អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង នឹងដាក់​ខែល​ការពារ THAAD នៅ​ភាគខាងត្បូង​ប្រទេស​
13, Jul 2016 , 2:59 pm        
រូបភាព
​នៅ​ចុងក្រោយ កូរ៉េខាងត្បូង បានបង្ហាញ​ទីតាំង​នៃ​ប្រព័ន្ធ​ការពារ​អាកាស THAAD របស់​អាមេរិក​ហើយ​។ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទំនើប​នេះ ត្រូវ​ពង្រាយ​នៅ​តំបន់​ភាគខាងត្បូង​រប​ស់​កូរ៉េខាងត្បូង ដែល​នៅ​ទីនោះ ប្រព័ន្ធ​ការពារ​នេះ មាន​សមត្ថភាព​ការពារ​ទឹកដី​ភាគច្រើន​របស់​កូរ៉េខាងត្បូង ពី​ការវាយប្រហារ​ពី​សំណាក់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​



​នៅ​ថ្ងៃទី​១៣ ខែកក្កដា ក្រសួង​កា​ពារ​ជាតិ​កូរ៉េ​ខាង​ត្បួ​ង បានប្រកាសថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នឹងត្រូវ​ដាក់​នៅ​តំបន់ Seongju ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ អនុរដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​លោក Yoo Jeh Seung និយាយថា ទីតាំង​នៃ​ខែល​ការពារ​នេះ នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​យោធា ក៏ដូចជា​សុវត្ថិភាព​ប្រជាជន​ក្នុងស្រុក​ផងដែរ​។

​អនុរដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ បន្តថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ អាច​ការពារ​ប្រជាជន​បាន​ដល់​ទៅ​ពីរភាគបី នៃ​ប្រជាជន​ទាំងអស់​របស់​កូរ៉េខាងត្បូង ពី​ការវាយប្រហារ​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង ក៏ដូចជា​ការ​គំរាម​ពី​មី​ស៊ី​ល​ដទៃទៀត​។ ជាងនេះទៅទៀត សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ បញ្ជាក់ដែរថា ប្រព័ន្ធ​ការពារ​ទំនើប​នេះ នឹង​ជួយ​ពង្រឹង​កងទ័ព ក៏ដូចជា ការត្រៀមខ្លួន​ក្នុងការ​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស រួមមាន​រោងចក្រ​ថាមពលនុយក្លេអ៊ែរ និង​កន្លែង​ស្តុក​ប្រេង​ជាដើម​។​

​សូម​រម្លឹកថា ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន បាន​ឯកភាពគ្នា​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល តាំងពី​ថ្ងៃទី​៨ ខែកក្កដា​មក​។ ប៉ុន្តែ​ភ្លាមៗ កូរ៉េខាងត្បូង មិនទាន់​អាច​កំណត់​ទីតាំង​ដែល​ត្រូវ​ពង្រាយ​បាន ទើប​ពេលនេះ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បញ្ជាក់ថា នឹងដាក់​ពង្រាយ​នៅ Seongju​។

​យោងតាម​ទូរទស្សន៍ CNN ប្រព័ន្ធ​ការពារ​នេះ មាន​សមត្ថភាព​បាញ់​ទម្លាក់​មី​ស៊ី​ល​បាលី​ស្ទិ​ករ​យៈ​ចម្ងាយ​ខ្លី និង​មធ្យម ក្នុង​កម្រិត​លឿន​បំផុត ហើយ​ត្រូវបាន​ប្រើ​ដោយ​កងទ័ព​អាមេរិក សម្រាប់​ការពារ​មូលដ្ឋាន​របស់​ខ្លួន ជា​យូរ​ឆ្នាំ​មកហើយ​។ មួយវិញទៀត កូរ៉េខាងត្បូង ក៏​តែង​អះអាងថា ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ គឺ​ដើម្បី​តែ​ការពារ​ប៉ុណ្ណោះ និង​ប្រើ​សម្រាប់តែ​ទប់ទល់​នឹង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​តែមួយគត់ មិនមែន​ភាគី​ទី​បី​ណា​ទេ​។​

​យ៉ាងណាក្ដី បើទោះជា​មាន​ករ​អះអាង​ខាងលើ​ក្ដី ចិន និង​រុស្សី មិន​សប្បាយចិត្ត ដែល​អាមេរិក ត្រូវ​ពង្រាយ​ប្រព័ន្ធ​ការពារ​នេះ​នៅ​កូរ៉េខាងត្បូង​ឡើយ​។ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី និយាយថា ការពង្រាយ​នេះ មិន​សម​ហេតុផល​ទេ​។ ចំណែក​កូរ៉េខាងជើង​វិញ បន្ទាប់ពី​ដឹងថា អាមេរិក និង​កូរ៉េខាងត្បូង យល់ព្រម​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​លហើយ ក៏បាន​ប្រកាសថា នឹងធ្វើ​សកម្មភាព​វាយបក​ចំពោះ​ការពង្រាយ​ប្រព័ន្ធ​ការពារ​នេះ ដោយ​គ្មាន​ត្រា​ប្រណី​។
 
​ក្នុង​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃទី​១១ ខែកក្កដា យោធា​កូរ៉េខាងជើង​និយាយថា ខ្លួន​នឹង​តបត​វិញ នៅពេលដែល​ពេលវេលា​ជាក់លាក់ និង​ទីកន្លែង​នៃ​ឧបករណ៍​បម្រើការ​ឈ្លានពាន​របស់​អាមេរិក ត្រូវបាន​ពង្រាយ​នៅ​កូរ៉េខាងត្បូង​។ នៅពេលនេះ ទីកន្លែង​នៃ​ប្រព័ន្ធ​ការពារ ត្រូវបាន​បញ្ចេញ​ហើយ គេ​នឹង​ចាំ​មើលថា ក្រុង​ព្យុងយ៉ាង នឹង​ឆ្លើយតប​ដោយ​គ្មាន​ប្រណី ដូច​ការអះអាង​របស់​ខ្លួន ឬ​យ៉ាងណា​៕


Tag:
 ​កូរ៉េខាងត្បូង​
 ​ អាមេរិក​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com