ជាតិ
ការដំឡើងថ្លៃ​សំបុត្រ​ទស្សនា​អង្គរ​ធ្វើ​ឲ្យ​សមាគម​ទេសចរណ៍​កោះប្រជុំ​បន្ទាន់​
05, Aug 2016 , 3:52 pm        
រូបភាព
​សៀមរាប​៖ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​គ្រឹះស្ថាន​អង្គរ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការចាប់ផ្តើម​រៀបចំ​តម្លៃ​លក់​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ថ្មី​។ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដំឡើងថ្លៃ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ទ្វេដង បើ​ធៀប​នឹង​តម្លៃ​ចាស់​។ ការណ៍​នេះ ធ្វើ​ឲ្យ​មានមតិ​លើកឡើង​ស្រដៀងៗ​គ្នា​ថា​មានតម្លៃ​ថ្លៃ ចំណែក​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​នោះ​វិញ កំពុង​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​រសៀល​ថ្ងៃទី​៥ សីហា​នេះ​។​



​គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័ន​គ្រប់គ្រង​ចំណូល​ពី​ការលក់​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ បានចេញ​សេចក្តីជូនដំណឹង​មួយ​នៅ​ថ្ងៃទី​៥ សីហា​។ ក្នុង​សេចក្តីជូនដំណឹង​នោះ បាន​រៀបរាប់​ជុំវិញ​ព័ត៌មាន នៃ​ការផ្លាស់ប្តូរ​តម្លៃ​សំបុត្រ ឫ​ប័ណ្ណ​ទស្សនា​អង្គរ​។ សេចក្តីជូនដំណឹង​បានសរសេរថា ប័ណ្ណ​ទស្សនា​សម្រាប់​១​ថ្ងៃ ដំឡើង​ពី​២០​ដុល្លារ ទៅ​៣៧​ដុល្លារ សម្រាប់​៣​ថ្ងៃ ដំឡើង​ពី​៤០​ទៅ ៦២​ដុល្លារ និង​សម្រាប់​៧​ថ្ងៃ ដំឡើង​ពី​៦០​ដុល្លារ ទៅ​៧២​ដុល្លារ​។​

​ការអនុវត្ត​តម្លៃ​ថ្មី​នេះ បើ​យោងតាម​សេចក្តីជូនដំណឹង​ខាងដើម នឹង​ចាប់ផ្តើម​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧​តទៅ ហើយ​ក្នុង​តម្លៃបន្ថែម​នោះ គឺ​២​ដុល្លារ ត្រូវ​បង់​ចូលក្នុង​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ផា​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​បានទេ ទាំង​លោក លី សែ នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​អង្គរ​។ ប៉ុន្តែ​គេ​នៅចាំ​ថា រដ្ឋមន្ត្រី​លោក អូន ព័ន្ធមុនីរ័ត្ន ធ្លាប់បាន​និយាយថា រដ្ឋាភិបាល​មាន​គោលការណ៍​ដំឡើងថ្លៃ​ប័ណ្ណ​នេះ​យូរហើយ​។ ក្នុង​ពិធី​បើក​សម្ភោ​ធ​ជា​ផ្លូវការ​គ្រឹះស្ថាន​អង្គរ កាលពី​ថ្ងៃទី​១ មិនា ឆ្នាំ​២០១៦ នៅក្នុង​ខេត្តសៀមរាប លោក អូន ព័ន្ធមុនីរ័ត្ន បាន​និយាយថា តម្លៃ​បច្ចុប្បន្ន (២០​ដុល្លារ​) គឺ​មិន​ស័​ក្ត​សម​នឹង​តម្លៃ​នៃ​សម្បត្តិ​វប្បធម៌​របស់​ប្រាង្គ​ប្រាសាទខ្មែរ​ឡើយ​។​



