អន្តរជាតិ
ចិន ៖ គ្រាន់តែ​ចុះ​ពី​រថយន្ត ស្ត្រី​ពីរ​នាក់​ត្រូវ​ខ្លា​ក្នុង​សួនសត្វ​ខាំ​អូស​ដោយ​ក្តី​ស្រេកឃ្លាន​
25, Jul 2016 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ម្នាក់​ត្រូវបាន​សម្លាប់ និង​ម្នាក់ទៀត​រងរបួស ដោយសារ​សត្វ​ខ្លា​នៅក្នុង​សួនសត្វ​មួយ​នៅ​ទីក្រុង​ប៉េកាំង ពេលដែល​ពួកគេ​ចុះ​ពី​រថយន្ត បន្ទាប់ពី​កើតមាន​ជម្លោះ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ចិន កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។​



​បើតាម​គេហទំព័រ Chinanews.com គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​នៅ​សួនសត្វ Beijing Badaling Wildlife ។ បន្ទាប់ពី​មានការ​ឈ្លោះប្រកែក​គ្នា ស្ត្រី​ម្នាក់​បាន​ចុះ​ពី​រថយន្ត​។ ភ្លាមនោះ សត្វ​ខ្លា​មួយ​ក្បាល​នៅក្នុង​សួនសត្វ​ស្រាប់តែ​បង្ហាញខ្លួន​នៅតាម​ផ្លូវ​ដែល​រថយន្ត​កំពុង​បរ រួច​ខាំ​អូស​ស្ត្រី​រូបនោះ​យកទៅ​បាត់​។ ឃើញ​ដូច្នោះ ស្ត្រី​ម្នាក់ទៀត​ក៏​ចុះ​ពី​រថយន្ត​ដេញតាម​សត្វ​ខ្លា​ពីក្រោយ ប៉ុន្តែ​ស្ត្រី​រូបនេះ​ក៏ត្រូវ​សត្វ​ខ្លា​មួយទៀត​សម្លាប់ រួច​អូស​យក​សាកសព​ទៅ​។​

​បុរស​ម្នាក់ និង​ក្មេងប្រុស​ម្នាក់​នៅក្នុង​ហេតុការណ៍​នេះ ដែល​បាន​ដេញតាម​ពីក្រោយ​ស្ត្រី​រងគ្រោះ​ទាំងពីរ មិនបាន​រងរបួស​ទេ​។ ភ្លាមៗ​នោះ សួនសត្វ​ក៏ត្រូវ​បិទ​ដើម្បី​ចាត់វិធានការ​ជាបន្ទាន់​។ ពេលនេះ ស្ត្រី​ម្នាក់​ដែល​រងរបួស​បាន​ផុតពី​គ្រោះថ្នាក់​ហើយ​។​

​សួនសត្វ​នេះ​អនុញ្ញាត​ឲ្យ​អ្នកទស្សនា​ជិះ​រថយន្ត​មើល​សត្វព្រៃ​ក្នុង​សួន​បាន ប៉ុន្តែ​គេ​ហាម​ចុះ​ពី​រថយន្ត ព្រោះ​វា​អាចមាន​គ្រោះថ្នាក់​។ កាលពី​ឆ្នាំ ២០១៤ ឧ​ទ្យា​នុ​រក្ស​ម្នាក់​ក៏ត្រូវ​សត្វ​ខ្លា​មួយ​ក្បាល​សម្លាប់​ផងដែរ​នៅក្នុង​សួនសត្វ​នេះ​៕

​ប្រភព​៖ Journal de Montréal

​វីដេអូ https://www.facebook.com/XinhuaNewsAgency/videos/1335771099783664/


© រក្សាសិទ្ធិដោយ thmeythmey.com