ជាតិ
ប្រធាន ACU ជំរុញ​ឲ្យ​មន្ត្រី​សង្កេតការណ៍​រាយការណ៍​ភាពមិនប្រក្រតី​តាម​ហ្វេ​ស​ប៊ុ​ក​
17, Aug 2016 , 9:39 pm        
រូបភាព
ដោយ:
ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ជំរុញ​ឲ្យ​មន្ត្រី​សង្កេតការណ៍ ACU ដែល​ចូលរួម​ឃ្លាំមើល​សកម្មភាព​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយ​ស​ឆ្នាំ​២០១៦ នៅ​សប្ដាហ៍​ក្រោយនេះ ត្រូវ​ថត​សកម្មភាព​ប្រឡង រាយការណ៍​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ឲ្យ​បាន​លឿន ទាំង​រឿង​វិជ្ជមាន និង​អវិជ្ជមាន ។ តែ​យ៉ាងណា​អ្នកសង្កេតការណ៍ ត្រូវគោរព​បទបញ្ញត្តិ នៃ​តួនាទី​អ្នកសង្កេតការណ៍​របស់ ACU ផងដែរ ។​



​បើតាម​លោក ឱម យ៉ិនទៀង អ្នកសង្កេតការណ៍ ACU ជាង ៦​ពាន​នាក់ មានអំណាច​ខ្លាំង ជាង​រាជការ​សាធារណៈ​ទៀតផង​។ ថ្លែង​ក្នុង​កម្មវិធី​ណែនាំ​អ្នក​សង្កេត ACU នៅ​សាលា​តិច​ណូ រសៀល​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​តែមាន​សិទ្ធិអំណាច​ច្រើន ទទួលខុសត្រូវ​ក៏​ធ្ងន់​ជាងគេ​ដែរ​។ ក្មួយ​ឯង​តែ​កាន់​ទូរស័ព្ទ​ចូល​ហើយ ត្រូវ​ថត​ទាំង​ល្អ ទាំង​មិនល្អ​។ ល្អ​ត្រូវ​ផ្សាយ​ឲ្យ​គេ ព្រោះ​យើង​ជា​សាក្សី​រស់ បង្ហាញថា​បេក្ខជន សិស្ស​នេះ​គេ​ធ្វើ​ល្អ យើង​ត្រូវ​បង្ហាញ​គេ ហើយ​ខុស​ក៏ត្រូវ​បង្ហាញ​»​។​

​ជាមួយគ្នា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន ក៏​ជំរុញ​ឲ្យ​មន្ត្រី​សង្កេតការណ៍ ACU ទាំងអស់ ជួយ​តាមដាន​ឃ្លាំមើល​និង​សហការគ្នាជាមួយ​មន្ត្រី​ក្រសួង​ឲ្យ​បាន​ម៉ត់ចត់​ល្អ​ដូច​ឆ្នាំមុនៗ ដើម្បី​ពង្រឹង​គុណ​អប់រំ​កម្ពុជា​។ បើតាម​លោក ហង់ ជួនណា​រ៉ុ​ន ក្រសួង​អប់រំ​នឹង​ដឹក​ប្រធាន​វិញ្ញាសារ​ប្រឡង​ទៅតាម​មន្ទីរអប់រំ រាជធានី​ខេត្ត​នៅ​ថ្ងៃទី​១៩ សីហា នេះ ដោយ​លោក​សន្យា​ធានា មិន​ឲ្យ​មានការ​បែកធ្លាយ​វិញ្ញាសារ​ប្រឡង​ឡើយ​។​

​វិញ្ញាសា​ប្រឡង​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​រួមមាន ភូមិវិទ្យា ប្រវត្តិវិទ្យា ផែនដី​និង​បរិស្ថានវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​។  ចំណែកឯ​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​ពិត វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រ​ខ្មែរ ប្រវត្តិវិទ្យា និង​ភាសាបរទេស​។​

​គួរ​បញ្ជាក់ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយ​ស​ភូមិ​នៅ​ឆ្នាំ​២០១៦​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២២ និង ២៣ សីហា​។ សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦​នេះ មាន​បេក្ខជន​សរុប​ចំនួន​៩៣.៧៥២​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន ១៥៧​មណ្ឌល និង ៣.៧៨១​បន្ទប់ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត​។​សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ក្រសួង​នឹង​ប្រកាស​លទ្ធផល​នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ រីឯ​មណ្ឌល​នៅតាម​បណ្តា​ខេត្ត​នានា នឹង​ប្រកាស​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦៕


Tag:
 ACU
 ​ អប់រំ​
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com