ពីនេះ ពីនោះ
«​កាត់ទឹក​មិន​ដាច់ កាត់​សាច់​មិនបាន​»៖ បង្កប់ន័យ​បក្សពួកនិយម និង​ស្នេហា​ជាតិនិយម​
16, Aug 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទឹក​គឺជា​ធាតុ​រាវ ដែល​ឥតមាន​ពណ៌ ឥតមាន​ក្លិន ហើយក៏​ធាតុ​រាវ​មួយ​ដែលមាន​សារៈប្រយោជន៍​បំផុត​សម្រាប់​គ្រប់​ភាវៈ​មានជីវិត​ទាំងអស់​។ ចំណែកឯ​សាច់ គឺជា​អាកា​រៈ​មួយ​ប្រភេទ​ជា​បឋវីធាតុ​នៃរាងកាយ​មនុស្ស និង​សត្វ ព្រមទាំង​ភាវៈ​មានជីវិត​ទាំងអស់​ ដែល​ទ្រទ្រង់​សា​ព៌ា​ង្គ​កាយ ឬ​ជា​ប្រភេទ​សាច់​ផ្សេងៗ​ជាដើម​។ ប៉ុន្តែ​អ្វីដែល​សំខាន់​ពាក្យ​ថា​«​ទឹក​» និង​«​សាច់​» ត្រូវបាន​ចាស់​បុរាណ​ខ្មែរ លោក​លើក​ជា​សុភាសិត​ដើម្បី​អប់រំ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ទៅវិញ​។ តើ​ពាក្យ​ថា​«​កាត់ទឹក​មិន​ដាច់ កាត់​សាច់​មិនបាន​» មាន​អត្ថន័យ​បែបណា​? ហើយ​អាច​ត្រឹមត្រូវ​ក្នុង​កម្រិតណា​ដែរ​?



​ពិតណាស់ ធាតុ​រាវ​ដូចជា​ទឹក តើ​អ្នកណាម្នាក់​ដែល​ហ៊ាន​អះអាងថា ខ្លួន​អាច​កាត់​ដាច់​? ចំណែកឯ​សាច់ រឹតតែ​មិនអាច​កាត់​បាន ព្រោះតែ​នៅពេលដែល​កាត់​ទៅ​វា​ឈឺ ទោះ​សាច់​មួយ​ដុំ ដែលមាន​ដំបៅ​ក៏​កាត់​មិនកើត​ដែរ ប្រសិន​គ្មាន​របៀប​កាត់​ឲ្យ​បាន​ត្រឹមត្រូវ​។ ទាំងនេះ​គឺជា​ហេតុផល​សាមញ្ញ​ ត្រង់ៗ​ របស់​ចាស់​បុរាណ ដែល​លោក​បានលើកឡើង​។

​ប៉ុន្តែ​ពាក្យសម្ដី​មួយ​ឃ្លា​នេះ ពិតជា​មិនមែន​គ្រាន់តែ​និយាយ​ពី​ធម្មជាតិ​របស់​ទឹក ឬ​ការឈឺចាប់​នៅពេលដែល​កាត់​សាច់​នោះដែរ​។ ប៉ុន្តែ​គឺជា​សុភាសិត​មួយ ដែល​គេ​អាច​បកស្រាយ​បាន​យ៉ាង​ទូលំទូលាយ​ពី​អត្ថន័យ​។​

​ជា​គំនិត​អប់រំ​ក្នុង​សុភាសិត​«​កាត់ទឹក​មិន​ដាច់ កាត់​សាច់​មិនបាន​» ចាស់​បុរាណ​ លោក​ចង់​បញ្ជាក់​ពី​ជម្រៅ​នៃ​មនោសញ្ចេតនា ភ្ជាប់​ដោយ​ឈាម​ស្រស់ សាច់​សាលោហិត បងប្អូន ត្រកូល​តែ​១​ជាមួយគ្នា​។ ក្នុង​លក្ខខណ្ឌ​បែបនេះ លោក​ចង់​អប់រំ​ថា សាច់សាលោហិត ទោះ​ស្ថិតនៅក្នុង​ស្ថានភាព​បែប​ណាក៏ដោយ ត្រូវ​ចេះ​ស្រឡាញ់ ចេះ​យក​អសារ​គ្នា​។

