ភ្នំពេញ ៖ យុវជនខ្មែររាប់ម៉ឺនសែននាក់ ឬក៏អាចថា ដល់រាប់លាននាក់បាន និងកំពុងប្រើប្រាស់ហ្វេសប៊ុក។ ការប្រើប្រាស់បណ្តាញសង្គមមួយនេះអាចមានប្រយោជន៍ច្រើន ប៉ុន្តែវាក៏អាចផ្តល់គុណវិបត្តិច្រើនដល់អ្នកប្រើប្រាស់ប្រើមិនចំទិសដៅដែរ។ បុគ្គលិកក្រុមហ៊ុន អង្គការ និងរដ្ឋមួយចំនួនគិតតែពីលេងហ្វេសប៊ុកក្នុងម៉ោងធ្វើការ។ តើទង្វើនេះជាការបាត់បង់ផលិតភាព ការងារមែនឬទេ?
បណ្តាញសង្គមហ្វេសប៊ុកត្រូវបានគេបង្កើតឡើងនៅឆ្នាំ២០០៤ នៅសហរដ្ឋអាមេរិកដោយជនជាតិអាមេរិកកាំង។ បន្ទាប់មកបណ្តាញសង្គមមួយនេះ ចេះតែរីកសាយភាយ និងមានប្រជាប្រិយភាពបន្តិចម្តងៗនៅលើពិភពលោក ជាពិសេស នៅក្នុងប្រទេសជឿនលឿន។
ចំពោះប្រទេសកម្ពុជាវិញ ហ្វេសប៊ុកបានចូលមកកាលពីចុងឆ្នាំ២០០៦ ប៉ុន្តែវាមានភាពល្បីល្បាញ និងទាក់ទាញយុវជនខ្មែរខ្លាំងនៅដើមឆ្នាំ២០១០ និងរឹតតែល្បីល្បាញនៅក្នុងអំឡុងការបោះឆ្នោតឆ្នាំ២០១៣នាពេលកន្លងមក។ រហូតមកដល់សព្វថ្ងៃនេះ គេមិនទាន់មានតួលេខបញ្ជាក់ច្បាស់លាស់ ពីចំនួនប្រជាជនខ្មែរប្រើប្រាស់បណ្តាញសង្គមមួយនេះនៅឡើយទេ។ ប៉ុន្តែបើយោងតាមការប៉ាន់ស្មានមួយចំនួន ប្រជាជនខ្មែរនៅក្នុង និងក្រៅប្រទេស ជាពិសេស យុវជនយុវនារី ប្រមាណជាច្រើនលាននាក់បាននិងកំពុងប្រើប្រាស់ហ្វេសប៊ុក។ គិតត្រឹមខែមិថុនាឆ្នាំនេះ អ្នកប្រើប្រាស់ទូរសព្ទចល័ត និងទូរសព្ទអចល័តនៅកម្ពុជាមានចំនួនជាង ១៩,៧លាន (ស៊ីម) ដែលស្មើនឹង ១៣៣ភាគរយធៀបនឹងចំនួនប្រជាជនសរុប។ នេះបើតាមតួលេខរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗកន្លងមកនេះ។
របាយការណ៍បង្ហាញថា នៅកម្ពុជាមានអ្នកប្រើប្រាស់ទូរសព្ទចល័តដល់ទៅ ១៩,៤៨លាន (ស៊ីម) ខណៈអ្នកប្រើប្រាស់ទូរសព្ទអចល័តមានចំនួន ២៣,៨ម៉ឺន (ស៊ីម) ។ បើយោងតាមតួលេខនេះ ចំនួនអ្នកប្រើប្រាស់ទូរសព្ទនៅកម្ពុជា គឺស្មើ ១៣៣ភាគរយ ធៀបនឹងចំនួនប្រជាជនសរុប។
របាយការណ៍ដដែលនេះ ឲ្យដឹងទៀតថា ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទចល័តនៅកម្ពុជាមានចំនួន ៩ក្រុមហ៊ុន ខណៈការបម្រើសេវាទូរសព្ទអចល័តក៏មានចំនួន ៩ ក្រុមហ៊ុនផងដែរ។
ដោយឡែកអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតនៅកម្ពុជាមានចំនួនជាង ៧,១លាន ដែលក្នុងនោះអ្នកប្រើអ៊ីនធឺណិតចល័តមានចំនួន ៧,០៧ លាន ខណៈចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតអចល័តមានជាង ៨ម៉ឺនប៉ុណ្ណោះ។ រីឯចំនួនក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតចល័តនៅកម្ពុជាមាន ៦ក្រុមហ៊ុន ខណៈក្រុមហ៊ុនបម្រើសេវាអ៊ីនធឺណិតអចល័តមានចំនួន ៣៣។ នេះបើតាមរបាយការណ៍ដដែលខាងលើ។
តើការប្រើប្រាស់បណ្តាញហ្វេសប៊ុកផ្តល់គុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាខ្លះដល់សង្គម?
