ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហេង សំរិន មិនពេញ​ចិត្ត​ ហើយ​ឲ្យមេធាវី​ប្តឹងឧទ្ធរណ៍ទារឯ.ឧ សម រង្ស៊ី ឲ្យបាន​៣០០ លានរៀល​
05, Aug 2016 , 1:14 pm        
រូបភាព
លោក គី តិច មេធាវី​របស់​សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន
លោក គី តិច មេធាវី​របស់​សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
កាលពី​ព្រឹកមិញ​នេះ មេធាវី​ការពារក្តីរ​បស់​សម្តេច ហេង សំរិន​ លោក គី តិច បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសាលក្រម​​របស់​តុលាការ​រាជធានី​ភ្នំពេញ​ដែល​ឲ្យឯកឧត្តម សម រង្ស៊ី បង់​ប្រាក់ជំងឺចិត្ត​ជូន​សម្តេច​ ហេង សំរិន តែ​ ១៥០ លានរៀល​នោះ​។



លោក គី តិច បាន​អះអាងថា សម្តេច ហេង សំរិន មិនពេញចិត្តនឹងសំណងជំងឺ​ចិត្ត​ ដែលតុលាការដំបូងសម្រេច​ឲ្យ​ឯកឧត្តម សម រង្ស៊ី បង់តែ ១៥០ លានរៀល​ជូន​សម្តេច​នោះទេ។លោ​ក បន្ថែមថា  សម្តេច ហេង សំរិន ជាមន្រ្តីថ្នាក់​ខ្ពស់របស់​កម្ពុជា មិនអាចទទួល​យ​ក​នូវ​សំណង​ជំងឺ​ចិត្ត​ត្រឹមតែ ១៥០ លានរៀល​ទេ ទើបសម្តេច ហេង សំរិន ឲ្យលោក​ប្តឹង​ជំទាស់​ការ​ស​ម្រេ​ច​នេះ​ទៅ​ឧទ្ធរណ៍ ទាមទារ​ឲ្យ​ឯកឧត្តម សម រង្ស៊ី សងជំងឺ​ចិត្ត​ឲ្យបាន ៣០០ លាន​រៀល​។

សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ពិន័យ​ឯកឧត្តម សម រង្ស៊ី ឲ្យ​បង់​ថវិកា​ចំនួន១០លាន​រៀល​ជូន​រដ្ឋ និង​សង​សំណង​ជំងឺ​ចិត្ត​ចំនួន ១៥០លាន​រៀលប៉ុណ្ណោះ​ជូន​ សម្តេច ហេង សំរិន  ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។ តែបើតាមពាក្យបណ្ដឹងលោក គី តិច មេធាវី​តំណាង​របស់​សម្តេច ហេង សំរិន ដែលបានប្ដឹង​ឯកឧត្តម សម រង្ស៊ី ទៅសាលា​ដំបូងនោះ​បាន​ប្តឹង​ទារជំងឺចិត្ត ៣០០ លាន​រៀល។


សូម​បញ្ជាក់ថា លោក គី តិច ថ្លែង​ប្រាប់​អ្នក​កាសែតបែបនេះ ​ក្រោយ​ពីរូប​លោក​ចូល​បំភ្លឺ​នៅតុលាការ​ដំបូង​រឿងបណ្តឹង​របស់​សម្តេច ហ៊ុន​ សែន ប្តឹង​ឯកឧត្តម សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភារបស់គណបក្ស​សម រង្ស៊ី ជុំវិញ​ករណី​របស់​លោក កែម ឡី។​ លោក គី តិច បានចោទ​​ឯកឧត្តម សម រង្ស៊ី និងអ្នក​ស្រី ថាក់ ឡានី ថា បានរៀប​ចំ​គម្រោងទុក​ជាមុន​ ដើម្បី​ចោទ​សម្តេច​ ហ៊ុន សែន ថា ជាអ្នក​សម្លាប់​លោក កែម ឡី។

Tag:
 សម រង្ស៊ី
  ហេង សំរិន
© រក្សាសិទ្ធិដោយ thmeythmey.com