ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានស្តីទី​បក្សប្រឆាំង សន្យា​យកគំនិត​ល្អៗ របស់លោក កែម ឡី មក​រៀបចំ​សង្គម​
24, Jul 2016 , 9:20 am        
រូបភាព
​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​សន្យាថា នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​មានឱកាស​ដឹកនាំ​ប្រទេស​នោះ លោក​នឹង​យកគំនិត និង​យោបល់​ល្អៗ​របស់លោក​បណ្ឌិត កែម ឡី មក​រៀបចំ​សង្គម និង​ដឹកនាំ​ប្រទេស ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ ដែល​ស្របតាម​គោលបំណង​របស់លោក កែម ឡី ។



​ឯកឧត្តម កឹម សុខា ដែល​កំពុង​ឃុំ​ខ្លួនឯង​នៅ​ទីស្នាក់ការ​បក្ស និង​មិនបាន​ចូលរួម​ដង្ហែ​សព​លោក កែម ឡី នោះបាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖« ក្នុងថ្ងៃនេះ​ដែរ ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​នៅ​ចង់ចាំ​ជានិច្ច​នូវ​ពាក្យពេជន៍​របស់លោក​ប្អូន​(​កែម ឡី​) ដែល​បាន​និយាយ និង​ពិភាក្សា​ជាមួយ​ខ្ញុំ​ផ្ទាល់ នូវ​យោបល់​របស់លោក​ប្អូន​ផ្តល់​ឲ្យ​ខ្ញុំ​កន្លងមក ក្នុងការ​រៀបចំ​សង្គម និង​ប្រទេសជាតិ ជាពិសេស​កម្មវិធី​នយោបាយ​មូលដ្ឋាន « វិម​ជ្ឍ​ការ​អំណាច » ដែល​លោក​ប្អូន​បាន​សរសេរ​ឲ្យ​ខ្ញុំ​នោះ​។​ខ្ញុំ​សូម​គោរព នឹង​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​លោក​ប្អូន បណ្ឌិត កែម ឡី សូម​បាន​ទៅ​សោយ​សុគតិភព​កុំបី​ឃ្លាត​ឡើយ »​។​

​នៅ​ព្រឹក​ថ្ងៃទី​២៤ កក្កដា​នេះ ក្បួន​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី បាន​ចាក​ចេញពី​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ កំពុងធ្វើដំណើ​នៅ​យ៉ាង​សន្សើមៗ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ឆ្ពោះទៅកាន់​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលជា​ស្រុកកំណើត​របស់លោក​។ ពិធី​ដង្ហែ​សព​លោក កែម ឡី ព្រឹក​នេះ មាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់​។​

​លោក កែម ឡី ត្រូវបាន​ឃាតក បាញ់សម្លាប់​ក្នុង​ស្តា​ម៉ា​ត​មួយ (Star Mart) ដែល​ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ចំណែក​ឃាតករ ដែល​បាញ់សម្លាប់​លោក កែម ឡី មានឈ្មោះ ជួប សម្លាប់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភ្លាមៗ និង​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​បន្ត​ដំណើរការ​នីតិវិធី​របស់​តុលាការ​៕


Tag:
 កឹម សុខា​
 ​ កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com