ជាតិ
បាក់​ឌុប​៖ អ្នកចូលរួម​សង្កេតការណ៍​ជាង​៦​ពាន់​នាក់ កើនឡើង​ជាង​ឆ្នាំមុន​
16, Jul 2016 , 9:30 am        
រូបភាព
​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃ​២២ ខែសីហា ឆ្នាំ​២០១៦​នេះ​។ អ្នកស្ម័គ្រចិត្ត​សង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នឹង​ឃ្លាំមើល​ពី​ដំណើរការ​ប្រឡង​ដូច​ឆ្នាំមុន​ដែរ ដើម្បី​រាយការណ៍ ទប់ស្កាត់​អំពើពុករលួយ​ក្នុងពេល​ប្រឡង​។ អ្នកស្ម័គ្រចិត្ត សង្កេតការណ៍​ឆ្នាំ​២០១៦​នេះ មាន​ចំនួន ៦១៧១​នាក់ កើនឡើង​ទ្វេដង បើ​ប្រៀបធៀប​នឹង​សម័យ​ប្រឡង​២០១៤ និង​២០១៥​។​


 
​អង្គភាព​ប្រឆាំង​អំពើពុករលួយ  បានប្រកាស​ឈប់​ទទួល​ពាក្យស្នើសុំ​ចូលរួម​សង្កេតការណ៍​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​អង្គការ​សង្គម​ស៊ីវិល បុគ្គល​ឯកជន សិស្ស​និស្សិត មានបំណង​ស្ម័គ្រ​ចូលរួម​ធ្វើជា​អ្នកសង្កេតការណ៍​ការប្រឡង​បាក់​ឌុប​។ ក្រោយពី​បាន​ផ្អាក​ការទទួល​ចុះឈ្មោះ​មួយ​សប្ដាហ៍​កន្លងទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​អ្នក​ចុះឈ្មោះ​ស្ម័គ្រ​សង្កេតការណ៍​រហូតដល់ ៦១៧១ នាក់ បើ​ប្រៀបធៀប​ចំនួន​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ទៅនឹង​ចំនួន​បន្ទប់​ប្រឡង មាន​ចំនួន​លើស ២៣៩០ នាក់ ដែលជា​ចំនួន​លើសពី​តម្រូវការ​។​
 
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​អោយមាន​អ្នកសង្កេតការណ៍​សង្គម​ស៊ីវិល និង​សិស្ស​និស្សិត លើក​ទី​១ នៅ​សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៤ មាន​ចំនួន​ជាង​៣​ពាន់​នាក់ លើក​ទី​២ សម័យ​ប្រឡង​ឆ្នាំ​២០១៥ មាន​ចំនួន​ជាង​៥​ពាន់​នាក់ និង​ក្នុង​ឆ្នាំ​២០១៦​នេះ កើនឡើង​ខ្ពស់​រហូតដល់​ជាង​៦​ពាន់​នាក់​។​
 
​សូមបញ្ជាក់ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សម្រាប់​ឆ្នាំ​សិក្សា​២០១៥-២០១៦ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ​២០១៦ ។ ដោយមាន​បេក្ខជន​ប្រឡង​ប្រមាណ​ជាង​៨​ម៉ឺន​នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ចែកចេញជា ១៥៧ មណ្ឌល និង​ចំនួន ៣,៧៨១ បន្ទប់​ប្រឡង នៅ​ទូទាំង​រាជធានី​-​ខេត្ត​៕
 

Tag:
 ACU
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com