អន្តរជាតិ
អ្នក​កាត់សក់​ប្រធានាធិបតី​បារាំង បាន​ប្រាក់ខែ​ជិត​មួយ​ម៉ឺន​អឺរ៉ូ​
14, Jul 2016 , 4:19 pm        
រូបភាព
​កាសែត​ក្នុងស្រុក​បារាំង​មួយ បាន​បញ្ចេញ​ព័ត៌មាន​មួយ​ទាក់ទង​នឹង​ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (Francois Hollande) ដោយ​សរសេរថា អ្នក​កាត់សក់​របស់លោក ហូ​ឡង់ ទទួលបាន​ប្រាក់ខែ​ដល់​ទៅជិត​មួយ​ម៉ឺន​អឺរ៉ុប ។ ជាងនេះទៅទៀត អ្នក​កាត់សក់ ត្រូវ​រក្សា​ការសម្ងាត់​ដែល​ខ្លួន​ដឹង ពេល​កំពុងធ្វើការ​ផងដែរ​។​



​កាសែត Le Canard Enchainé ដែល​ល្បី​ខាង​បញ្ចេញ​រឿងអាស្រូវ​របស់​រដ្ឋាភិបាល បាន​ផ្សាយ​ព័ត៌មាន​ពី​ប្រាក់ខែ​ដ៏​ខ្ពស់​របស់​អ្នក​កាត់សក់ ​របស់​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​។ បើតាម​កាសែត​នេះ ជាងកាត់សក់ Olivier B. ទទួលបាន​ប្រាក់ខែ​ចំនួន 9,895 អឺរ៉ូ សម្រាប់​ការងារ​កាត់សក់​ឲ្យ​លោក ហូ​ឡង់​។​

​កាសែត​ដដែល ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែកក្កដា បន្តថា អ្នក​កាត់សក់​នេះ ចុះហត្ថលេខា​ធ្វើការ​៥​ឆ្នាំ ជាមួយ​ប្រធានាធិបតី​បារាំង ពោលគឺ​ចាប់តាំងពី​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ចូលកាន់​តំណែង​ក្នុង​ឆ្នាំ​២០១២​។ កិច្ចសន្យា​នោះ មាន​ទាំង​ការលើកទឹកចិត្ត ដែល​រួមបញ្ចូល​ជំនួយ​ហិរញ្ញវត្ថុ លំនៅដ្ឋាន ក៏ដូចជា​អត្ថប្រយោជន៍​នានា​សម្រាប់​គ្រួសារ​ផងដែរ​។​

​យ៉ាងណាមិញ បើតាម​សារព័ត៌មាន France24 លោកស្រី Sarah Levy ដែលជា​មេធាវី​ជាងកាត់សក់ Oliver និយាយថា ការងារ​នេះ ត្រូវការ​ការ​ប្ដ​ជ្ញា​ចិត្ត​ខ្ពស់​។ មេធាវី​រូបនេះ និយាយទៀតថា ជាងកាត់សក់ Oliver ត្រូវតែ​ប្រុងខ្លួន​សម្រាប់​ការងារ​២៤​ម៉ោង​លើ​២៤​ម៉ោង និង​៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។ ហើយ​រូបគេ ត្រូវ​ស្បថ​ថា រក្សា​ការសម្ងាត់​ទាំងអស់​ដែល​ខ្លួន​ដឹង​។

«Oliver បាន​ខក​ថ្ងៃកំណើត​កូន​របស់គាត់ ហើយ​គាត់​ត្រូវ​លក់​ហាង​របស់ខ្លួន ដោយសារតែ​ការងារ​រវល់​ពេក​»​។ នេះ​ជាការ​បន្ថែម​របស់​មេធា​វី Sarah ដែល​ចេញផ្សាយ​លើ​សារព័ត៌មាន France24​។         

​កាសែត Le Canard Enchainé ក៏​ផ្សាយ​ដែរ​ថា វិមាន​ប្រធានាធិបតី Elysée palace ក៏​បញ្ជាក់​ពី​ព័ត៌មាន​នេះដែរ ដោយ​និយាយថា លោក Oliver ទទួលខុសត្រូវ​ចំពោះ​សក់​លោក ហូ​ឡង់ នៅ​រៀងរាល់​ព្រឹក និង​នៅពេល​ចាំបាច់​នានា ជាពិសេស​មុនពេល​លោក ហូ​ឡង់ ថ្លែង​សុន្ទរកថា​។ ហើយ​អ្នក​កាត់សក់​នេះ ក៏​ធ្វើដំណើរ​តាម​ប្រធានាធិបតី ក្នុង​ដំណើរ​ដែល​លើស​មួយថ្ងៃ​។​

​ព័ត៌មាន​នៃ​ប្រាក់ខែ និង​លក្ខខណ្ឌ​ការងារ​របស់​អ្នក​កាត់សក់​លោក​ប្រធានាធិបតី ហូ​ឡង់ បង្ក​ឲ្យ​មនុស្សម្នា ភ្ញាក់ផ្អើល​ខ្លាំង​។ យ៉ាងណាមិញ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ប្រធានាធិបតី​បារាំង ជួល​អ្នក​កាត់សក់​ថ្លៃៗ​។ អតីត​ប្រធានាធិបតី​លោក Nicolas Sarkozy ក៏​ធ្លាប់ជួយ​អ្នក​កាត់សក់ ដែលមាន​ប្រាក់ខែ​៨​ពាន់​ដុល្លារ​ផងដែរ​៕


Tag:
 បារាំង​
  Francois Hollande
© រក្សាសិទ្ធិដោយ thmeythmey.com