អន្តរជាតិ
ពលរដ្ឋ​ចិន​នៅ​ហូ​ឡង់ បាតុកម្ម​ប្រឆាំង​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​
18, Jul 2016 , 2:10 pm        
រូបភាព
ដោយ:
​ពល​ដ្ឋ​ចិន​ជាច្រើន​នាក់​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ហូ​ឡង់ នៅ​ថ្ងៃទី​១៦ ខែកក្កដា​កន្លងទៅ បាន​ប្រមូល​ផ្តុំគ្នា​នៅ​វិមាន​សន្តិភាព​ក្នុង​ក្រុងឡាអេ​ដើម្បី​បាតុកម្ម​ប្រឆាំង​ទៅនឹង​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដែល​ទើបតែ​ប្រកាស​កាលពីពេល​ថ្មីៗ​នេះ​។



«​យើង​ពិតជា​មានការ​ភ្ញាក់ផ្អើល និង​ខឹង​យ៉ាងខ្លាំង​ទៅលើ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដែល​បានប្រកាស​កាលពី​ថ្ងៃទី​១២ ខែកក្កដា​កន្លងទៅ ដោយ​សាលាក្តី​ម​ជ្ឈ​ត្ត​កម្ម​។ សហគមន៍​ប្រជាជន​ចិន​នៅ​ទូទាំងប្រទេស​ហូ​ឡង់ បានសម្រេច​ចិត្ត​ធ្វើ​បាតុក​កម្ម​ដើម្បី​បង្ហាញ​ពី​គោលជំហ​របស់​ចិន​ឲ្យ​បាន​ច្បាស់​»​។ នេះ​គឺជា​លើកឡើង​របស់លោក Huang Yue ប្រធាន​ក្រុមប្រឹក្សា​ដើម្បី​លើកកម្ពស់​ការរួបរួម​សន្តិភាព​ជាតិ​នៅ​ហូ​ឡង់​។

​លោក Huagn បាន​អះអាងថា ពលរដ្ឋ​ចិន​ជាង​៥០០​នាក់ បាន​ចូលរួម​បាតុក​កម្ម​នោះ​។ លោក ពន្យល់​ដែរ​ថា បាតុកម្ម​នៅ​ហូ​ឡង់ ពិត​ជាមាន​សារៈសំខាន់​ណាស់ ដ្បិត វា គឺជា​កន្លែង​ដែល​សាលក្រម​ត្រូវបាន​ប្រកាស ហើយ​ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​សហគមន៍​ប្រជាជន​ចិន​នៅ​ជុំវិញ​ពិភពលោក ត្រូវតែ​បង្ហាញ​ពី​សំឡេង​របស់​យើង​ឲ្យ​ពិភពលោក​បានដឹង​។

​លោកស្រី Che Luyao បាតុករ​ម្នាក់​ដែល​បាន​ចូលរួម​បាតុកម្ម​នោះ បាន​អះអាង ចិន បាន​ដកចេញ​ការដោះស្រាយ​ដែលមាន​លក្ខណៈ​ចាប់បង្ខំ​ពី​ជម្លោះ​ដែលជា​ប់​ពាក់ព័ន្ធ​ការកំណត់​អធិបតេយ្យ​ដោយ​ស្របតាម​មាត្រា​២៩៨​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ប៉ុន្តែ រដ្ឋបាល​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ បានដាក់​បណ្តឹង​ដោយ​ខុស​នីតិវិធី​។

​លោកស្រី បាន​បន្ថែមថា ការបង្កើត​ម​ជ្ឈ​ត្ត​កម្ម​នោះ បាន​បំពាន​នឹង​បទបញ្ញត្តិ​របស់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ដ្បិត តុលាការ​មិនមាន​សិទ្ធិ​ក្នុងការ​សម្រេច​លើ​សិទ្ធិ​អធិបតេយ្យ និង​សិទ្ធិ​ដែនសមុទ្រ​របស់​ចិន​ឡើយ ជាពិសេស​នោះ សាលក្រម​នោះ ក៏​គ្មាន​អនុភាព​ចាប់បង្ខំ​អ្វី​ដែរ​។

​លោក Peter ដែលជា​ប្រជាជន​ហូ​ឡង់ និង​មាន​ប្រពន្ធ​ជនជាតិ​ចិន ក៏បាន​បង្ហាញ​ពី​ការគាំទ្រ​របស់លោក​លើ​ជំហ​ចិន និង​ការធ្វើ​បាតុកម្ម​នោះ ដោយ​លោក សង្កត់ធ្ងន់ថា វា ពិតជា​សំខាន់​ណាស់​សម្រាប់​ហូ​ឡង់ និង​ប្រទេស​ទូទាំង​ពិភពលោក​ដើម្បី​យល់​ពី​ការពិត​ពីក្រោយ​នៃ​ករណីនេះ​។​

​សូម​រម្លឹក​ផងដែរ នៅ​ថ្ងៃទី​១២ ខែកក្កដា​កន្លងទៅ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ បានចេញ​សាលក្រម​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​របស់​ហ្វីលីពីន​។ សាលក្រម​នោះ បាន​បកស្រាយ​ថា ការទាមទារ និង​សកម្មភាព​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​បំពាន​នឹង​កាតព្វកិច្ច​អន្តរជាតិ និង​មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ឡើយ​៕


Tag:
 សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com