អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក សេន​ដឺ ប្រកាស​គាំទ្រ​លោកស្រី គ្លី​ន​តុ​ន ជា​បេក្ខភាព​ប្រធានាធិបតី​
13, Jul 2016 , 10:50 am        
រូបភាព
​នៅ​ទីបំផុត លោក ប៊ែ​នី សេន​ដឺ (Bernie Sander) បានប្រកាស​គាំទ្រ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​១២ ខែកក្កដា​។ អតីត​គូប្រជែង​សម្រាប់​តំណែង​ជា​បេក្ខជន ប្រធានាធិបតី សន្យា​រួមគ្នា ដើម្បី​ប្រជែង​តំណែង​ប្រធានាធិបតី ទល់នឹង​បេក្ខជន​មកពី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ក្នុងការ​បោះឆ្នោត​ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​។



​ក្នុង​យុទ្ធនាការ​រួមគ្នា​នៅ​រដ្ឋ New Hampshire លោក ប៊ែ​នី សេន​ដឺ និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានបញ្ចប់​ការ​ប្រជែង​គ្នា​ក្នុង​រង្វង់​បក្ស​ប្រជាធិបតេយ្យ ហើយ​លោក សេន​ដឺ ក៏បាន​ចេញមុខ​គាំទ្រ​លោកស្រី គ្លី​ន​តុ​ន សម្រាប់​បេក្ខភាព​ប្រធានាធិបតី​ផងដែរ​។ លោក​សន្យាថា លោក នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ប្រក​ដ​ថា លោកស្រី គ្លី​ន​តុ​ន នឹង​ក្លាយជា​ប្រធានាធិបតី​ថ្មី របស់​សហរដ្ឋអាមេរិក​។

​ដោយ​ឈរ​នៅក្បែរ​លោកស្រី គ្លី​ន​តុ​ន សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont រូបនេះ បន្តថា លោក​មកកាន់​ទីនេះ ដើម្បី​បញ្ជាក់​ពី​មូលហេតុ ដែល​លោក គាំទ្រ អតីត​គូប្រជែង​របស់លោក និង​ហេតុ​អ្វីដែល​លោកស្រី គ្លី​ន​តុ​ន នឹង​ក្លាយជា​ប្រធានាធិបតី​។ ហើយ​លោក ក៏បាន​អបអរ​លោកស្រី គ្លី​ន​តុ​ន ព្រោះ​លោកស្រី បាន​ក្លាយជា​បេក្ខជន​របស់​បក្ស​ទៅហើយ​។​

​យោងតាម​សារព័ត៌មាន CNN លោក សេន​ដឺ បញ្ជាក់ទៀតថា យុទ្ធនាការ​នេះ មិនមែន​សម្រាប់​លោកស្រី គ្លី​ន​តុ​ន ឬ​លោក ត្រាំ ឬ​លោក សេន​ដឺ ខ្លួនឯង​ទេ​។ ប៉ុន្តែ​យុទ្ធនាការ​នេះ គឺ​សម្រាប់​តម្រូវការ​នៃ​ប្រជាជន​សហរដ្ឋអាមេរិក និង​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ ដែល​អាមេរិក កំពុង​ជួបប្រទះ​។ លោក​បន្តថា គ្មាន​អ្វីដែល​ត្រូវ​ឆ្ងល់​ទេ យើង​ធ្វើដំណើ​ទៅកាន់​ការបោះឆ្នោត​ខែវិច្ឆិកា ហើយ​លោកស្រី គ្លី​ន​តុ​ន ជា​បេក្ខភាព​ល្អ​បំផុត​សម្រាប់​បញ្ហា​នេះ​។​

​ក្រៅពី​ប្រកាស​គាំទ្រ និង​លើ​កស​សើរ​លោកស្រី គ្លី​ន​តុ​ន លោក ប៊ែ​នី សេន​ដឺ ក៏​ឆ្លៀត​និយាយ​វាយប្រហារ​លើ​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ត្រាំ ផងដែរ​។ លោក សេន​ដឺ និយាយថា លោក ត្រាំ កំពុង​រវល់​នឹង​ការ​មាក់ងាយ​លើ​ជនជាតិ​ម៉ិ​ក​ស៊ិ​ក និង​ជន​មូស្លីម ប៉ុន្តែ​លោកស្រី គ្លី​ន​តុ​ន យល់ច្បាស់​ថា ភាព​ចម្រុះ​ពូជសាសន៍​ទាំងនេះ ជា​ចំណុចខ្លាំង​របស់​អាមេរិក​។

​សូម​រម្លឹក​ដែរ​ថា កាលពី​ថ្ងៃទី​៩ ខែមិថុនា ប្រធានាធិបតី​ចប់​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​ចេញមុខ​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជា​ផ្លូវការ​ផងដែរ​។ ប្រធានាធិបតី​ទី ៤៤ រូបនេះ​ស​សើរ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ថា មាន​សមត្ថភាព​និង​លក្ខណៈសម្បត្តិ​ជា​ប្រធានាធិបតី ហើយ​លោក​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ ក៏ដូចជា​អ្នកគាំទ្រ​លោក​ផ្ទាល់​គាំទ្រ​លោកស្រី ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​៕  


Tag:
 BernieSander
  HillaryClinton
  ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com