អន្តរជាតិ
ហេតុអ្វី​បានជា​បារាំង​រងគ្រោះ​ពី​ការវាយប្រហារ​ភេរវកម្ម​ជាងគេ​?
15, Jul 2016 , 8:19 pm        
រូបភាព
​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកនេះ មានការ​វាយប្រហារ​ភេរវកម្ម​ជាច្រើនលើក នៅលើ​ទឹកដី​បារាំង ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​អស់​រាប់រយ​នាក់ មាន​ទាំង​ជន​ស៊ីវិល អ្នកកាសែត និង​កងកម្លាំង​សន្តិសុខ​ផងដែរ​។ ការវាយប្រហារ​ចុងក្រោយ គឺ​ការ​បើកឡាន​បុក​រះ​លើ​ហ្វូងមនុស្ស នៅ​ទីក្រុង Nice ហើយ​បានសម្លាប់​មនុស្ស​ជាច្រើន​។ និយាយ​ឲ្យ​ខ្លី​ទៅ​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ បារាំង​រង​ការវាយប្រហារ​ធំៗ​បី​លើក ដែលមាន​ស្ថានភាព​អាក្រក់​ខ្លាំង ហើយ​គេ​ក៏​ឆ្ងល់​ថា ហេតុអ្វី​មានតែ​បារាំង​តែឯង រងគ្រោះ​ភេរវកម្ម​ផ្ទួនៗ​បែបនេះ​?



សូមស្ដាប់ព័ត៌មានលម្អិត៖



​ខណៈដែល​ប្រជាជន​បារាំង កំពុងតែ​អបអរ​ពិធីបុណ្យ​ជាតិ Bastille Day សោកនាដកម្ម​មួយ ក៏​កើតឡើង​នៅឯ​ទីក្រុង Nice​។ រថយន្ត​ដឹកទំនិញ​មួយ បាន​បើក​បុក​រះ​ពលរដ្ឋ​បារាំង ដែល​កំពុង​ទស្សនាការ​បាញ់​កាំជ្រួច​នៅ​ក្រុង​ភាគខាងត្បូង ខណៈ​ក្រុម​ហ្វូងមនុស្ស​ដែល​កំពុងតែ​សប្បាយរីករាយ​ក្នុង​ថ្ងៃបុណ្យ​ជាតិ​បារាំង​ដែល​ស្ទើរតែ​ចប់​ទៅហើយនោះ​។​

​ភ្លាមៗ​ក្រោយ​ហេតុការណ៍​នេះ ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (Francois Hollande) ក៏បាន​ទៅដល់​ទីក្រុង Nice ដើម្បី​ពិនិត្យ​ស្ថានការណ៍ ហើយ​លោក ក៏បាន​ប្រកាស បន្ត​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេល​បី​ខែ​ទៅមុខទៀត​ផងដែរ​។ តាម​ការអះអាង​របស់​លោក​ប្រធានាធិបតី​ហូ​ឡង់ យ៉ាងហោចណាស់ មាន​ប្រជាជន​៧៧​នាក់ បាន​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត បាន​រងរបួស​ក្នុង​ព្រឹត្តិការណ៍​នេះ​។ តាមពិតទៅ បារាំង មិន​រួច​ផុតពី​ការប្រកាស​ដក​ស្ថានភាព​អាសន្ន​នៅឡើយ​នោះទេ ពោលគឺ មុន​ហេតុការណ៍​នេះ​កើតឡើង បារាំង ក៏បាន​ដាក់​ប្រទេស​ក្នុងស្ថានភាព​ប្រកាសអាសន្ន​មួយ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៦ ខែកក្កដា​ខាងមុខនេះ​ផងដែរ​។



​ជាងនេះទៅទៀត ប្រធានាធិបតី​បារាំង ថែមទាំង​ចាត់ទុក​ហេតុការណ៍​ខាងលើ ជា​សកម្មភាព​ភេរវកម្ម​ទៀតផង បើទោះជា​មិនទាន់​ដឹង​ពី​មូលហេតុ និង​មិនទាន់​ដឹងថា​ក្រុម​ណា​ចេញមក​ទទួលខុសត្រូវ​ក៏ដោយ​។ លោក ហូ​ឡង់ ក៏​ប្រកាស​ប្រឆាំងនឹង​ភេរវកម្ម ដោយ​នឹង​បង្កើន​សកម្មភាព​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​។​

