អន្តរជាតិ
ប្រធានអាស៊ានឡាវ រួចផុតពីព្យុះភ្លៀងធំ ក្រោយវៀងចន្ទន៍ក្លាយជាសមរភូមិការទូតសមុទ្រចិនខាងត្បូង
× ការយកវេទិការអាស៊ានដើម្បីឈ្លោះគ្នារឿងសមុទ្រចិនខាងត្បូងរវាងភាគីពាក់ព័ន្ធមិនមែនជារឿងថ្មីឡើយ។ តែសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩ដែលមានឡាវជាប្រធានលើកនេះ បានឡើងកម្តៅខ្លាំងបន្តិចហើយ ដ្បិតកិច្ចប្រជុំ បានប្រព្រឹត្តឡើងស្របពេលដែល ស្ថានភាពសមុទ្រចិនខាងត្បូងកំពុងតែប្រទាញប្រទង់គ្នារវាងបណ្តាមិត្តអាស៊ាន ជាមួយនឹងសម្ព័ន្ធមិត្តឡាវ គឺចិន។ បញ្ហានោះគឺ ចេតនានៃការដាក់សាលក្រមសមុទ្រចិនខាងត្បូងក្នុងសេចក្តីថ្លែងការណ៍រួមរបស់ហ្វីលីពីនដើម្បីប្រឆាំងចិន តែមិនទទួលបានការគាំទ្រទាំងស្រុងពីមិត្តអាស៊ានទាំងអស់ឡើយ។
ចុងក្រោយ ស្ថានភាពតានតឹងផ្នែកការទូត ដែលប្រៀបប្រដូចទៅនឹង «ព្យុះភ្លៀងដ៏ធំដែលបានបក់បោកមកលើអាស៊ាន» បានរសាត់ផុតហើយ។ ហើយឡាវ ដែលជាប្រធានអាស៊ាន និងជាអ្នកសម្របសម្រួលនៃកិច្ចប្រជុំនេះ ក៏បានធូរស្រាលពីសម្ពាធដែលចេញពីបញ្ហារបស់អ្នកដទៃដែលជាមិត្តអាស៊ាន និងសម្ព័ន្ធមិត្តប្រពៃណីចិនផងដែរ។ សក្ខីកម្ម ដែលបង្ហាញពីការធូរស្បើយរបស់ឡាវ ត្រូវបានបង្ហាញឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៤៩ ដែលបានបញ្ញត្តិពីបញ្ហាសមុទ្រចិនខាងត្បូងដោយមានការព្រមព្រៀងពីសមាជិកអាស៊ានទាំង១០។
អ្វីគួរកត់សម្គាល់នោះ មុនពេលនៃការចេញសេចក្តីថ្លែងការណ៍នេះ កម្ពុជា ត្រូវបានគេមើលឃើញថា រងការបន្ទោសជាច្រើនពីមជ្ឈដ្ឋានអន្តរជាតិ និងការសែតបរទេសមួយចំនួន។ នោះក៏ព្រោះតែ កម្ពុជា បានប្រកាសជំហរខ្ជាប់ខ្ជួនក្នុងការមិនគាំទ្រឲ្យមានសេចក្តីការណ៍ណាមួយដែលបញ្ញត្តិពីសាលក្រមសមុទ្រចិនខាងត្បូងរបស់តុលាការក្រុងឡាអេ ដែលកម្ពុជា បានចាត់ទុកថាជារឿងនយោបាយរៀបចំទុកជាមុនតាំងពីសាលក្រមនោះ មិនទាន់ប្រកាសមកម្ល៉េះ។
ចិន ស្កាត់ជួបអរគុណកម្ពុជា ខណៈកំពុងតែមានព្យុះភ្លៀងខ្លាំង
មុនពេល និងក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩ កម្ពុជា និងចិន ត្រូវបានរងការរិះគន់ខ្លាំងពីបណ្តាមជ្ឈដ្ឋានមួយចំនួនលើគោលជំហរសមុទ្រចិនខាងត្បូង។ តែការរិះគន់នេះ មិនបានធ្វើឲ្យកម្ពុជា ប្រែប្រួលជំហររបស់ខ្លួនឡើយ ផ្ទុយទៅវិញ វា បែរជាធ្វើឲ្យកម្ពុជា និងចិន កាន់តែបង្ហាញពីស្និទ្ធស្នាលនឹងគ្នាទៅវិញ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានថ្លែងអំណរគុណចំពោះសមភាគីកម្ពុជាលោកទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីនៃក្រសួងការបរទេស ប្រាក់ សុខុន ចំពោះការផ្តល់យុត្តិធម៌មួយក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងនាជំនួបទ្វេភាគីរវាងប្រមុខការទូតទាំងពីរនាឱកាសនៃកិច្ចប្រជុំពាក់ព័ន្ធនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន។
