កីឡាជាតិ
ជាតិ
បឹងកេត​អង្គរ​ទៅលេង​នៅ​ទឹកដី​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​ជំហាន​ទៅកាន់​តំណែង​ជើងឯក​
19, Aug 2016 , 11:25 am        
រូបភាព
រូបថត៖ ហ្វេសប៊ុកព្រះខ័នរាជស្វាយរៀង
រូបថត៖ ហ្វេសប៊ុកព្រះខ័នរាជស្វាយរៀង
ដោយ: ថ្មីៗ
​ក្លិប​បឹងកេត​អង្គរ កំពុង​ព្យាយាម​ទាញ​ភាគរយ​ឲ្យ​កាន់តែ​ខ្ពស់​សម្រាប់​តំណែង​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ជាមួយនឹង​ការប្រកួត​២​លើក​ដែល​នៅ​សេសសល់​។ នា​វេលា​ម៉ោង​៦​ល្ងាច​នេះ ពួកគេ​នឹងមាន​ការប្រកួត​ដ៏​ស្វិតស្វាញ​ជាមួយ​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​។​



​បឹងកេត​អង្គរ​ឈរលើ​កំពូល​តារាង ដោយមាន​៤១​ពិន្ទុ ពោលគឺ​លើ​ក្រុម​ក្រសួងការពារជាតិ តែ​១​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ក្រុម​ទាំង​២​ប្រកួត​បាន​១៦​សប្តាហ៍​ដូចគ្នា​។ សម្រាប់​ជំនួប​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ បឹងកេត​ប្រឹងប្រែង​ស្វែងរក​ឲ្យ​បាន​៣​ពិន្ទុ​បន្ថែមទៀត ដើម្បី​រក្សា​ការ​មានប្រៀប​លើ​ក្រសួងការពារជាតិ មុននឹង​ឈានទៅដល់​ការ​ឈ្នះ​តំណែង​ជើងឯក​កំពូល​ជា​លើក​ទី​ពីរ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១២ មក​។​

​បើទោះបី​កាលពី​ជើង​ទីមួយ ក្រុម​បឹងកេត​របស់លោក ប្រាក់ សុវណ្ណារ៉ា យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​របស់លោក សំ វណ្ណ​ដេ​ត ៣-១ ក៏ដោយ ប៉ុន្តែ​ការប្រកួត​លើក​នេះ នឹងមាន​សភាព​តឹងតែង ដោយ​ស្វាយរៀង ត្រូវ​ការបង្ហាញ​ភាពខ្លាំង​នៅ​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​។ បន្ថែម​ពីលើ​នេះ ស្វាយរៀង​ដែល​ទើប​ប្រកួត​បាន​១៥​សប្តាហ៍​នឹង​បាត់បង់​ឱកាស​ទាំងស្រុង​ក្នុងការ​ដណ្តើមយក​លេខ​៣​ពី​ណាហ្គា​វើ​ល ប្រសិនបើ​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ឬ​ចាញ់​។​

​ចាន់ វឌ្ឍនាកា ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង​៣​គ្រាប់​ក្នុង​ជ័យជម្នះ ៣-២ លើ​ភ្នំពេញ​ក្រោ​ន កាលពី​សប្តាហ៍​ទី​១៦ រក្សា​តំណែង​ទី​១​ក្នុងចំណោម Top Scorers ជាមួយនឹង​ការសម្រេចបាន​គ្រាប់​បាល់​បញ្ចូល​ទី​សរុប​២២​គ្រាប់​។ ប៉ុន្តែ​វត្តមាន​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម​នៃ​ក្លិប​ម្ចាស់ផ្ទះ ដែល​ទើប​ជា​ពីរ​បួស នឹង​ក្លាយជា​កម្លាំង​គំរាមកំហែង​ដ៏​ធំ​របស់​បឹងកេត​។ បន្ថែម​ពីលើ​នេះ ខ្សែការពារ​ស្វាយរៀង សឿ​យ វិសាល នឹង​ប្រឹងប្រែង​ខ្ពស់​នាឱកាស​អបអរ​ខួបកំណើត​២១​ឆ្នាំ​របស់ខ្លួន​៕


Tag:
 ​បាល់ទាត់​
  ខេ​ម​បូ​ឌា​ន​លី​ក
© រក្សាសិទ្ធិដោយ thmeythmey.com