១.​ក្នុងពេល​ជិត​ពីរ​ឆ្នាំ បារាំង​រង​ការវាយប្រហារ​ធំៗ​បី​លើក​
​បើ​រាប់ទាំង​ការវាយប្រហារ​នៅ​យប់​ថ្ងៃទី​១៤ ខែកក្កដា​ម្សិលមិញ​នេះ បារាំង បាន​រង​ការវាយប្រហារ​ធំៗ ពី​សំណាក់​ភេរវជន ចំនួន​បី​ដង​រួចមកហើយ​។ កាសែត Le Figaro បានចាត់ទុក​ការវាយប្រហារ​នេះ ជាការ​ព្រមាន​ដល់​សហគមន៍​អឺរ៉ុប​ទាំងមូល ហើយ​ការវាយប្រហារ​ធំៗ​ពីរលើក​កន្លងមក សុទ្ធសឹងតែ​បានសម្លាប់​មនុស្ស​ជាច្រើន​។

​ក្នុងការ​វាយប្រហារ​លើ​ក​ទីមួយ ក្រុម​ភេរវ​ករ​បានដាក់​គោលដៅ​លើ​ទស្សនា​វ​ដ្តី Charlie Hebdo កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៥​។ ខ្មាន់កាំភ្លើង​ពីរ​នាក់ ប្រដាប់​ដោយ​កាំភ្លើង​បាន​បើក​ការវាយប្រហារ​លើ​ស្នាក់ការ​ទស្សនាវដ្ដី Charlie Hebdo ដែល​នៅក្នុង​ទីក្រុង​ប៉ារីស​តែម្តង ដោយបាន​សម្លាប់​មនុស្ស​១២​នាក់ ដោយ​រួមទាំង​អ្នក​គូររូប​ត្លុក​៨​នាក់​របស់​កាសែត​នេះ​ផងដែរ​។ ការវាយប្រហារ និង​ការចាប់​ចំណាប់ខ្មាំង កើត​ឡើងជា​បន្តបន្ទាប់​ដែល​បណ្តាល​មនុស្ស​៥​នាក់​ទៀត​ស្លាប់ ក្នុងនោះ មាន​ភេរវជន​៣​នាក់​ផងដែរ​។​

​ជារឿយៗ ទស្សនា​វ​ដ្តី​បារាំង​ខាងលើ បាន​បោះ​ពុ​ម្ភ​ផ្សាយ​រូប​ត្លុក​របស់​ព្យា​ការី​សាសនា​ឥស្លាម Mohammad ដែល​រឿងនេះ​អាចជា​មូលហេតុ ដែល​នាំ​ឲ្យ​ក្រុម​ភេរវជន​សងសឹក​វិញ ដ្បិត​ពួកគេ​គិតថា ជាការ​ប្រមាថ​ចំពោះ​បុគ្គល​ជាទីគោរព​របស់​ពួកគេ​។​

​រំលង​បានយូរ​បន្តិច សោកនាដកម្ម​មួយទៀត ក៏​កើតឡើង​ចំពោះ​បារាំង ហើយ​ពេលនោះ​គឺ​ក្នុង​ទីក្រុង​ប៉ារីស ដែលជា​បេះដូង​របស់​បារាំង​តែម្ដង​។ មនុស្ស​យ៉ាង​ណាស់​១៣០​នាក់​ហើយ ដែល​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​ផ្ទួនៗ​គ្នា​នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។  ក្រុម​សកម្មជន​រដ្ឋ​ឥស្លាម​៩​នាក់ បាន​បើក​ការវាយប្រហារ​ដោយ​កាំភ្លើង និង​គ្រឿងផ្ទុះ លើ​ទីតាំង​ជាច្រើន ដោយ​រួមទាំង​រោងល្ខោន Bataclan កីឡដ្ឋាន Stade  de France និង​នៅ​ភោជនីយដ្ឋាន​មួយចំនួនទៀត​។​