ប្រមុខការទូតចិនរូបនោះ ក៏បានសង្កត់ធ្ងន់ដែរថា «ប្រវត្តិសាស្ត្រ នឹងបង្ហាញពីជំហរត្រឹមត្រូវ និងយុត្តិធម៌របស់កម្ពុជា ដែលនឹងផ្តល់ប្រយោជន៍ដែលជាភាពរួបរួមរបស់អាស៊ាន តួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ក៏ដូចជា សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ផងដែរ។»
តាមពិតទៅការសម្តែងការដឹងគុណរបស់ចិនមកកាន់កម្ពុជាលើជំហរសមុទ្រចិនខាងត្បូង មិនមែនជាលើកដំបូងឡើយ។ នៅថ្ងៃទី២១ ខែមិថុនា កន្លងទៅ ពោលគឺក្រោយមួយថ្ងៃ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញថ្លែងការណ៍សមុទ្រចិនខាងត្បូង រដ្ឋាភិបាលចិន បានសរសើរ និងសាទរចំពោះសេចក្តីថ្លែងការណ៍នោះជាខ្លាំងផងដែរ។
បំណងហ្វីលីពីន បានត្រឹមតែជាក្តីស្រម៉ៃ
សូមជម្រាបជាថ្មីផងដែរថា ជម្លោះសមុទ្រចិនខាងត្បូង គឺជាជម្លោះអធិបតេយ្យរវាងភាគីពាក់ព័ន្ធដែលរួមមានសមាជិកអាស៊ានដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ នៅឆ្នាំ២០១៣ ហ្វីលីពីន បានដាក់បណ្តឹងទៅកាន់មជ្ឈត្តការនៃតុលាការអចិន្ត្រៃយ៍ក្រុងឡាអេ ប្រឆាំងចិនលើបញ្ហាសមុទ្រចិនខាងត្បូង។ ចុងក្រោយតុលាការ នៅថ្ងៃទី១២ ខែកក្កដា បានប្រកាសសាលក្រមតាមសំណើនីតិវិធីឯកតោភាគីមួយនេះ ដោយសម្រេចឲ្យបានហ្វីលីពីនឈ្នះក្តីលើចិន។
ជ័យជម្នះនេះ ត្រូវបានហ្វីលីពីន សង្ឃឹមយ៉ាងមុតមាំដើម្បីលើកក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីសុំឲ្យសមាជិកអាស៊ាន ផ្សេងទៀតចូលរួមចេញសេចក្តីថ្លែងការណ៍គាំទ្រដើម្បីឲ្យសាលក្រមនោះកាន់តែរឹងមាំក្នុងការយកទៅតទល់ជាមួយនឹងគូបដិបក្ខចិន។ ក្រោមកិច្ចសហការជាមួយនឹងវៀតណាម រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay បានទទូចឲ្យសមាជិកអាស៊ានគាំទ្រលើសាលក្រមរបស់ខ្លួនដើម្បីប្រឆាំងទៅនឹងចិន។ ហើយវៀតណាម ក៏បានព្រមានចំពោះអស្ថិរភាពរបស់អាស៊ានលើបញ្ហាសមុទ្រចិនខាងត្បូង ដែលកំពុងតែក្លាយតេស្តមួយសម្រាប់ការសាមគ្គីភាព និងតួនាទីស្នូលរបស់អាស៊ានទៀតផង។
យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍រួមនៃរដ្ឋមន្ត្រីការបរទេសលើកទី៤៩ មិនបានបញ្ជាក់ពីសាលក្រមសមុទ្រចិនខាងត្បូងឡើយ។ ក្នុងនោះ សេចក្តីថ្លែងការណ៍ គ្រាន់តែបញ្ជាក់ក្តីបារម្ភនៃការវិវត្តចុងក្រោយនៅក្នុងសមុទ្រចិនខាងត្បូង និងលើកឡើងឲ្យមានការអនុវត្តឲ្យពេញលេញពី DoC និងបន្តចរចាឲ្យបាន CoC ប៉ុណ្ណោះ។
បើតាមការអះអាងរបស់មន្ត្រីការទូតមួយជាមួយនឹងសារព័ត៌មាន Channel News Asia ហ្វីលីពីន បានបោះបង់ជំហរក្នុងការមិនដាក់ចំណុចនៃសាលក្រមតុលាការអន្តរជាតិនៅក្នុងសេចក្តីថ្លែងការណ៍រួមដើម្បីចៀសវាងការជំទាស់គ្នា ដ្បិត កម្ពុជា បានប្រកាសជាច្រើនលើកច្រើនសារហើយថា កម្ពុជា មិនគាំទ្រឡើយចំពោះការចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងសាលក្រមនោះ។
សូមបញ្ជាក់ផងដែរថា ជាគោលការណ៍របស់អាស៊ានដើម្បីអាចចេញសេចក្តីថ្លែងការណ៍រួមមួយបាន លុះត្រាមានការគាំទ្រពីសមាជិកទាំងដប់ជាមុនសិន៕
Tag:
ឡាវ
សមុទ្រចិនខាងត្បូង
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com