ប្រសិនបើគេគិតពីគំនិតដើមរបស់អ្នកបង្កើតហ្វេសប៊ុក ហ្វេសប៊ុកមានប្រយោជន៍ច្រើនរាប់មិនអស់។ ហ្វេសប៊ុកគឺជាបណ្តាញសង្គមដ៏មានប្រសិទ្ធភាព ដែលអនុញ្ញាតអោយមនុស្សទាំងអស់នៅក្នុងពិភពលោក អាចទំនាក់ទំនងគ្នាបាន។ អ្វីដែលហ្វេសប៊ុកមានលក្ខណៈពិសេសលើសពីអ៊ីមែលគឺនៅត្រង់ថា ហ្វេសប៊ុកអនុញ្ញាតអោយមនុស្សច្រើនពាន់ ម៉ឺននាក់អាចចែករំលែកព័ត៌មានគ្នាបានក្នុងពេលដ៏ខ្លីបំផុត។ ហ្វេសប៊ុក ពេលខ្លះត្រូវបានគេឲ្យនិយមន័យថា ជាទីលានបញ្ចេញមតិនៅលើ«លំហអាកាស»។ ម្យ៉ាងវិញទៀត អ្នកលេងហ្វេសប៊ុកអាចជជែកគ្នាបានភ្លាមៗ ជាមួយមនុស្សច្រើននាក់ផ្សេងទៀតក្នុងពេលតែមួយ។ អ្នកខ្លះ Chat ជាមួយមិត្តភក្តិ២ ៣ ៤ ឬ៥នាក់ព្រមពេលជាមួយគ្នា។ អ្នកខ្លះអត់បាយអត់ទឹកដោយសារតែការChat ជាមួយគ្នាទៅវិញទៅមក។
ក្រៅពីការចែករំលែកព័ត៌មានធម្មតាអោយគ្នាទៅវិញទៅមក ហ្វេសប៊ុកត្រូវបានសកម្មជននយោបាយមួយចំនួនធំ ប្រើប្រាស់ដើម្បីផ្សព្វផ្សាយគោលនយោបាយ ឬវាយប្រហារដៃគូនយោបាយរបស់ខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ ហ្វេសប៊ុកត្រូវបានគេប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលដែលខ្លួនមាន។ ជារៀងរាល់ថ្ងៃ អ្នកលេងហ្វេសប៊ុកមួយចំនួន តែងតែឆ្លៀតយកទំព័រហ្វេសប៊ុក ដើម្បីបង្ហាញផលិតផលនេះ ឬផលិតផលនោះ ទៅកាន់មិត្តភក្តិរបស់គេ។ ផលប្រយោជន៍ខ្លាំងរបស់ហ្វេសប៊ុក ក្នុងការផ្សាយពាណិជ្ជកម្ម គឺជាការផ្សព្វផ្សាយដោយមិនបង់ប្រាក់កាសច្រើន ដូចការផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមទូរទស្សន៍ ឬវិទ្យុ។ មនុស្សម្នាក់ៗអាចផ្សព្វផ្សាយនូវផលិតផលអ្វីដែលលោកអ្នកមាន។
