អន្តរជាតិ
កូរ៉េខាងត្បូង ពិចារណា​ទីតាំង​ថ្មី​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​អាមេរិក ក្រោយ​រង​ការរិះគន់​ខ្លាំង​ពី​ប្រជាជន
04, Aug 2016 , 5:23 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល កំពុងតែ​ពិចារណា​ក្នុងការ​ប្តូរ​ទីតាំង​ថ្មី​សម្រាប់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក​ក្នុង​ទឹកដី​ខ្លួន​។ លទ្ធភាព​នៃ​ការផ្លាស់ប្តូរ​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​រង​នូវ​ការរិះគន់ និង​ប្រឆាំង​ជាខ្លាំង​ពី​សំណាក់​ប្រជាជន​កូរ៉េខាងត្បូង​ដែល​រស់នៅក្នុង​តំបន់​ដែល​បានកំណត់​ពីមុន​។



​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង Park Geun-hye បាន​ថ្លែងថា រដ្ឋាភិបាល​របស់លោក​ស្រី អាច​នឹង​ពិចារណា​ក្នុងការ​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅ​ទីតាំង​ថ្មី ក្នុង​ខេត្ត Seongju ដែល​នៅមាន​ចម្ងាយ​ត្រឹម​២៩៦​គីឡូ​ម៉ែត​ភាគខាងត្បូង​នៃ​ក្រុង​សេ​អ៊ូ​ល​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap នៅ​ថ្ងៃទី​០៤ ខែសីហា​នេះ​។

​សេចក្តីថ្លែងការណ៍​រប​ស់លោក​ស្រី​ប្រធានាធិបតី​រូបនេះ ក៏​ស្រប​ជាមួយនឹង​ការប្រកាស​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ដែល​ស្ថាប័ន​ទទួលបន្ទុក​លើ​កិច្ចការ​នេះ ដោយបាន​អះអាង នៅ​ថ្ងៃទី​០៤ ខែសីហា​នេះ​ថា ក្រសួង​នឹង​ពិចារណា​ទីតាំង​ថ្មី​នៅក្នុង​ខេត្ត Seongju សម្រាប់​ការដំឡើង THAAD ប្រសិនបើ រដ្ឋបាល​ថ្នាក់​ខេត្ត ស្នើ​ពី​លទ្ធភាព​នៃ​ការសិក្សា​ថ្មី​មួយទៀត​នោះ​។

​សូម​រម្លឹក​ផងដែរ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី​០៨ ខែកក្កដា​កន្លងទៅ បាន​ព្រមព្រៀង​ជា​ផ្លូវការ​ក្នុង​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​នៅក្នុង​ទីក​ដី​កូរ៉េខាងត្បូង​។ ក្រោយមក នៅ​ថ្ងៃទី​១៣ ខែកក្កដា​ដដែល​នោះ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​ទីតាំង​ជា​ផ្លូវការ​ដើម្បី​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ធុន​ធ្ងន់​នោះ ដោយ​នឹងដាក់​នៅក្នុង​ខេត្ត​សឹង​ជឺ (Seongju) ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​។​

​ក្រោយ​ការប្រកាស​នេះ មាន​ប្រជាជន​កូរ៉េខាងត្បូង​រាប់ពាន់ បាន​ផ្ទុះ​បាតុកម្ម​ប្រឆាំងនឹង​ការដំឡើង​នោះ​។ នៅ​ថ្ងៃទី​១៦ ខែកក្កដា​កន្លងទៅ ប្រជាជន​កូរ៉េខាងត្បូង​ជាង​៣០០០​នាក់ បាន​ផ្ទុះ​បាតុកម្ម និង​ឡោមព័ទ្ធ​ឡានក្រុង​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Hwang Kyo-ahn នៅ​ខេត្ត Seongju ភាគខាងត្បូង​នៃ​ប្រទេស​កូរ៉េខាងត្បូង ដោយ​ពួកគេ បាន​សន្យាថា នឹងធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នៃ​ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល​(THAAD) ត្រូវ​លុបចោល​ផងដែរ​៕


Tag:
 ​កូរ៉េខាងត្បូង​
  អាស៊ី បូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com