អន្តរជាតិ
រាជវាំង​ជប៉ុន បដិសេធ​ព័ត៌មាន​អធិរាជ អាគី​ហ៊ី​តុ គ្រោង​ដាក់រាជ្យ​សម្បត្តិ​
14, Jul 2016 , 8:19 pm        
រូបភាព
​រាជវាំង​ជប៉ុន បាន​ចេញមក​បដិសេធ​ព័ត៌មាន​ដែល​ផ្សាយ​ថា អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ (Akihito) មាន​ព្រះ​បំណង​ដាក់រាជ្យ​សម្បត្តិ ក្នុងពេល​ព្រះអង្គ​នៅមាន​ព្រះជន្ម​។ ការបដិសេធ​នេះ ធ្វើឡើង​បន្ទាប់​សារព័ត៌មាន​ជប៉ុន ដែល​ស្រង់​ប្រភពពី​រាជវាំង ផ្សាយ​ថា អធិរាជ​ជប៉ុន មានបំណង​ផ្ទេរ​រាជ្យ​ដល់​រជ្ជទាយាទ​ជំនួស​វិញ ទាន់ពេល​នៅមាន​ព្រះជន្ម​។



​នៅ​ថ្ងៃទី​១៣ ខែកក្កដា សារព័ត៌មាន​ក្នុងស្រុក​របស់​ជប៉ុន​ដូចជា​ទូរទស្សន៍ NKH ជាដើម បាន​ផ្សាយ​ព្រោងព្រាត ថា ព្រះ​ចៅ​អធិរាជ អាគី​ហ៊ី​តុ នឹងដាក់​រាជ្យ ក្នុងពេល​ពីរ​បី​ឆ្នាំនេះ ថ្វាយ​រជ្ជទាយាទ ណា​រុ​ហ៊ី​តុ (Naruhito) ។ ប៉ុន្តែ​បន្ទាប់មក ទីភ្នាក់ងារ​អធិរាជ (Imperial Household Agency) ដែល​ទទួលបន្ទុក​ការងារ​របស់​អធិរាជ ក៏បាន​បដិសេធ​ព័ត​មាន​ទាំងនេះ​។

​បើតាម​ទូរទស្សន៍ Channel NewsAsia អនុប្រធាន​ទីភ្នាក់ងារ​នេះ លោក Shinichiro Yamamoto ប្រាប់​អ្នករាយការណ៍​ព័ត៌មាន នៅ​យប់​ថ្ងៃទី​១៣ ខែកក្កដា ថា រឿងនេះ មិន មែន​ជាការ​ពិត​ទេ​។ លោក បញ្ជាក់ទៀតថា អធិរាជ មិនមាន​ព្រះទ័យ​ដើម្បី​ពិភាក្សា ពី​តួនាទី​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ​។ ជាមួយគ្នា នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន ក៏​មិនបាន​អធិប្បាយ​បញ្ហា​នេះដែរ​។

​សូមបញ្ជាក់ថា សារព័ត៌មាន​ព័ត៌មាន NHK និង​Kyodo បាន​រាយការណ៍​ពី​ព័ត៌មាន​ដាក់រាជ្យ​ក្នុងពេល​ខ្លី​ខាងមុខ​។ ទូរទស្សន៍ NHK បន្ថែមថា ខណៈដែល​ព្រះអង្គ មាន​ព្រះជន្ម​ច្រើន និង​បាន​កាត់បន្ថយ​ព្រះរាជកិច្ច​ជាច្រើន​មក​នោះ អធិរាជ អាគី​ហ៊ី​តុ មិនមាន​បំណង​ដើម្បី​បន្ត​ជា​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ទៀត​ទេ​។

​ដោយ​ស្រង់​ប្រភពព័ត៌មាន​ពី​ការិយាល័យ​អធិរាជ ទូរទស្សន៍ NHK ផ្សាយ​ទៀតថា បំណង​របស់​អធិរាជ ត្រូវបាន​មហេសី​ព្រះអង្គ មី​ឈី​កុ (Michiko) និង​រា​ជ្ជ​ទាយាទ ណា​រុ​ហ៊ី​តុ យល់ព្រម​ហើយ​។ ប្រសិន មាន​ដាក់រាជ្យ​មែន រជ្ជទាយាទ​អង្គ​នេះ នឹង​ក្លាយជា​អធិរាជ​ជប៉ុន ដែល​តាមច្បាប់ តំណាង​ឲ្យ​ការរួបរួម​របស់​ជប៉ុន​។  

​អធិរាជ អាគី​ហ៊ី​តុ បាន​សោយរាជ្យ​អស់​រយៈពេល​២៧​ឆ្នាំ​មកហើយ ហើយ​ព្រះអង្គ​នឹង​ក្លាយជា​អធិរាជ​ទីមួយ ក្នុងពេល​ពីរ​រយ​ឆ្នាំ​មកនេះ ដែល​សម្រេចចិត្ត​ដាក់រាជ្យ ប្រសិនបើ​ព័ត៌មាន​ទាំងអស់ ជាការ​ពិត​។ ហើយ​ជារឿយៗ អធិរាជ អាគី​ហ៊ី​តុ តែងតែ​បង្ហាញ​ការសោកស្ដាយ ចំពោះ​សោកនាដកម្ម​សង្គ្រាមលោក​លើក​ទី​ពីរ ដែល​បង្កដោយ​ជីតា​របស់​ព្រះអង្គ​ផងដែរ​។

​ដូច​ប្រទេស​កាន់​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដទៃទៀត​ដែរ ព្រះ​ចៅ​អធិរាជ អាគី​ហ៊ី​តុ មិនមាន​អំណាច​អ្វី​ដូច​អធិរាជ​មុនៗ​នោះទេ​។ នេះ​ក៏​ដោយសារតែ រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដែល​សរសេរ​ដោយ​អាមេរិក មិនបាន​ផ្ដល់​អំណាច​អ្វី​ដល់​អធិរាជ​ឡើយ ព្រោះ​ខ្លាច​ដូច​សម័យ​សង្គ្រាមលោកលើកទី​ពីរ ដែល​ជប៉ុន​បង្ក​សង្គ្រាម និង​វាតទី​លើ​ទឹកដី​ជាច្រើន​៕


Tag:
 ជប៉ុន​
  Akihito
© រក្សាសិទ្ធិដោយ thmeythmey.com