ជាតិ
ព្រះសង្ឃ និង​អ្នកជំនាញ​ពុទ្ធសាសនា​ពី​៣០​ប្រទេស​នឹង​ពិភាក្សាគ្នា​លើ​ការកសាង​សន្តិភាព​
22, Jul 2016 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​តាម​បណ្តា​ប្រទេស​ប្រកាន់​ព្រះពុទ្ធសាសនា​ជាង ៧០០​នាក់ មកពី ៣០ ប្រទេស រួមមាន សមាជិក​អាស៊ាន អឺរ៉ុប ស្រីលង្កា និង​អាមេរិក​ជាដើម នឹងចូលរួម​សន្និសីទ​ព្រះពុទ្ធសាសនា​អន្តរជាតិ លើក​ទី ៣ ជា​លើកដំបូង ក្នុងប្រទេស​កម្ពុជា​។ សន្និសីទ​នេះ ប្រព្រឹត្តឡើង​ពី​ម៉ោង ៧​ព្រឹក ដល់ ៦​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ ក្នុង​ភោជនីយដ្ឋាន​ទន្លេបាសាក់​ទី ២​។​



​អង្គការ ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ប្រារព្ធ​កម្មវិធី​នេះ ដោយ​សហការ​ជាមួយនឹង​ពុទ្ធិក​សាក​វិទ្យាល័យ​ព្រះសីហនុ​រាជ និង​សាកលវិទ្យាល័យ​ព្រះពុទ្ធសាសនា​ពិភពលោក ក្រោម​ការគាំទ្រ​ពី​ក្រសួង​ធម្មការ និង​សាសនា​។ សន្និសីទ​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ ភាព​សុខដុម​នីយកម្ម​ព្រះពុទ្ធសាសនា​នៅក្នុង សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​៖ សន្តិភាព​ក្នុង​តំបន់ និង​ពិភពលោក (International Buddhist Conference Buddhist Harmony in AEC: Regional and World Peace)​។​

​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា ព្រះអង្គ ហាក់ សៀង​ហៃ បាន​មាន​សង្ឃដីកា​ឲ្យ​ដឹង​ពី​គោលបំណង​នៃ​ការ​ប្រារព្ធ​សន្និសីទ​សាសនាព្រះពុទ្ធ​នេះ គឺ​ចង់​ចែករំលែក​នូវ​ការ​បដិបត្តិ​ព្រះពុទ្ធសាសនា​ក្នុងការ​ចូលរួម​វិភាគទាន​សុខសន្តិភាព និង​ការពង្រឹង​សាមគ្គីភាព​ពុទ្ធសាសនិក​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក​។​

​បន្ថែម​លើ​នេះ ព្រះអង្គ​បន្ត​សង្ឃដីកា​ថា ព្រះសង្ឃ​កម្ពុជា​ចង់​ជំរុញ​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា ទៅកាន់​ពិភពលោក និង​ការបង្ហាញ​ពី​វប្បធម៌​អរិយធម៌ របស់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផងដែរ​។​

​ព្រះ​តេជគុណ មាន​សង្ឃដីកា​យ៉ាង​ដូច្នេះ​ថា​៖«​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មានបំណង​រឹតចំណង​សាមគ្គីភាព​បណ្តាញ​ព្រះពុទ្ធសាសនា​នៅក្នុង​តំបន់​អាស៊ាន ហើយ​ប្រែក្លាយជា សមាគម​ព្រះពុទ្ធសាសនា​អាស៊ាន (ASEAN Buddhist Community)​ផង​»​។​

​បើតាម​សង្ឃដីកា ព្រះអង្គ ហាក់ សៀង​ហៃ សន្និសីទ​នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដំបូង​នៅ​ប្រទេស​ថៃ ក្នុង​ឆ្នាំ ២០១៤ ដោយ​សាកលវិទ្យាល័យ​ព្រះពុទ្ធសាសនា បន្ទាប់មក​នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ ២០១៥ និង​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ ២០១៦ នេះ​។ ហើយ​ប្រទេស​មី​យ៉ាន់​ម៉ា នឹង​បន្ត​រៀបចំ​ស​ន្និសិទ​លើក​ទី ៤ ក្នុង​ឆ្នាំ ២០១៧​ក្រោយ​ទៀត​៕


Tag:
 ព្រះពុទ្ធសាសនា​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com