ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ពិន័យ​ពី ៥ ទៅ ២០ លាន​រៀល បើ​ជន​ណា​រារាំង​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត​
05, Aug 2016 , 8:49 am        
រូបភាព
ដោយ:
​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្មី ដែល​បាន​ចូល​ជា​ធរមានកាលពី​ចុង​ឆ្នាំ ២០១៥ ត្រង់​មាត្រា ១៧១ បានអនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កាបោះឆ្នោត ពិន័យ​ប្រាក់  ៥ ទៅ ២០ លាន​រៀល ដោយ​ពុំទាន់​គិតដល់​ទោសទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​គ្រប់​មធ្យោបាយ​ទុច្ចរិត​ខាងក្រោម​៖



​ទី ១ ការ​សកម្មភាព រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ឬ​រារាំង​មិន​ឲ្យ​ចុះឈ្មោះ​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត និង​សៀវភៅបញ្ជី​បោះឆ្នោត​។ ចំណុច​ទី ១ នេះ ក្រៅពី​ពិន័យ​ជា​ប្រាក់​ហើយ មាត្រា ១៧១ ដដែល​នេះ ក៏​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លុបឈ្មោះ​​ជន​ដែល​ប្រ​ព្រឹត្ត​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត ឬ​លុប​បេក្ខភាព​របស់​សាមីខ្លួន​ផងដែរ​។​

​ទី ២ ការ​​ធ្វើ​សកម្មភាព ទិញ​សន្លឹកឆ្នោត​ដោយ​សម្ភារ ឬ​ដោយ​ប្រាក់កាស ធ្វើ​ឲ្យ​ខូច​របៀបរៀបរយ​ក្នុងពេល​បោះឆ្នោត បង្ក​ការរំខាន​មិន​ឲ្យ​រាប់​សន្លឹកឆ្នោត​បាន  បង្ក​ការរំខាន​មិន​ឲ្យ​ដំណើរការ​បោះឆ្នោត​បាន ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​។ 
 
​ទី ៣ ការ​ធ្វើ​សកម្មភាព បង្ក​ការអុកឡុក ឬ​រារាំង​សកម្ម​ភាពជា​ប្រក្រតី ក្នុង​ទីកន្លែង​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត នៅ​អំឡុងពេល​នៃ​ការពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​។​
 
​ទី ៤ ការបញ្ជា​ឲ្យ​អ្នកគាំទ្រ ឬ​អ្នកបោះឆ្នោត ប្រព្រឹត្ត​អំពើ​រំលោភបំពាន អំពើ​គំរាមកំហែង អំពើហិង្សា​ទៅលើ​បេក្ខជន ឬ​ទៅលើ​គណបក្ស​ន​យោ​បាន​ដទៃ​។​
 
​ទី ៥ ការ​ធ្វើ​សកម្មភាព រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ទៅ​បោះឆ្នោត ។
 
​ទី ៦ ការ​រារាំង​បេក្ខជន ឬ​អ្នកគាំទ្រ​គណបក្សនយោបាយ​មិន​ឲ្យ​ឃោសនាបោះឆ្នោត តាម​ការកំណត់​។​
 
​ទី ៧ ការ​ធ្វើ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការសម្ងាត់​នៃ​ការបោះឆ្នោត​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com