ជាតិ
សង្គមជាតិ
គយ​នឹង​បញ្ជូន​សំណុំរឿង​ភ្លុក​ដំរី​ទៅ​តុលាការ​
05, Aug 2016 , 9:37 pm        
រូបភាព
ដោយ:

ភ្នំពេញ​៖ មន្ត្រី​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ នឹង​បញ្ជូន​សំណុំរឿង​ភ្លុក​ដំរី​នាំចូល​ខុសច្បាប់​ជាង កន្លះ​តោន ឡើង​តុលាការ នៅ​សប្តាហ៍​ក្រោយ​។ នេះ​បើតាម​លោក គិ​ន លី ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​។​



​គយ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​បាន​សម្រេចឆែក​ឆេរកុងតឺន័រដែល​ឈ្មួញ​លួច​ដាក់​បង្កប់​ភ្លុកដំរីក្នុងបាវ​ពោត​ចំនួន ៦១៣​គីឡូក្រាម នៅ​ថ្ងៃទី​៥ ខែសីហា​នេះ​។​

​ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ លោក គិ​ន លី បាន​ប្រាប់​សារព័ត៌មាន​ថ្មី​ថា ឈ្មួយ​បានបន្លំ​បង្កប់​ភ្លុក​ដំរី​ក្នុង​បាវ​ពោត​ក្នុង​កុងតឺន័រ​ចំនួន​ពីរ​ដែល​នាំ​ពី​ទ្វីបអាហ្វ្រិក ចូលមក​កម្ពុជា តាម​ច្រក​កំពង់ផែ​ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ​២០១៤ ហើយ​ម្ចាស់​ទុកចោល​ពុំ​ចូលខ្លួន​មក​បំពេញបែបបទ​នាំចេញ​អស់​រយៈពេល ២​ឆ្នាំ​កន្លងទៅ​។​

​ប្រធាន​សាខាគយ​រូបនេះ បន្ត​ប្រាប់​ពី​មូលហេតុ​នាំ​ឲ្យ​គយ និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​សម្រេច​ឆែក​ទូរ​កុងតឺន័រ​ទាំងពីរ​ខាងលើ​ពេលនេះ ព្រោះ​ពួកគេ​ទន្ទឹងរង់ចាំ​ជួប​ម្ចាស់​កុងតឺន័រ​ដឹក​ពោត រយៈពេល ២​ឆ្នាំ តែ​ពួកគេ​ពុំ​ឃើញ​ម្ចាស់​ទំនិញ​ចូលខ្លួន​បំពេញបែបបទ​យក​អីវ៉ាន់​ចេញ​ឡើយ​។ ហើយ​ថា មន្ត្រី​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​ថត​ឃើញ ឬ​ស្កែ​ន​ឃើញ​តាំងពី​ឆ្នាំ​២០១៤ មកម្ល៉េះ​។​

«​យើង​បាន​រង់ចាំ​ម្ចាស់ ទំនិញ​មក​បំពេញបែបបទ​នាំយក​ទំនិញ​ចេញពី​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ អស់​រយៈពេល ២​ឆ្នាំ នៅតែ​មិនឃើញ​គេ​មក​យក ទើប​ស្ថាប័ន​នេះ​អនុវត្ត​ការងារ​ឲ្យ​ស្របតាម​ច្បាប់​ស្ដីពី​គយ​។ យើង​នឹង​បញ្ជូន​សំណុំ​រឿងនេះ ទៅ​តុលាការ នៅ​ដើម​សប្តាហ៍​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គិ​ន លី តាមរយៈ​ខ្សែ​ទូរ​សព្ទ អំពី​ទូរ​កុងតឺន័រ​ផ្ទុក​ភ្លុក​ដំរី​ចំនួន ៦១៣​គីឡូក្រាម​។​

​បើតាម​លោក គិ​ន លី ភ្លុក​ដំរី​ទាំងនេះ ត្រូវ​ឈ្មួយ​បន្លំ​បង្កប់​ក្នុង​បាវ​ពោត​នាំចូល​ពី​ទ្វីបអាហ្វ្រិក (Africa) ឆ្លងកាត់​កម្ពុជា​រួច បន្ត​នាំចេញ​ទៅកាន់​ប្រទេស​ផ្សេងទៀត​។ តែ​លោក​ដឹង​ច្បាស់ ពី​ប្រទេស​គោលដៅ​ចុងក្រោយ​ឡើយ​។​

​តាមពិតទៅ អាហ្វ្រិក​ជា​ជម្រក​នៃ​សត្វ​ដំរីព្រៃ​ច​ម្លោះ​ពី​៤៥​ម៉ឺន​ក្បាល ទៅ​៥០​ម៉ឺន​ក្បាល​ឯណោះ ប៉ុន្តែ​រឿង​គួរ​ឲ្យ​សង្វេក គឺ​សត្វ​ដំរី​ច្រើនជាង ៣​ម៉ឺន​ក្បាល ត្រូវបាន​គេ​សម្លាប់​យក​ភ្លុក​រាល់​ឆ្នាំ ដើម្បី​បំពេញ​តម្រូវ​ទីផ្សារ​នៅ​អាស៊ី ដែល​កំពុង​ត្រូវការ​ភ្លុក​សត្វព្រៃ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ភ្លុក​សត្វ​នេះ ត្រូវបាន​គេ​លក់​ចេញទៅ​ទីផ្សារ​អាស៊ី ក្នុងតម្លៃ ១០០០ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ហើយ​ទីផ្សារ​ធំ​សម្រាប់​ភ្លុក​សត្វ​ពី​អាហ្វ្រិក គឺ​ប្រទេស​ចិន​៕


Tag:
 ភ្លុកដំរី
  គយ
  កំពង់ផែព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com