អន្តរជាតិ
ប្រធានាធិបតីតួកគី ទៅដល់ក្រុងអ៊ីស្តង់ប៊ុល ខណៈរដ្ឋប្រហារយោធាបរាជ័យ
× ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានទៅដល់ទីក្រុងអ៊ីស្តង់ប៊ុល នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ បន្ទាប់ពីយោធាមួយក្រុម បានធ្វើរដ្ឋប្រហារដើម្បីទម្លាក់រដ្ឋាភិបាល។ យោធាបានដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក និងបានប្រកាសថា ខ្លួនគ្រប់គ្រងទឹកដីជាច្រើនផងដែរ។
លោក Erdogan ដែលលេចមុខនៅព្រលានយន្តហោះ Ataturk និយាយថា លោក នឹងមិនទៅណាទេ ហើយអ្នកដែលនៅពីក្រោយរដ្ឋប្រហារនេះ នឹងត្រូវទទួលខុសត្រូវ ទោះក្នុងតម្លៃណាក៏ដោយ។ យ៉ាងណាក្ដី បើតាមទូរទស្សន៍ Al Jazeera អ្នកនាំពាក្យទីភ្នាក់ងារចារកម្មតួកគី បានប្រាប់ទូរទស្សន៍ NTV ថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារ បានបរាជ័យ។
កងទ័ពតួកគីមួយក្រុម នៅថ្ងៃទី១៥ ខែកក្កដា បានប្រកាសថា ខ្លួនធ្វើរដ្ឋប្រហារ និងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។ ក្រុមយោធា ដែលនៅពីក្រោយការធ្វើរដ្ឋប្រហារទាំងនោះ និយាយថា ខ្លួនត្រួតត្រាផ្នែកជាច្រើន ខណៈព្រលានយន្តហោះអ៊ីស្តង់ប៊ុល ត្រូវបានបិទ ហើយយន្តហោះចម្បាំង ត្រូវបានឃើញហោះលើអាកាស។
ប្រធានាធិបតី Erdogan ទៅដល់អ៊ីស្តង់ប៊ុល បន្ទាប់ពីនាយករដ្ឋមន្ត្រី Binali Yildirim បានប្រាប់ទូរទស្សន៍ NTV ថា ស្ថានការណ៍តួកគី គឺត្រូវបានគ្រប់គ្រងស្ទើរទាំងស្រុងហើយ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏ប្រកាសដាក់តំបន់គ្មានការហោះហើរ លើរដ្ឋធានីអង់ការ៉ា បន្ទាប់ពីមានឧទ្ធម្ភាគចក្រមួយ គ្រឿងត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង។
បន្ថែមពីលើនេះ ក៏មានសេចក្ដីរាយការណ៍ថា អាគារសភាតួកគី ក៏រងការវាយប្រហារផងដែរ។ ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu ផ្សាយដែរថា ប៉ូលិស១៧នាក់ បានបាត់បង់ជីវិត នៅមូលដ្ឋានកងកម្លាំងពិសេស។
ដោយឡែក ប្រជាជនតួកគីរាប់រយនាក់ បានចេញមកតាមដងផ្លូវ និងទីតាំងសំខាន់ៗ ក្នុងរដ្ឋធានីអង់ការ៉ា និងអ៊ីស្តង់ប៊ុល ដើម្បីបញ្ជាក់ការគាំទ្ររបស់ពួកគេចំពោះរដ្ឋាភិបាល បើទោះជាយោធាដែលធ្វើរដ្ឋប្រហារ ដាក់បម្រាមគោចរ និងច្បាប់អាជ្ញាសឹកក៏ដោយ។ បុរសតួកគីម្នាក់ស្រែកថា៖«យើងមានរដ្ឋាភិបាល។ យើងមានមេបញ្ជាការកងទ័ព ហើយយើងមិនអនុញ្ញាតឲ្យប្រទេសធ្លាក់ឱនថយឡើយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com