯករាជ្យថ្មីថ្មោងមួយនេះ។ ការប៉ះទង្គិច កំពុងតែរីករាលពីមួយថ្ងៃទៅមួយថ្ងៃ។ នៅថ្ងៃទី១១ ខែកក្កដានេះ ថា រថគ្រោះជាគ្រឿងត្រូវបានដាក់ពង្រាយនៅតាមវិថីនៅកណ្តាលរដ្ឋធានី Juba និងការប៉ះទង្គិចគ្នានៅក្បែរព្រលានយន្តហោះ និងបន្ទាយអង្គការសហប្រជាជាតិទៀតផងដែរ។
ឆ្លើយតបបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានតក់ស្លុតយ៉ាងខ្លាំង និងបានទាមទារឲ្យភាគីទាំងពីរ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពឲ្យបានពេញលេញដែលរាប់បញ្ចូលទាំងបទឈប់បាញ់អចិន្ត្រៃយ៍ និងការពង្រាយកម្លាំងនៅរដ្ឋធានី Juba ផងដែរ។ ជាងនេះទៅទៀត លោក បាន គីមូន ក៏ព្រមានដាក់ទណ្ឌកម្មថ្មីៗទៀត លើប្រទេសនេះផងដែរ៕
Tag:
ស៊ូដង់ខាងត្បូង
អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com