អន្តរជាតិ
នយោបាយអន្តរជាតិ
ថ្ងៃនេះ ៧១ឆ្នាំមុន អាមេរិកទម្លាក់គ្រាប់បរមាណូកម្ទេចទីក្រុងជប៉ុនហ៊ីរ៉ូស៊ីម៉ា
× ថ្ងៃ ៦ សីហា ឆ្នាំ១៩៤៥ នៅម៉ោងប្រហែល ២ ៖៤៥នាទីព្រឹក (ម៉ោងប្រទេសជប៉ុន) យន្តហោះទម្លាក់គ្រាប់បែក B-29 អាមេរិកមួយគ្រឿងឈ្មោះ Enola Gay បាន ហោះចេញពីកោះTinian ដើម្បីកម្ទេចទីក្រុងជប៉ុន ហ៊ីរ៉ូស៊ីម៉ា។ យន្តហោះនេះបានធ្វើដំណើរមកដល់ទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) និងដាច់ចិត្តទម្លាក់គ្រាប់នៅម៉ោង៨៖១៦នាទីព្រឹក។ រឿងដែលរន្ធត់បំផុតនោះគ្រាន់តែគ្រាប់បែកបរមាណូធ្លាក់ដល់ដីភ្លាម ទីក្រុងទាំងមូលខ្ទេចស្ទើរគ្មានសល់ ហើយមនុស្សប្រហែល ៨ម៉ឺននាក់ស្លាប់ភ្លាមៗ និងមនុស្សប្រហែល៣៥០០០នាក់ទៀតរងរបួសផងដែរ ។
គ្រាប់បែកបរមាណូដែលសម្លាប់មនុស្សរាប់សែននាក់នៅទីក្រុង ហ៊ីរ៉ូស៊ីម៉ាត្រឹមជាគ្រាប់បែកទីមួយ ហើយត្រូវបានគេស្គាល់ឈ្មោះថា Little Boy ។ បីថ្ងៃក្រោយការទម្លាក់គ្រាប់នេះ គ្រាប់បែកបរមាណូមួយគ្រាប់ទៀតត្រូវបានទាហានជើងអាកាសអាមេរិកទម្លាក់កម្ទេចទីក្រុងជប៉ុន ណាកាសាគី (Nagasaki) ដែលបណ្តាលឲ្យប្រជាជនរាប់ម៉ឺននាក់ផ្សេងទៀតស្លាប់យ៉ាងអាណោចអាធម។
គេដឹងច្បាស់ថា ការទម្លាក់គ្រាប់បែកប្រល័យលោកកម្ទេចទីក្រុងជប៉ុននេះ ជាការសម្រេចចិត្តផ្ទាល់របស់ប្រធានាធិបតីអាមេរិក Harry S. Truman ក្រោយខឹងជប៉ុនមិនព្រមចុះចាញ់សង្គ្រាមលោកលើកទី២ដោយឥតលក្ខខណ្ឌតាមអ្វីដែលភាគីសន្និសីទក្រុង Potsdam បានទាមទារ។ប្រធានាធិបតីយល់ថា ការទម្លាក់គ្រាប់បែកបរមាណូប្រឆាំងជប៉ុននេះនឹងការពារមិនឲ្យសង្គ្រាមរីករាលដាល និងការបាត់បង់ជីវិតមនុស្សកាន់តែច្រើន ប្រសិនជាអាមេរិកត្រូវប្រើប្រាស់ទ័ពវាយឈ្លានពានទឹកដីជប៉ុន។ ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយរងការបំផ្លិចបំផ្លាញយ៉ាងដំណំដោយគ្រាប់បរមាណូពីរគ្រាប់ មេដឹកនាំជប៉ុនយល់ព្រមប្រកាសលើកទង់ជ័យស ចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌមែន ប៉ុន្តែសង្គ្រាមលោកលើកទី២ចប់ជាផ្លូវការនៅដើមខែកញ្ញាឆ្នាំ ១៩៤៥។
មកទល់ពេលបច្ចុប្បន្ននេះ នៅតែមានការជជែកពិភាក្សាគ្នាជុំវិញការទម្លាក់គ្រាប់បែកនេះ ដោយខ្លះអះអាងថា ការទម្លាក់គ្រាប់បែកបរមាណូប្រឆាំងជប៉ុនជាកំហុសឆ្គងរបស់អាមេរិក ព្រោះអាមេរិកអាចមានវិធីផ្សេងទៀតដើម្បីដាក់គំនៀបឲ្យជប៉ុនចុះចាញ់ ដោយមិនបាច់ប្រើអាវុធប្រល័យលោកនេះឡើយ។ យ៉ាងណាក៏ដោយចុះ ការប្រើប្រាស់គ្រាប់បែកអាតូមិកនៅជប៉ុនក្លាយជាប្រវត្តិសាស្ត្រនិងរឿងរ៉ាវខ្លោចផ្សាសម្រាប់ប្រជាជនជប៉ុននិងពិភពលោក។ ដូច្នេះទោះជាក្នុងកាលៈទេសៈណាក៏ដោយ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះមិនអាចកើតមានឡើងជាថ្មីទៀតឡើយនៅពេលខាងមុខ។
ទាក់ទិនសោកនាដកម្មនៅហ៊ីរ៉ូស៊ីម៉ានេះដែរ លោក បារ៉ាក់ អូបាម៉ា ក្លាយជាប្រធានាធិបតីអាមេរិកដំបូងបំផុតដែលអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធប្រជាជនជប៉ុនដែលបានស្លាប់បាត់បង់ជីវិតនៅហ៊ីរ៉ូស៊ីម៉ាក្នុងខែឧសភាកន្លងទៅ ប៉ុន្តែលោកមិនបានសុំអភ័យទោសចំពោះការទម្លាក់គ្រាប់បែកនេះឡើយ។ យ៉ាងណាមិញ លោកបានឆ្លៀតផ្ញើសារទៅកាន់មេដឹកនាំឯទៀតជាពិសេសប្រទេសដែលមានអាវុធនុយក្លេអ៊ែរទប់ស្កាត់ឲ្យមានកុំមានការសាយភាយឬឈានដល់ប្រើប្រាស់អាវុធប្រល័យលោកនេះជាថ្មីទៀត។ ប្រជាជនជប៉ុនសង្ឃឹមថា បណ្តាមេដឹកនាំពិភពលោកផ្សេងទៀតនឹងធ្វើតាមលោក បារ៉ាក់ អូបាម៉ា ហើយជប៉ុនក៏ប្តេជ្ញាបន្តតួនាទីជាតស៊ូមតិជំរុញឲ្យមានការធ្វើឲ្យពិភពលោកក្លាយជាពិភពដែលគ្មានអាវុធនុយក្លេអ៊ែរថែមទៀតផង៕
ឯកសារពិគ្រោះ៖
-History.com
-Japan Times
Tag:
ហ៊ីរ៉ូស៊ីម៉ា
ណាកាសាគី
© រក្សាសិទ្ធិដោយ thmeythmey.com