ជាតិ
សេដ្ឋកិច្ច
លោក ជា ចាន់តូ បារម្ភ​ពី​កំណើន​កម្ចី​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​
15, Jul 2016 , 7:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បង្ហាញ​ក្ដីបារម្ភ​ចំពោះ​កំណើន​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​អ្នកពាក់ព័ន្ធ​គួរ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​នេះ​។



​បើតាម​លោក ជា ចាន់តូ កំណើន​ឥណទាន​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គឺមាន​៣៨​ភាគរយ​ក្នុង​ឆ្នាំ​២០១២ ហើយ​កំណើន​នេះ​ឡើងដល់ ៥០​ភាគរយ​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​។ 
 
​លោក ជា ចាន់តូ លើកឡើងថា តាម​បទពិសោធន៍​នៃ​បណ្ដា​ប្រទេស​ផ្សេងៗ បង្ហាញថា ការអភិវឌ្ឍន៍​យ៉ាងខ្លាំង​ជា​បន្តបន្ទាប់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ នឹង​បង្កើតជា​លក្ខខណ្ឌ​នៃ​វិបត្តិ​ក្នុង​វិស័យនេះ ។ លោក​បន្ថែមថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ នឹង​ប្រឈម​ហានិភ័យ ដោយសារ​ភាព​ធូររលង់​នៃ​នីតិវិធី​ធានា​បំណុល​របស់ខ្លួន​។ ហើយ​ការប្រកួតប្រជែង​ដណ្ដើម​អតិថិជន តាមរយៈ​ការផ្ដល់​ជម្រើស និង​លទ្ធភាព​នៃ​ការខ្ចី​កាន់តែ​ប្រសើរ ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា អាច​នឹង​បង្កើតជា​បំណុល ដែល​ហួស​ពី​សមត្ថភាព​សង​ត្រឡប់​របស់​អ្នក​ខ្ចី​។
​លោក ជា ចាន់តូ ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​«​ផ្ដើមនិយាយ​ពី​បំណុល​វ័ណ្ឌក​ឥឡូវនេះ​!» នៅ​ថ្ងៃទី​១១​ខែកក្កដា នៅ​ស​ណ្ឋ​គារ​ភ្នំពេញ​ថា កំណើន​ឥណទាន​ដែល​គ្មាន​សុវត្ថិភាព គឺ​មិន​ត្រឹមតែ​ជះឥទ្ធិពល​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ  តែ​ថែមទាំង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ដែល​ជាប់បំណុល រួមទាំង​ស្ថិរភាព​សង្គម និង​កំណើនសេដ្ឋកិច្ច​ផងដែរ​។ 
 
​ធនាគារជាតិ នឹង​បន្ត​ពង្រឹងសមត្ថភាព​ត្រួតពិនិត្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ធានា​ពី​ការ​អនុវត្តបាន​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់ និង​ការ​គ្រប់​គ្រង់​ហានិភ័យ​របស់​គ្រឹះស្ថាន​ទាំងនោះ​។ នេះ​បើតាម​លោក ជា ចាន់តូ​។​
 
​របាយការណ៍​របស់​ស​មា​គម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បង្ហាញថា ទំហំ​កម្ចី​បាន​កើន​ដល់​ជិត ៣,២​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ខែ​មិនា​ឆ្នាំនេះ ដែល​ផ្ដល់​ដោយ​សមាជិក CMA ដល់​ពលរដ្ឋ​ជាង​២​លាន​គ្រួសារ​នៅ​ទូទាំងប្រទេស ។​
 
​របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀតថា ទំហំ​កម្ចី​ដែល​អតិថិជន​មិនបាន​សង​ត្រឡប់​ទាន់ពេល (PAP)​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​កើនឡើង​ពី​ដង ពោលគឺ​ពី​ចំនួន ០,៥​ភាគរយ​នៅ​ចុងឆ្នាំ​២០១៥ កើន​ដល់​១​ភាគរយ​នៅ​ខែមិថុនា​ឆ្នាំនេះ​៕

Tag:
 ជា ចាន់តូ​
  ឥណទាន​
  CMA
© រក្សាសិទ្ធិដោយ thmeythmey.com