អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចក្រភព​អង់គ្លេស​ត្រូវការ​ពេលវេលា មុននឹង​ចរចា​ចាក​ចេញពី​អឺរ៉ុប​
15, Jul 2016 , 9:19 am        
រូបភាព
 ​បន្ទាប់ពី​មានការ​ទាមទារ​ពី​មេដឹកនាំ​អឺរ៉ុប​ឲ្យ​អង់គ្លេស​ចរចា​ចាកចេញ​ឲ្យ​បាន​ឆាប់ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស បានបញ្ជាក់​វិញ​ថា ចក្រភព​អង់គ្លេស​ត្រូវការ​ពេលវេលា​សិន មុននឹង​ចាប់ផ្ដើម​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​។ ចក្រភព​អង់គ្លេស ដែល​ចាក​ចេញពី​អឺរ៉ុប តាមរយៈ​ប្រជាមតិ​ថ្ងៃទី​២៣ ខែមិថុនា ជួបប្រទះ​បញ្ហា​ជាច្រើន ជាពិសេស​ឱនភាព​រូបិយវត្ថុ ដែល​ប៉ះពាល់​ខ្លាំង​សេដ្ឋកិច្ច​។

 
​ភ្លាមៗ​បន្ទាប់ពី​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស ការងារ​ដំបូង​របស់​លោកស្រី Theresa May គឺ​បញ្ជាក់​ពី​ជំហរ​របស់​លោកស្រី ទៅកាន់​មេដឹកនាំ​បារាំង និង​អាល្លឺម៉ង់ ជុំវិញ​ដំណើការ​ចរចា​ចាក​ចេញពី​អឺរ៉ុប​។ នាយករដ្ឋមន្ត្រី​ស្ត្រី​រូបនេះ បញ្ជាក់ថា ការចរចា​នឹងមិន​ទាន់​ចាប់ផ្ដើមបាន​នោះទេ​។ 
 
​បើតាម​សារព័ត៌មាន Reuters លោកស្រី​នាយករដ្ឋមន្ត្រី បាន​ប្រាប់​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ និង​អធិការបតី​អាល្លឺម៉ង់ Angela Merkel ថា រដ្ឋាភិបាល​លោកស្រី ត្រូវការ​ពេលវេលា​សិន មុននឹង​ពិភាក្សា​ការចាកចេញ​ពី​សហភាព​អឺរ៉ុប របស់​ចក្រភព​អង់គ្លេស​។ ចំណែក​អ្នកនាំពាក្យ​លោកស្រី និយាយ​ដែរ​ថា ក្នុងការ​សន្ទនា​តាម​ទូរ​សព្ទ​នោះ លោកស្រី May ក៏បាន​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត គោរព​តាម​ឆ​ន្ទះ​ប្រជាជន​អង់គ្លេស ដែល​ជ្រើសរើស​ការចាកចេញ​ពី​អឺរ៉ុប​។​
 
​អ្នកនាំពាក្យ​ដដែល បន្តថា នៅ​ថ្ងៃទី​១៣ ខែកក្កដា ពោលគឺ​ថ្ងៃ​ចូលកាន់​តំណែង លោកស្រី May បាន​ពន្យល់​ទៅ​មេដឹកនាំ​ប្រទេស​សហភាព​អឺរ៉ុប​ទាំងពីរ ថា យើង​ត្រូវការ​ពេលវេលា ដែល​ចាំបាច់​សម្រាប់​រៀបចំ​ដំណើការ​ចរចា​។ ហើយ​លោកស្រី May ក៏បាន​បញ្ជាក់​ក្ដី​សង្ឃឹមថា ដំណើការ​ចរចា នឹង​ធ្វើទៅ​ជាមួយ​គំនិត​ស្ថាបនា ប្រកបដោយ​ស្មារតី​វិជ្ជមាន​។​
 
​តាមពិតទៅ មេដឹកនាំ​អឺរ៉ុប​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស សម្រេចចិត្ត​រឿង​ចរចា​ចាក​ចេញពី​អឺរ៉ុប តាំងពី​ប្រជាមតិ​មក​ម្លេះ​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​របស់​ចក្រភព​អង់គ្លេស ចេះតែ​ពន្យារពេល​រហូតមក ដល់ពេល​ដែល​លោក​ខេ​មេ​រ៉ូ​ន​ចាក​ចេញពី​តំណែង​។ បន្ទាប់ពី​ដឹងថា លោកស្រី Theresa May នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​នោះ មេដឹកនាំ​អឺរ៉ុប ជាពិសេស​អាល្លឺម៉ង់ ក៏​តឿន​ឲ្យ​អង់គ្លេស បញ្ជាក់​ពេលវេលា​ច្បាស់លាស់​ដែរ​។​
 
​នៅ​ថ្ងៃទី​១២ ខែកក្កដា អធិការបតី​អាល្លឺម៉ង់ លោកស្រី Merkel បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការងារ​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី គឺ​ត្រូវ​សម្រេច​ឲ្យ​ច្បាស់លាស់​ពី​ទំនាក់ទំនង​រវាង​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​។ ចំណែក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ លោក Wolfgang Schaeuble និយាយ​ដែរ​ថា ភាពច្បាស់លាស់ គឺជា​រឿង​ចាំបាច់ ដើម្បី​បញ្ចប់​មន្ទិល ដែល​កើតចេញពី​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស នៅក្រោយ​ការធ្វើប្រជាមតិ​៕   
 
 

Tag:
 Brexit
 Theresa May
 ​អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com