​សុភាសិត​មួយ​ឃ្លា​នេះ​ គឺ​ចង់​អប់រំ​យ៉ាងសំខាន់​បន្ថែមទៀត ទៅ​កូនប្រុស​ស្រី​ទាំងឡាយ​ កុំ​ឲ្យ​មានគំនិត​ស្អប់ខ្ពើម កំណាញ់ ច្រណែន ឬ​ខឹង​ក្រោធ​គំនុំគុំកួន ចំពោះ​បងប្អូន​ខ្លួនឯង​។ ព្រោះថា នៅពេលដែល​បានកើត​មកជា​បងប្អូន​ពី​ផ្ទៃ​ម្ដាយ​តែមួយ​ហើយ ស្រាប់តែ​មក​ឈ្លោះទាស់ទែង​គ្នា វា​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស់អៀន​។ មួយវិញទៀត គឺ​ចង់​អប់រំ​ថា អ្នក​ក្រៅ ដែល​មិនមែនជា​សាច់ឈាម ឬ​បងប្អូន មិនមែនជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុកចិត្ត នឹង​ពឹង​អាស្រ័យ​រហូត​នោះដែរ​។ ហេតុនេះ ទោះបីជា​ពេលខ្លះ​បងប្អូន​មាន​កំហុស ក៏​មិនអាច​ឈានដល់​ការបោះបង់ កាត់កាល​គ្នា​លែង​រាប់រក​នោះដែរ​។ វា​ស្មើ​និង​ពាក្យ​ថា​«​កាត់ទឹក​មិន​ដាច់ កាត់​សាច់​មិនបាន​»​ដែរ​។​

​បើ​និយាយ​ចំពោះ​ឪពុកម្តាយ សុភាសិត​នេះ គឺ​ពិតជា​មានតម្លៃ​ណាស់ ចំពោះ​សេចក្ដីស្រឡាញ់​របស់លោក​ ទៅលើ​កូនប្រុស​ស្រី​ទាំងឡាយ​។ ទោះបី​លោក​ធ្វើការ​ហត់នឿយ​អស់កម្លាំង​យ៉ាងណា ពេល​ឃើញ​កូន​ញ៉ាំ​បាន  មាន​សុខ​ភាពល្អ កូន​ចេះ​ស្រឡាញ់​បងប្អូន ចេះ​ជួយ​ទុក្ខធុរៈ​គ្នា លោក​បែរជា​ភ្លេច​អស់​នូវ​ភាព​នឿយហត់​។ ហេតុផល​នៃ​សេចក្ដីស្រឡាញ់​ដ៏​ធំធេង​របស់លោក​បែបនេះ  បើ​មាន​អ្នកណា​បញ្ជា​ឲ្យ​លោក​បោះបង់​កូន ឬ​សម្លាប់​កូន​របស់លោក ដោយ​ប្ដូរ​ជាមួយ​វត្ថុ​មានតម្លៃ​ផ្សេងៗ​ ក៏​លោក​មិនអាច​ធ្វើ​នោះដែរ​។ ហេតុនេះ​ទើប​មាន​ពាក្យ​ថា​«​កាត់ទឹក​មិន​ដាច់ កាត់​សាច់​មិនបាន​»​។

​ផ្ដើមចេញពី​ការបកស្រាយ​អត្ថន័យ​ទាក់ទង​នឹង​សាច់ឈាម​ក្នុងនាម​ជា ឪពុកម្ដាយ និង​កូនប្រុស​ស្រី បងប្អូន សាច់ញាតិ សុភាសិត​ថា​«​កាត់ទឹក​មិន​ដាច់ កាត់​សាច់​មិនបាន​» ក៏មាន​វិសាលភាព​អត្ថន័យ យ៉ាងសំខាន់​ទាក់ទង​នឹង​ការស្រឡាញ់​ជាតិ បណ្ដុះ​គំនិត​ស្នេហា​ជាតិ មនសិការ​ជាតិ និង​ឧត្ដមគតិ​ជាតិ ក្នុងនាម​ជា​ឈាមជ័រ​របស់​ជាតិ​មួយ​ផងដែរ​។ ការពិត បើ​មាន​ឈាម​ជា​ជាតិ​សាសន៍​មួយ​ដូចគ្នា​ គឺ​ប្រាកដ​ណាស់ ស្រឡាញ់​ជាតិ​សាសន៍ ខ្លួនឯង​ជាង​ជាតិ​សាសន៍​ដទៃ​។ ឧទាហរណ៍ គ្មាន​ជាតិ​សាសន៍​ណា ​ដែល​ស្រឡាញ់​ខ្មែរ ដូចដែល​ខ្មែរ​ស្រឡាញ់​ខ្មែរ​នោះទេ​។ តែបើ​ឲ្យ​ខ្មែរ កាត់​សាច់​ខ្មែរ ទៅ​ឲ្យ​សាសន៍​ផ្សេង នោះ​ប្រហែលជា​មិន​ត្រឹមត្រូវ​នោះដែរ​។

