អន្តរជាតិ
នយោបាយអន្តរជាតិ
សាលក្រមសមុទ្រចិនខាងត្បូង៖ ហ្វីលីពីនព្រមទទួល ឯចិនទាត់ចោល រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay (ឆ្វេង) និងសមភាគីចិន លោក វ៉ាង យី
× ភ្លាមៗបន្ទាប់ពីមជ្ឍត្តការ នៃតុលាការអន្តរជាតិក្រុងឡាអេ បានចេញសេចក្តីសម្រេចលើករណីបណ្ដឹងរបស់ហ្វីលីពីន ទាំងរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងម៉ានីល បានចេញសេចក្ដីថ្លែងការណ៍រៀងៗខ្លួន ចំពោះសាលក្រមនេះ។ យ៉ាងណាក្ដី សេចក្ដីថ្លែងការណ៍ដែលចេញមកនោះ គ្រាន់តែបង្ហាញជំហរ ដែលភាគីទាំងពីរធ្លាប់ប្រកាសកន្លងមកប៉ុណ្ណោះ។
បន្ទាប់ពីតុលាការកាត់ក្ដីឲ្យឈ្នះមក ហ្វីលីពីន ដែលជាដើមបណ្ដឹងនៃករណីនេះ បានអបអរចំពោះការសម្រេចនេះ និងប្រកាសអនុវត្តតាមសាលដីការបស់មជ្ឍត្តការ នៃតុលាការអន្តរជាតិ។ បើតាមសារព័ត៌មាន Rappler ជាការពិត ហ្វីលីពីន ពិតជាសប្បាយចិត្ត ព្រោះខ្លួនទទួលបានការសម្រេចចិត្ត ដូចដែលខ្លួនធ្លាប់រំពឹងកន្លងមក។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay ចាត់ទុកការសម្រេចចិត្តរបស់តុលាការ ជាជំហានប្រវត្តិសាស្ត្រមួយ ដែលរូមចំណែកដោះស្រាយជម្លោះសមុទ្រនេះ។ លោកនិយាយថា ហ្វីលីពីន នឹងបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តតាមដំណោះស្រាយសន្តិភាព ក៏ដូចជាគ្រប់គ្រងជម្លោះ ក្នុងន័យជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ងាកមកមហាយក្សចិន ដែលជាចុងបណ្ដឹងវិញ ច្បាស់ណាស់ថា ដូចដែលធ្លាប់ប្រកាសនាពេលកន្លងមក ចិនក៏បានបញ្ជាក់ម្ដងទៀតពីជំហររបស់ខ្លួន។ ចិនប្រកាសថា ខ្លួន មិនទទួល ស្គាល់ ការសម្រេចរបស់តុលាការក្រុងឡាអេ ថ្ងៃទី១២ កក្កដា ឡើយ។ ក្រសួងការបរទេសចិន បានចេញសេចក្ដីថ្លែងការណ៍ ដែលមានសេចក្ដីថា ចិន ចាត់ទុកសាលក្រមជាមោឃះ ហើយគ្មានចំណងផ្លូវច្បាប់លើចិនទេ។
សេចក្ដីថ្លែងការណ៍ដដែល បញ្ជាក់ថា ដែនអធិបតេយ្យ និងសិទ្ធិសមុទ្ររបស់ចិន ក៏ដូចជាផលប្រយោជន៍ខ្លួន នៅសមុទ្រចិនខាងត្បូង នឹងមិនត្រូវបានប៉ះពាល់ដោយសេចក្ដីសម្រេចនេះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ក្រសួងការបរទេសចិនបន្តថា ចិន ប្រឆាំង និងមិនទទួលស្គាល់រាល់ការទាមទារ ឬសកម្មភាពណា ដែលផ្អែកលើការសម្រេចនេះទេ។
ចិនអះអាងម្ដងហើយម្ដងទៀតថា តុលាការ គ្មានយុត្តាធិការដោះស្រាយជម្លោះនេះទេ ដោយបានបញ្ជាក់ថា ការសម្រេចចិត្តរបស់តុលាការ គឺខុសច្បាប់ និងលម្អៀង។ ក្រៅពីនោះ ចិន ក៏តែងបដិសេធ ការដោះស្រាយរបស់ភាគីទីបី ដែលចង់អនុវត្តមកលើចិននោះដែរ៕
Tag:
សមុទ្រចិនខាងត្បូង
ហ្វីលីពីន
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com