ជាតិ
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សន្យា​បំពេញ​ផ្នត់គំនិត​លោក កែម ឡី
20, Jul 2016 , 10:39 pm        
រូបភាព
​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សន្យា​ប្រឹងប្រែង​បំពេញការងារ​តាម​មូលដ្ឋាន ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​សង្គម ដើម្បី​បំពេញ​ផ្នត់គំនិត​លោក កែម ឡី ដែល​ចង់​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​។​លោក កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ កក្កដា​កន្លងមកនេះ​។



​នៅពេលដែល​រំ​ឮ​ក​ពី​ឈ្មោះ​លោក កែម ឡី នោះ លោក សាម អ៊ី​ន ដែលជា​ក្រុម​បញ្ញាវន្ត​រួមការ​ងារ​ជាមួយ​លោក កែម ឡី ហាក់​មិន​ស្ងប់ចិត្ត​ឡើយ ពោលគឺ​លោក សាម អ៊ី​ន តែងតែ​ចងចាំ​នូវ​ផ្នត់គំនិត​លោក កែម ឡី ដែលមាន​មហិច្ឆតា​ចង់​ផ្លាស់ប្ដូរ​សង្គម​ជានិច្ច​។ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រូបនេះ យល់ថា ការបាត់បង់​លោក កែម ឡី គឺ​បាត់បង់​មនុស្ស​សំខាន់​មូ​យ​រូប ដែល​តែងតែ​ផ្ដល់​គំនិតល្អៗ ដល់​ក្រុម​បញ្ញាវន្ត និង​ដល់​គណបក្ស​លោក​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សាម អ៊ី​ន អះអាងថា ទោះបីជា​លោក កែម ឡី បាត់បង់​ជីវិត​ក៏​គណបក្ស​លោក​នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ជំហាន​បោះ​ទៅមុខ ដំណើរការ​ចូលរួម​ផ្លាស់ប្ដូរ​សង្គម ដើម្បី​បំពេញ​តាម​ឧ​ត្ត​ម​គតិ​របស់លោក កែម ឡី ។ «​គណបក្ស​យើង​នឹង​ប្រឹងប្រែង​បន្តសកម្មភាព​ការងារ ចុះ​តាម​មូលដ្ឋាន តាម​ផ្នត់គំនិត​លោក កែម ឡី ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្ដូរ​សង្គម​មួយ​ដោយ​សន្តិវិធី បង្រៀន​ឲ្យ​ពលរដ្ឋ​បាន​យល់ដឹង​ពី​បញ្ហា​សង្គម និង​ហ៊ាន​និយាយ ហ៊ាន​តស៊ូ​មតិ​ដើម្បី​ផ្លាស់ប្ដូរ​សង្គម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សាម អ៊ី​ន​។​

​នៅពេល​សួរថា តើ​មរណភាព​របស់លោក កែម ឡី អាចធ្វើ​ឲ្យ​ការគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាត់បង់​ដែរ​ទេ​? លោក សាម អ៊ី​ន ឆ្លើយតប​វិញ​ភ្លាម​ថា «​ការបាត់បង់​លោក កែម ឡី គឺអាច​ឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​ប្រយោល​ខ្លាំង​មកលើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ មហាជន​អាណិត គាំទ្រ​លោក កែម ឡី និង​បាន​យល់ និង​ដឹង​ពី​ស្នាដៃ​លោក កែម ឡី ថា មូលហេតុ​អ្វី​បានជា​គាត់​ងាក​មក​បង្កើត​បណ្ដាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ នឹង​ផ្តួចផ្ដើម​មក​បង្កើត​គណបក្ស​នេះ ដើម្បី​ផ្លាស់ប្ដូរ​សង្គម​ក្នុង​ដំណើរការ​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​»​។

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានដាក់​កំណត់​ផែនការ​ខ្លួន ដោយ​ចូលរួម​បោះឆ្នោត​ចំនួន​១០០​ឃុំ សង្កាត់ ដោយ​កំណត់​គាំទ្រ​ឲ្យ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឈ្នះ​២០​ឃុំ សង្កាត់ ដើម្បី​ដឹកនាំ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​។ នេះ​បើតាម​លោក សាម អ៊ី​ន ដែល​អះអាងថា ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ គណបក្ស​លោក បានកំណត់​ផែនការ បំបែក​សំឡេង​៥០​បូក​១ ដោយ​មិន​ឲ្យ​គណបក្ស​ណាមួយ​អាចមាន​អំណាច​គ្រប់គ្រាន់ ក្នុងការ​អនុម័ត​ច្បាប់ និង​ដាក់​គោលនយោបាយ​ប្រទេសជាតិ​ស្រេច​តែ​ចិត្ត​ឡើយ ហើយ​នេះ​ជា​គោល​គំនិត​លោក កែម ឡី មុនពេល​បាត់បង់​ជីវិត​។​

​លោក កែម ឡី អ្នកស្រាវជ្រាវ​សង្គម និង​ជា​អ្នកវិភាគ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ កក្កដា​កន្លងមកនេះ នៅក្នុង​ម៉ា​ត​មួយ ក្បែរ​ស្តុ​ប​បូកគោ​។ ការស្លាប់​របស់លោក កែម ឡី ត្រូវបាន​អ្នកនយោបាយ​ដាក់​សង្ស័យ​លើ​គ្នា​ទៅវិញទៅមក​ដែរ​។ តែ​យ៉ាងណា​លោក សាម អ៊ី​ន ស្នើ​ឲ្យ​អ្នកនយោបាយ​បញ្ឈប់​ការយក​មរណភាព​លោក កែម ឡី នេះ​មក​លាភ​ពណ៌​គ្នា ដើម្បី​កេងចំណេញ​នយោបាយ​ឡើយ​៕


Tag:
 កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com