អន្តរជាតិ
ចក្រភព​អង់គ្លេស​៖ លោកស្រី May ជា​នាយករដ្ឋមន្ត្រី លោក Johnson ជា​រដ្ឋមន្ត្រីការបរទេស​
14, Jul 2016 , 10:15 am        
រូបភាព
​បន្ទាប់ពី​ស្ថាន​ភាពមិនច្បាស់លាស់​បន្ត​អស់​ពេល​បី​សប្ដាហ៍​ក្រោយ​ការធ្វើ​ប្រជា​មតិម​ក នយោបាយ​ក្នុងស្រុក​របស់​ចក្រភព​អង់គ្លេស ហាក់​ធូរស្រាល​បន្តិច ខណៈដែល​ប្រទេស​រកឃើញ​អ្នកដឹកនាំ​ថ្មី​រួចមក​។ លោកស្រី Theresa May បានក្លាយ​នាយករដ្ឋមន្ត្រី​ថ្មី ជំនួស លោក ដេវីដ ខេ​មេ​រ៉ូ​ន ដែល​បានប្រកាស​លាលែង ហើយ​លោកស្រី ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ខ្លាំង ដោយបាន​តែងតាំង​អ្នកគាំទ្រ​ឲ្យ​អង់គ្លេស​ចាក​ចេញពី​អឺរ៉ុប ធ្វើជា​ប្រមុខ​ការទូត​ទៅវិញ​។



​លោកស្រី Theresa May ដែលជា​អតីតរដ្ឋមន្ត្រី​មហាផ្ទៃ​ក្នុង​រដ្ឋាភិបាលរ​ប​ស់លោក ដេវីដ ខេ​មេ​រ៉ូ​ន ក្លាយជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ទី​ពីរ​របស់​ចក្រភព​អង់គ្លេស​ហើយ បន្ទាប់ពី​ទទួលបាន​ការតែងតាំង​ពី​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth នៅ​ថ្ងៃទី​១៣ ខែកក្កដា​។ លោកស្រី នឹងត្រូវ​ដឹកនាំ​ចក្រភព​អង់គ្លេស នៅក្នុង​កាលៈទេសៈ​លំបាក​មួយ គឺ​ត្រូវ​ដឹកនាំ​ការចរចា​ចាក​ចេញពី​អឺរ៉ុប និង​ស្រោចស្រង់​សេដ្ឋកិច្ច ដែល​ធ្លាក់ចុះ​ដោយសារ​ការធ្វើប្រជាមតិ​។​

​ថ្លែង​ពី​និវេសនដ្ឋាន​នាយករដ្ឋមន្ត្រី​នៅ 10 Downing Street នាយករដ្ឋមន្ត្រី​ថ្មី​រួប​នេះ និយាយថា នេះ​គឺជា​បេសកកម្ម​របស់លោក​ស្រី ក្នុង​ការកសាង​ចក្រភព​អង់គ្លេស​ដ៏​ល្អ​មួយ​។ ហើយ​លោកស្រី ក៏​សន្យា​ដែរ​ថា រដ្ឋាភិបាល​ដែល​លោកស្រី​ដឹកនាំ គឺ​សម្រាប់​ប្រជាជន​ទាំងអស់ មិនមែន​បុគ្គល​ពិសេស​ណាមួយ​ឡើយ​។ លោកស្រី បន្តថា លោកស្រី នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ឲ្យ​ប្រជាជន មាន​សិទ្ធិ​កាន់តែច្រើន សម្រាប់​ត្រួតត្រា​ជីវិត​ពួកគេ​។

​កាលពី​យុទ្ធនាការ​សម្រាប់​ប្រជាមតិ លោកស្រី May ក៏​ដួច​ជា​លោក ខេ​មេ​រ៉ូ​ន ដែរ គឺជា​អ្នក​ដែល​គាំទ្រ​ឲ្យ​អង់គ្លេស​បន្ត​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​ការព្យាយាម មិនបាន​ជោគជ័យ ហើយ​លោក ខេ​មេ​រ៉ូ​ន ក៏​ប្រកាស​លាលែង ដែល​បើកផ្លូវ​ដល់​ការ​រើស​នាយករដ្ឋមន្ត្រី​ថ្មី​។ តាមពិតទៅ នាយករដ្ឋមន្ត្រី​ថ្មី ត្រូវ​ប្រកាស​ខែកញ្ញា​ឯណោះ​ទេ ប៉ុន្តែ​ដោយសារតែ លោកស្រី May ក្លាយជា​បេក្ខភាព​តែមួយគត់ ទើប​ការបោះឆ្នោត​ផ្ទៃក្នុង​បក្ស​អភិរក្ស មាន​ដំណើការ​លឿន​បែបនេះ​។​

​ជាមួយគ្នានេះដែរ លោកស្រី ក៏បាន​ប្រកាស​សមាសភាព​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​ត្រូវ​ផ្លាស់ប្ដូរ​ផងដែរ​។ នាយករដ្ឋមន្ត្រី​ស្ត្រី​រូបនេះ បានធ្វើ​ឲ្យ​គេឯង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​តែងតាំង​អតីត​អភិបាលក្រុង​ឡុង​ដ៍ លោក បូរី​ស ច​ន​សុន (Boris Johnson) ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​។ លោក ច​ន​សុន នេះហើយ​ដែល​ចេញមុខ​គាំទ្រ​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប ហើយ​ពេលនេះ លោក នឹងត្រូវ​ប្រឈម​មុខជា​មួយ​បញ្ហា ដែល​លោក​មាន​ចំណែក​បង្កើត​។

​បើតាម​សារព័ត៌មាន BBC អតីតរដ្ឋមន្ត្រី​ការបរទេស Philip Hammond នឹង​ក្លាយជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី ហើយ​លោកស្រី Amber Rudd នឹង​ធ្វើជា​រដ្ឋមន្ត្រី​មហាផ្ទៃ ខណៈ​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​របស់លោក Michael Fallon នឹងត្រូវ​រក្សា​ដដែល​។ ជាមួយគ្នានេះ លោកស្រី Theresa May ក៏បាន​ឲ្យ​លោក David Davis ទទួលខុសត្រូវ​លើ​ការងារ​ចរចា​ចេញ​សហភាព​អឺរ៉ុប​ដែរ​៕  


Tag:
 Brexit
 Theresa May
  Boris Johnson
© រក្សាសិទ្ធិដោយ thmeythmey.com