ពីនេះ ពីនោះ
កុំ​ភ័យ អ្នកចេះ​ជាប់​ហើយ​!
15, Aug 2016 , 5:19 pm        
រូបភាព
រូបថតពី៖ អង្គភាពប្រឆាំងអំពើពុករលួយ
រូបថតពី៖ អង្គភាពប្រឆាំងអំពើពុករលួយ
ដោយ:
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!
​កំណាព្យ​បទ អើយ​រ៉ា​



-​ដល់​ហើយ អើយ​រ៉ា ពេល​ប្រឡង​
​ប្អូន​បង អើយ​រ៉ា ត្រៀម​គ្រប់គ្នា​
​ប្រុស​ស្រី អើយ​រ៉ា កុំ​ដកឃ្លា​
​ដល់​គ្រា អើយ​រ៉ា សាក​ថ្វីដៃ​។​

-​ប្រឡង អើយ​រ៉ា ណា​កុំ​ភ័យ​
​យកជ័យ អើយ​រ៉ា ឲ្យ​ថ្លាថ្លៃ​
​ចេះ​ជាប់ អើយ​រ៉ា កុំ​សង្ស័យ​
​សម័យ អើយ​រ៉ា រឹតបន្តឹង​។​

-​កុំ​ពឹង អើយ​រ៉ា អ្នក​ថា​ជួយ​
​នាំ​ព្រួយ អើយ​រ៉ា គង់​គេ​ដឹង​
​ធ្លាក់​មុន អើយ​រ៉ា មិនបាច់​ប្រឹង​
​កុំ​ខឹង អើយ​រ៉ា គេ​តឹងតែង​។​

-​បង្ហាញ អើយ​រ៉ា ចំណេះ​ពិត​
​គួរ​គិត អើយ​រ៉ា ដោយ​ខ្លួនឯង​
​អ្នកចេះ អើយ​រ៉ា គេ​កោតក្រែង​
​ឃើញ​ស្តែង អើយ​រ៉ា មាន​កិត្តិយស​។​

-​ប្រឡង អើយ​រ៉ា មាន​ធ្លា​ក់ជាប់​
​រឿង​ភ័ព្វ អើយ​រ៉ា ឆ្ងាយ​មិន​ហួស​
​ជោគជ័យ អើយ​រ៉ា យើង​អ្នក​ត្រួស​
​ដង​ដួស អើយ​រ៉ា ដាំ​ខ្លួនឯង​៕


© រក្សាសិទ្ធិដោយ thmeythmey.com