​នៅក្នុង​គំនិត​ដែល​បាន​បកស្រាយ​ខាងលើ​គឺ​បង្ហាញ​ឲ្យ​ឃើញថា ចាស់​បុរាណ​ខ្មែរ​លោក​មិនមែន​មានគំនិត​សាមញ្ញ​ធម្មតា​នោះទេ​។ ប៉ុន្តែ សម្ដី​របស់លោក​បាន​អប់រំ​ចាប់តាំងពី​បុគ្គល​នីមួយៗ រហូតដល់​គ្រួសារ សាច់​ញាត់ ឈានដល់​គំនិត​ជាតិ​។ ដ្បិតថា ការបកស្រាយ​មិន​ប្រាកដថា​ត្រឹមត្រូវ​១០០% ប៉ុន្តែ​ការគិត​ពី​អត្ថន័យ​ផ្នែក​គំនិត​របស់លោក និង​សង្កេត​ជាក់ស្ដែង​ក្នុងសង្គម​គឺជា​អត្ថន័យ​មួយ​ដែល​អាច​ទទួលយកបាន​។​

​តែ​ទោះជា​យ៉ាងណា សុភាសិត​ដែល​បានលើកឡើង​តាំងពី​រាប់សិប​ឆ្នាំមុន ក៏​មិន​ប្រាកដថា​ត្រឹមត្រូវ​រហូត​នោះដែរ​។ ជាក់ស្ដែង​ណាស់ ចំពោះ​សុភាសិត​នេះ បើសិនជា​គេ​គិត​ឲ្យ​ជ្រៅ​បន្តិច​ពី​តម្លៃ​នៃ​ការប្រតិបត្តិ​ក្នុង​ផ្លូវ​អវិជ្ជមាន​វិញ គឺ​បង្ហាញ​ពី​គំនិត​បក្សពួកនិយម​ដែល​គួរតែ​ពិចារណា​។ បន្ថែម​ពីនេះ ខណៈដែល​សង្គម​បច្ចុប្បន្ន មនុស្ស​រស់នៅ​ក្រោម​តណ្ហា និង​សេចក្ដី​ស្រេក​ឃ្លាន​ភាពមានបាន ពេលខ្លះ​បងប្អូន សាច់ឈាម​តែមួយ​ក៏​អាច​បំផ្លាញ​គ្នា​ផងដែរ​។ ក្នុងន័យនេះ កាលៈទេសៈ​បច្ចុប្បន្ន​«​កាត់​សាច់​មិនបាន​»​ប្រហែលជា​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ថាបើ​សាច់​នោះ ទុក​ទៅ​វា​តែង​បង្ក​ឲ្យ​ឈឺចាប់ តើ​ទុក​ធ្វើ​អ្វី​? នេះ​គឺជា​គំនិត​មួយ​។​

​ចំណែក​ក្នុង​ការគិត​បែប​អវិជ្ជ​មានមក​វិញ បច្ចុប្បន្ន​ព្រោះតែ​ពាក្យ​ថា​«​កាត់ទឹក​មិន​ដាច់ កាត់​សាច់​មិនបាន​»​បាន​បង្ក​ឲ្យ​មាន​រូបភាព​បក្សពួកនិយម នៅតាម​ស្ថាប័ន​នានា របស់​រដ្ឋ អំពើពុករលួយ​ ព្រោះតែ​ការយល់​ញាតិ​ឃ្លាត​ច្បាប់​។ ព្រោះតែ​យល់ថា​ជា​សាច់ ទើប​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​រៀបចំ​របៀប​សង្គម ជា​លក្ខណៈ​គ្រួសារនិយម សាច់ញាតិ​និយម និង​បង្ក​ឲ្យ​មាន​ភាពអយុត្តិធម៌​សង្គម​ចេះតែ​កើតមាន​។​

​ជារួម​មក សុភាសិត​«​កាត់ទឹក​មិន​ដាច់ កាត់​សាច់​មិនបាន​» គឺជា​សុភាសិត​មួយ ដែលមាន​តម្លៃ​អប់រំ​យ៉ាងសំខាន់ ​ចំពោះ​បុគ្គល​គ្រប់រូប​ឲ្យ​បានដឹងថា បងប្អូន​គឺ​សំខាន់​ណាស់​។ បងប្អូន សាច់ញាតិ គឺ​នៅតែ​ជា​ក្រុមមនុស្ស ​ដែល​ចាំ​ជួយ​យើង​មុនគេ នៅពេល​មាន​បញ្ហា​អ្វី​កើតឡើង​។ ប៉ុន្តែ​នៅពេលដែល​ប្រតិបត្តិ​គំនិត​ នៃ​សុភាសិត​នេះ​ខុស វា​នឹង​បង្កើត​ឲ្យ​មានគំនិត​បក្សពួកនិយម​ទៅវិញ​។​


© រក្សាសិទ្ធិដោយ thmeythmey.com