ជាតិ
លោក អះ​ម៉ាត់ យ៉ះ​យ៉ា រម្លឹក​ពី​គុណ​ខ្លះៗ​ដែល​លោក​ធ្លាប់ជួយ​លោក អូស្មាន ហាស្សាន់​
03, Aug 2016 , 10:18 am        
រូបភាព
លោក អះម៉ាត់ យ៉ះយ៉ា ពេលចូលបំភ្លឺនៅតុលាការនៅរសៀលថ្ងៃទី២ សីហា ឆ្នំា២០១៦
លោក អះម៉ាត់ យ៉ះយ៉ា ពេលចូលបំភ្លឺនៅតុលាការនៅរសៀលថ្ងៃទី២ សីហា ឆ្នំា២០១៦
​បណ្តឹង​បរិហារកេរ្តិ៍ រវាង​ភាគី​ដើមបណ្តឹង​ដែល​ត្រូវជា​ក្មួយ គឺ​លោក អូស្មាន ហាស្សាន់ ដែល​បាន​ប្តឹង​ពូ​របស់ខ្លួន គឺ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា កំពុង​ក្លាយជា​រឿង​ដែល​មហាជន​នៅតាម​សហគមន៍​ខ្មែរឥស្លាម តាមដាន​យ៉ាង​យកចិត្តទុកដាក់​។ បណ្តឹង​បរិហាកេរ្តិ៍​នេះ ទាក់ទង​នឹង​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ដែល​ប្រាប់​សារព័ត៌មាន​ថា លោក អូស្មាន ហាស្សាន់ បានរៀបចំ​គូស​ប្លង់​ធ្វើ​ផ្លួ​វ​កាត់​របង​វិហារ​បឹងកក់ ឫ​វិហារកាល់​សើ​កាល់ ក្នុង​ផលប្រយោជន៍​ណាមួយ​។



​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២ សីហា​ម្សិលមិញ បាន​កោះហៅ​ជនជាប់ចោទ លោក អះ​ម៉ាត់ យ៉ះ​យ៉ា ទៅ​បំភ្លឺ​ជា​លើក​ទី​២ ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហាកេរ្តិ៍ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៨ មេសា ឆ្នាំ​២០១៦​។ នៅ​ថ្ងៃទី​២៨ មេសា លោក អះ​ម៉ាត់ យ៉ះ​យ៉ា រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច បានផ្តល់​បទ​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ​សារព័ត៌មាន​ថ្មីៗ ដោយ​បញ្ជាក់ថា លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​សហការី ជា​អ្នករៀបចំ​គូរ​ប្លង់​ធ្វើ​ផ្លូវ​កាត់​របង​វិហារ​បឹងកក់ ដើម្បី​បាន​ផលប្រយោជន៍​។​

​ក្រោយពី​បញ្ចប់​ការសាកសួរ​អស់​រយៈពេល​ប្រមាណ​៣​ម៉ោង នៅ​រសៀល​ថ្ងៃទី​២ សីហា តុលាការ​សម្រេច​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​១៥ សីហា​។ លោក អះ​ម៉ាត់ យ៉ះ​យ៉ា បានផ្តល់​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​មានសង្ឃឹម​តិចតួច​ណាស់ ពាក់ព័ន្ធ​នឹង​បណ្តឹង​មួយ​នេះ​។ យ៉ាងណា​លោក​បញ្ជាក់ថា នឹង​រង់​ចាំមើល ថា​តើ​តុលាការ​មាន​ភាពយុត្តិធម៌​ដល់​កម្រិតណា​។​

​ទាក់ទង​នឹង​ការលើកឡើង​របស់លោក ដែលថា​ក្រុម​របស់លោក អូស្មាន ហាស្សាន់ ជា​អ្នករៀបចំ​គម្រោង​គូរ​ប្លង់​ផ្លូវ​កាត់​វិហារ​បឹងកក់​នោះ លោក អះ​ម៉ាត់ យ៉ះ​យ៉ា ពន្យល់ថា គឺ​លោក​និយាយ​រឿង​ប្លង់​ចាស់​តែប៉ុណ្ណោះ​។ ចំណែក​ប្លង់​ពិតប្រាកដ ដែល​ស្ថិតក្នុង​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ​នោះ គឺ​មិនទាន់​ច្បាស់លាស់​ទេ​។ លោក​បន្ថែមថា​៖« ខ្ញុំ​បាន​ជួប​អភិបាលក្រុង ​កាលពី​សប្តាហ៍​មុន គាត់​ប្រាប់ថាមិនទាន់​ច្បាស់​ទេ​។ ចឹ​ង​អ្វីដែល​ខ្ញុំ​និយាយ​ជាមួយ​កាសែត​នោះ គឺ​ខ្ញុំ​និយាយ​រឿង​ប្លង់​ចាស់ ដែល​អូស្មាន ហាស្សាន់ និង​សហការី​គូរ​...»​។​

