ជាតិ
គ្មាន​នរណា​ចង់​ធ្វើ​ស្រី​កំដរ​?
20, Aug 2016 , 10:30 pm        
រូបភាព
ដោយ:
  គ្មាន​នរណា​ចង់​ធ្វើ​ស្រី​កំដរ​?

​កំណាព្យ​បទ ជាប់​ទង​
 
-​ក្រោយ​រាំច្រៀង ​នាង​ទឹកភ្នែក​ ​ជ្រែក​ផែនថ្ពាល់​
​សើច​រៀងរាល់​ ​ទាល់​ពេញទី​ ​វីវក់​ចិត្ត​
​ក្រៅ​សប្បាយ​ ​ខ្វាយខ្វល់​ណាស់​ ​ខ្វះ​អ្នក​ស្និទ្ធ​
​ប្រុស​កៀក​កិត​ ​ត្បិត​ត្រូវការ​ ​កាយា​ស្រី​។​
 
-​លើក​កែវស្រា​ ​ស្មា​គ្រលែង​ ​ក្រែង​ចិត្ត​គេ​
​មិន​ថា​ទេ​ ​គេ​ត្រូវការ​ ​ថា​មិន​ថ្វី​
​ទោះ​ស្រវឹង​ ​ប្រឹង​ស្រា​វា​ ​ស្រា​ជាថ្មី​
​ថា​អត់​អី​ ​ស្រី​កំដរ​ ​ក៏បាន​ដែរ​។​
 
-​ភ្ញៀវ​ហុច​ប្រាក់​ ​ចាក់​មុខក្រោយ​ ​ឲ្យ​បេះ​បិ​ច​
​ច្រើន​ឬ​តិច​ ​ម្តេច​ហ៊ាន​ខឹង​ ​ប្រឹង​ស្និទ្ធស្នេហ៍​
​គ្រួសារ​ក្រ​ ​របរ​ខ្វះ​ ​ខ្វះ​ទាំង​ស្រែ​
​ចង់​ជួយ​ម៉ែ​ ​តែ​ចំណេះ​ ​ចេះ​ស្តួចស្តើង​។​
 
-​ស៊ូ​ប្តូរ​ប្រាណ​ ​បានជា​ប្រាក់​ ​ដាក់​ជាដើម​
​ទុន​ចាប់ផ្តើម​ ​ផ្សើម​បន្ត​ ​ចរ​រក​ថ្កើង​
​កុំ​ស្អប់​ខ្ញុំ​ ​សុំ​អង្វរ​ ​ករ​កុំ​ឆ្មើង​
​ឈប់​រើសអើង​ ​ឡើង​បាន​ខ្ពស់​ ​រស់​មានទ្រព្យ​។​
 
-​ខ្ញុំ​មិន​ចង់​ ​បង់​បាត់​ប្រាណ​ ​បាន​មាត់​ព្រាន​
​តែ​ខ្ញុំ​គ្មាន​ ​មាន​នរណា​ ​ស្តារ​ឲ្យ​គាប់​
​ចង់​ចៀស​ណាស់​ ​ច្បាស់​ចង់​កែ​ ​ប្រែប្រួល​ភ័ព្វ​
​មាន​គេ​រាប់​ ​គាប់​គូស្នេហ៍​ ​ថែ​ដូច​គេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com