២.​ភេរ​វករ វាយប្រហារ​បារាំង​ដើម្បី​សងសឹក ?
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ រដ្ឋាភិបាល​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ជួប​នូវ​យុគ​សម័យមួយ​ដ៏​សោ​កស​ង្រែ​ង​ដោយសារ​សកម្មភាព​រប​ស់​ក្រុម​ភេរវជន ដែល​ធ្វើ​ឲ្យ​គេ​គិតថា ហេតុអ្វី​បានជា​បារាំង​រង​ទុក្ខ​ជាងគេ​។ តាមពិតទៅ ការវាយប្រហារ​ជាច្រើនលើក​ច្រើនសារ​មក​នេះ ក៏​ព្រោះតែ​ពួកគេ ចង់​សងសឹក​បារាំង​។

​បារាំង ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អាមេរិក ចេញមុខ​យ៉ាងខ្លាំង​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជ្រុលនិយម ស្ទើរ​គ្រប់​ទីកន្លែង​។ បារាំង បាន​ពង្រាយ​កងទ័ព​ជាច្រើន​កន្លែង​ជុំវិញ​ពិភពលោក ដើម្បី​កម្ទេច​ក្រុម​ជ្រុលនិយម​ជី​ហាដ​ទាំង​នៅ​អាហ្វ្រិក និង​មជ្ឈិមបូព៌ា​។
​ជាក់ស្ដែង​នោះ បារាំង មាន​កងទ័ព​លើស​មួយ​ម៉ឺន​នាក់ នៅតាម​ប្រទេស​នានា ដើម្បី​ប្រឆាំងនឹង​សកម្មជន​ភេរវកម្ម​។ កងទ័ព​បារាំង​ចំនួន​បី​ពាន់​នាក់ កំពុង​ប្រតិបត្តិការ​នៅ​អាហ្វ្រិក​ខាងលិច និង​ពីរពាន់​នាក់​ទៀត នៅ​អាហ្វ្រិក​កណ្ដាល​។​

​នៅ​អ៊ីរ៉ាក់​ឯណោះ​វិញ បារាំង​ក៏​បញ្ជូន​ទ័ព​លើសបី​ពាន់​នាក់ ដើម្បី​ចូលរួម​ជាមួយ​កងកម្លាំង​សម្ព័ន្ធមិត្ត ក្នុងការ​កម្ទេច​ក្រុម​ភេរវជន​ផងដែរ​។ ហើយ​កាលពី​សប្ដាហ៍​មុន ប្រធានាធិបតី ហូ​ឡង់ ក៏​ប្រកាសថា នឹង​បញ្ជូន​នាវា​ដឹក​យន្តហោះ ទៅកាន់​សមុទ្រ​ពែ​រ្ស ដើម្បី​ចូលរួម​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​ទៀតផង​។

​និយាយ​ឲ្យ​ខ្លី​ទៅ ដោយសារតែ​បារាំង ចេញមុខ​ចេញ​មាត់​ជាងគេ​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវជន ទើប​ប្រទេស​នេះ ក៏​រង​ការវាយប្រហារ​ខ្លាំងជាងគេ​។ ជាងនេះទៅទៀត បារាំង ជា​ប្រទេស​ដែលមាន​ជន​មូស្លីម​រស់នៅ​ច្រើនជាងគេ នៅ​អឺរ៉ុប ដែល​នេះ​ធ្វើ​ឲ្យ​បារាំង​ងាយ​រងគ្រោះ ពី​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ជ្រុលនិយម ។ សកម្មជន​ទាំងនោះ អាច​ជ្រៀតចូល​ទឹកដី​បារាំង​បាន​យ៉ាង​ស្រួល ដើម្បី​ធ្វើ​សកម្មភាព ឬក៏​ទាក់ទាញ​ជន​មូស្លីម ដែល​កំពុង​រស់នៅ​បារាំង​ស្រាប់ ឲ្យ​ដើរ​តាម​មនោគមន៍​របស់ខ្លួន និង​វាយប្រហារ​លើ​ទីតាំង​នានា​៕


Tag:
 អឺរ៉ុប​
 ​ ភេរវកម្ម​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com