​ការដំឡើង​តម្លៃ​ប័ណ្ណ​ទស្សនា​នេះ ក៏មាន​ប្រតិកម្ម​ពី​សំណាក់​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ផងដែរ​។ លោក រស់ សណ្តាន ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ជនជាតិខ្មែរ​និយាយ​ភាសា​រុស្ស៊ី បង្ហាញ​អារម្មណ៍​ថា វា​ហាក់ដូចជា​ថ្លៃ​បន្តិច​សម្រាប់​ការយល់ឃើញ​របស់លោក​។ លោក​ពន្យល់ថា ក្នុងស្ថានភាព ដែល​ពិភពលោក កំពុងមាន​វិបត្តិ​សេដ្ឋកិច្ច រដ្ឋាភិបាល​មិនគួរ​ដំឡើងថ្លៃ​នោះទេ​។ លោក​បន្ថែមថា​៖« ទាំង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក វិបត្តិ​នយោបាយ ខ្ញុំ​ថា​គោលការណ៍​នេះ​វា​មិន​ស៊ីគ្នា​សោះ​។ ដល់ពេល​គេ​កំពុងតែ​ធ្លាក់ យើង​បែរជា​ដំឡើងថ្លៃ វា​មិន​ស៊ីគ្នា​។ វា​ល្អ​ហើយ បើ​យើង​ចង់​លើក​តម្លៃ​បេតិកភណ្ឌ​ជាតិ​យើង​នោះ​»​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប លោក ផាវ ព្រឿ​ន មិនទាន់​អាច​សុំ​ការបំភ្លឺ​បានទេ ប៉ុន្តែ​លោក​បញ្ជាក់​ខ្លី​នៅ​រសៀល​នេះ​ថា សមាគម​របស់លោក កំពុងបើក​កិច្ចប្រជុំ​មួយ​ជាបន្ទាន់ ជុំវិញ​ការកំណត់​គោលការណ៍​ថ្មី​របស់​រដ្ឋាភិបាល​នៅពេលនេះ​។​

​ទាំង​ទីភ្នាក់ងារ​ទេសចរណ៍ ទាំង​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ធ្លាប់បាន​សម្តែង​ការបារម្ភ​ជុំវិញ​ការធ្លាក់​ភ្ញៀវ​ទេសរ​បរទេស ខណៈដែល​ក្រសួងទេសចរណ៍​អះអាងថា បន្ត​កើនឡើង​រៀងរាល់ឆ្នាំ​។ ការដំឡើងថ្លៃ​ពន្ធ​នៅតាម​សណ្ឋាគារ  ប៊ូ​ទិ​ក ផ្ទះសំណាក់ ទីភ្នាក់ងារ​ទេសចរណ៍ ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​កញ្ចប់​ទេសចរណ៍​ក្នុងស្រុក​បង្កើន​តម្លៃ​លក់​ដល់​ភ្ញៀវទេសចរ ខណៈដែល​ទេសចរ​ទាំងនោះ អាច​នឹង​ងាក​ទៅ​កម្សាន្ត​នៅ​បណ្តា​ប្រទេស​ផ្សេងទៀត មាននៅ​វៀតណាម ថៃ និង​មី​យ៉ាន់​ម៉ា​ជាដើម​។

​ក្រៅពី​ករណី​ខាងលើនេះ ក្នុងនោះ​ការដំឡើង​តម្លៃ វី​សា (VISA) នៅតាម​ព្រលានយន្តហោះ ក៏​ជាដើម​ហេតុ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ផងដែរ​។ ការដំឡើង​តម្លៃ​វី​សា ចាប់ពី​២០​ដុល្លារ​ទៅ​៣០​ដុល្លារ​។ បញ្ហា​ទារលុយ​ពី​ភ្ញៀវ​របស់​ប៉ូលិសអន្តោប្រវេសន៍​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ក៏​ជា​រឿង​មួយ​បន្ថែមទៀត​ដែរ ដែល​ករណីនេះ​ធ្លាប់​កើត​ញឹកញាប់​ទៅ​ទេសចរ​ជនជាតិ​ចិន និង​កូរ៉េ ប៉ុន្តែ​គេ​មិនឃើញ​មាន​ដំណោះស្រាយ​បែបណា​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com