​ក្រៅពី​បង្ហាញ​ជំហ​រចង់​បញ្ចប់​រឿងក្តី​នេះហើយ លោក អះ​ម៉ាត់ យ៉ះ​យ៉ា ក៏បាន​សុំ​ទោស​ក្មួយ​របស់លោក គឺ​លោក អូស្មាន ហាស្សាន់​ផងដែរ​។ លោក​រៀបរាប់ថា​៖«... ខ្ញុំ​បាន​និយាយថា ប្រសិន​ខ្ញុំ​បាន​និយាយ​ខុស ខ្ញុំ​សុំ​អភ័យទោស​។ ដោយសារ​អ្វី ដោយសារ​វា​ជា​ក្មួយ​របស់ខ្ញុំ ខ្ញុំ​ជា​មា​រប​ស់វា​...»​។ លោក​បាន​រម្លឹក​ពី​គុណ​របស់លោក​ខ្លះៗ ដែល​លោក​ធ្លាប់ជួយ​លោក អូស្មាន ហាស្សាន់ ទាំង​ការដែល​លោក​បាន​ជួយ​ក្មួយ ឲ្យ​ប្រឡូក​ក្នុង​ឆាកនយោបាយ​រហូតមក​ដល់​សព្វថ្ងៃនេះ​៖«...​កាល​វា​នៅ​ក្មេងៗ អត់​ទាន់​ចេះ​ជិះ​កង់ ខ្ញុំ​អ្នក​ឌុប​វា ហត់​ចង់​ងាប់ បែកញើស អាវ​ស​ប្រែជា​ពណ៌​ផ្សេង​។ ពេល​វា​ចង់​ធ្វើ​នយោបាយ ខ្ញុំ​ក៏​ឲ្យ​វា​ទៅ​ប្រជុំ​នៅ​ឥណ្ឌូនេស៊ី ដើម្បី​ថ្ងៃក្រោយ​ស្គាល់​គេឯង​...​វា​មក​ខឹង​ និង​ប្តឹង​ខ្ញុំ គ្រាន់តែ​សំដី​មួយ​ម៉ាត់​ហ្នឹង ទារ​សំណង​១​លាន​ដុល្លារ​។​...​វា​នាំ​តែ​ខាត​ពេលវេលា និង​ប្រយោជន៍​រួម​ទេ​...»​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី លោក អះ​ម៉ាត់ យ៉ះ​យ៉ា ក៏បាន​លើកឡើង​ពី​ការ​ខាត​ប្រយោជន៍​ខាង​នយោបាយ​ផងដែរ​។ ព្រោះថា ទាំង​លោក និង​លោក អូស្មាន ហាស្សាន់ ស្ថិតក្នុង​គណបក្ស​ប្រជាជន​តែមួយ ដូច្នេះ​វា​នឹង​អាច​ប៉ះពាល់​ដល់​សន្លឹកឆ្នោត ដោយ​គ្រាន់តែ​រឿង​ជម្លោះ​ផ្ទាល់ខ្លួន​បែបនេះ​។​

​យ៉ាងណាក៏ដោយ គេ​នៅ​ចាំមើល​សេចក្តីសម្រេច​របស់​តុលាការ ខណៈដែល​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ចង់បាន​ការសម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ​។ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការឆ្លើយតប​ពី​ខាង​លោក អូស្មាន ហាស្សាន់​បានទេ ខណៈដែល​លោក​កំពុង​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​គួររម្លឹកថា ក្នុងពេល​ចូល​សវន​ការបំភ្លឺ​លើក​ទី​២​របស់លោក អះ​ម៉ាត់ យ៉ះ​យ៉ា កាលពី​ម្សិលមិញ ក៏មាន​អ្នក​ដែល​ជំទាស់​នឹង​គម្រោង​ធ្វើ​កាត់​របង​វិហារ​បឹងកក់ នៅក្នុង​រាជធានី និង​តាម​បណ្តា​ខេត្ត​ចូលរួម​ផងដែរ​។ សាសនិក​ឥស្លាម​ទាំងនោះ​យល់ថា គម្រោង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាពស្ងប់ស្ងាត់​ក្នុង​ទីកន្លែង​គោរព​សក្ការ​របស់​ពួកគេ និង​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​ផ្លូវ​តាម​របង ជាជាង​កាត់​របង​វិហារ​។ វិហារ​បឹងកក់ គឺជា​វិហារ​ដែល​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា និង​ត្រូវ​បានដាក់​សម្ភោ​ធ​កាលពី​ថ្ងៃទី​២៧ មិនា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​របស់​សម្តេច ហ៊ុន សែន​៕


© រក្សាសិទ្ធិដោយ thmeythmey.com