ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ នឹង​ជំនុំជម្រះ​រឿងក្តី​របស់លោក អ៊ុំ សំអាន នៅ​ដើមខែ​កញ្ញា​នេះ​
17, Aug 2016 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​របស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៦​។ នេះ​បើតាម​ការអះអាង​របស់​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក អ៊ុំ សំអាន​។



​លោក សំ សុ​គង់ បាន​លើកឡើងថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សំណុំរឿង​របស់លោក អ៊ុំ សំអាន ទៅកាន់​ចៅក្រម​ជំនុំជម្រះរួចហើយ​។ លោក បន្ថែមថា ការបញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ បញ្ចប់​នីតិវិធី​នៃ​ការ​ស៊ើបសួរ​របស់ខ្លួន កាលពីពេល​ថ្មីៗ​នេះ​។

​មុននឹង​តុលាការ​រាជធានី​ភ្នំពេញ ប្រកាស​បើកសវនាការ ក្រុម​មេធាវី​របស់លោក អ៊ុំ សំអាន បានស្នើ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល ដើម្បី​ឲ្យ​ដោះលែង​កូនក្តី​របស់ខ្លួន ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ប៉ុន្តែ សំណើសុំ​នៅក្រៅ​ឃុំ​ទាំង​៣​លើក​នេះ សុទ្ធតែ​ត្រូវបាន​តុលាការ​បដិសេធ​ទាំងអស់​។

​តុលាការ​ទាំង​៣​ថ្នាក់ បានលើកឡើង​ដូចៗគ្នាថា លោក អ៊ុំ សំអាន បាន​ព្រឹ​ត្ត​បទល្មើស​ជាក់ស្តែង​។ ម្យ៉ាងទៀត លោក អ៊ុំ សំអាន មាន​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ដែល​កំពុង​គាំទ្រ ដូច្នេះ​ការ​ផ្តល់ឱកាស​ឲ្យ​តំណាងរាស្ត្រ​រូបនេះ រួច​ផុតពី​ការឃុំ​ឃាំង អាច​នឹង​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម ដោយ​ប្រការ​ណាមួយ​ជាមិនខាន​។ ទាំងនេះ គឺជា​ហេតុផល ដែល​តុលាការ មិន​យល់ព្រម​នឹង​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក អ៊ុំ សំអាន​។

​ក្រុម​មេធាវី​របស់លោក អ៊ុំ សំអាន មិនអាច​ទទួលយកបាន​ទេ ចំពោះ​ហេតុផល​របស់​តុលាការ​ខាងលើ​។ មេធាវី​ទាំងនោះ បានលើកឡើង​ដដែលៗ​ថា តុលាការ​មិនអាច​ឃុំខ្លួន លោក អ៊ុំ សំអាន បានទេ ព្រោះ​កូនក្ដី​ខ្លួន គឺជា​តំណាងរាស្ត្រ ដែល​កំពុងមាន​អភ័យឯកសិទ្ធិ​ជាប់​នឹង​ខ្លួន​។ ម្យ៉ាងទៀត លោក អ៊ុំ សំអាន ក៏​មិនបាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដូច​ការចោទប្រកាន់រ​បស់​តុលាការ​កន្លងមក​ដែរ​។

​សូម​រម្លឹកថា តំណាងរាស្ត្រ ដែល​រិះគន់​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​ឥត​សំចៃមាត់​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ​។ បន្ទាប់មក​តុលាការ​រាជធានី​ភ្នំពេញ ក៏​សម្រេច​បញ្ជូន លោក អ៊ុំ សំអាន ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​ចោទ​ពី បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា ៤៩៥ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​ទស្សនៈ ពី​បញ្ហា​ព្រំដែន តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ឆ្នាំ​២០១៥​។ លើសពីនេះ​ទៀត សមាជិក​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា ថែមទាំង​បាន​បោះឆ្នោត គាំទ្រ​ឲ្យ​​តុលាការ និង​សមត្ថកិច្ច​បន្ត​អនុវត្ត​នីតិវិធី ចំពោះ​លោក អ៊ុំ សំអាន ទៀតផង​៕


Tag:
 តុលាការ​
  មេធាវី​
  អ៊ុំ សំអាន​
© រក្សាសិទ្ធិដោយ thmeythmey.com