ដោយមិននិយាយពីគោលដៅពាណិជ្ជកម្ម អ្នកខ្លះចាត់ទុកហ្វេសប៊ុកថា ជាមិត្តភក្តិដ៏ល្អដែលមិនអាចអត់បានឡើយ។ ពួកគេចាត់ទុកហ្វេសប៊ុកជាមិត្តភក្តិ ពីព្រោះហ្វេសប៊ុកអាចជួយកែអផ្សុកគេបាន។ អ្នកខ្លះទៀតប្រើប្រាស់ហ្វេសប៊ុក ដើម្បីភ្ជាប់ស្នេហ៍ ឬផ្តាច់ស្នេហ៍ទៅវិញ។ យុវវ័យមួយចំនួនបានភ្ជាប់ស្នេហ៍ ហើយនៅទីបំផុត អាចឈានទៅក្រេបទឹកឃ្មុំជាមួយគ្នា។
អ្នកវិភាគសង្គមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលបានតាមដានស្ថានការណ៍កម្ពុជាតាំងពីដើមឆ្នាំ៩០មក បានអត្ថាធិប្បាយថា ហ្វេសប៊ុកមានគុណសម្បត្តិច្រើនមែន ប៉ុន្តែហ្វេសប៊ុកក៏មានគុណវិបត្តិច្រើនដែរ ប្រសិនបើអ្នកប្រើប្រាស់ ប្រើខុសគោលដៅរបស់វានោះ។ បើនិយាយអោយជាក់ស្តែងតែម្តងទៅ ប្រព័ន្ធហ្វេសប៊ុកមិនមានគុណវិបត្តិអ្វីទេ។ គុណវិបត្តិទាំងអម្បាលម៉ានដែលបានរៀបរាប់ខាងលើ គឺបណ្តាលមកពីអ្នកប្រើប្រាស់ទាំងអស់។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលញៀននឹងហ្វេសប៊ុកនោះ បានចំណាយពេលយ៉ាងច្រើន ជាមួយបណ្តាញសង្គមមួយនេះ។ អ្នកខ្លះញៀនលេងរហូតដល់ទៅភ្លេចបាយភ្លេចទឹក ភ្លេចរៀនភ្លេចសូត្រ ឬភ្លេចការងារក៏មានដែរ។ យុវជនខ្លះអង្គុយនៅមុខកុំព្យូទ័រ ទំនងដូចជាធ្វើកិច្ចការគ្រូដាក់អោយ ឬទំនងជាធ្វើកិច្ចការរបស់ស្ថាប័នអ៊ីចឹង។ តាមពិត ពួកគេលេងហ្វេសប៊ុក ច្រើនជាងធ្វើកិច្ចការដែលមានប្រយោជន៍។
ស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បានបង្ហាញអោយឃើញថា មិនមែនតែយុវជនទេដែលប្រើប្រាស់ខុសទិសដៅនោះ។ តាមពិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងបុគ្គលិកអង្គការមួយចំនួនបាន និងកំពុងវក់វី នឹងការប្រើប្រាស់ហ្វេសប៊ុកខុសទិសដៅ។ បុគ្គលិករដ្ឋ ក្រុមហ៊ុន និងអង្គការខ្លះធ្វើការផងលេងហ្វេសប៊ុកព្រមពេលជាមួយគ្នា។ បុគ្គលិកខ្លះទៀត លេងហ្វេសប៊ុកច្រើនជាងធ្វើការ មានន័យថា ពួកគេអង្គុយនៅមុខកំព្យូទ័រមែន ប៉ុន្តែពួកគេគិតតែពីជជែកគ្នាតាមហ្វេសប៊ុក។
ពេលខ្លះ ក្រៅពីជជែកគ្នាតាមហ្វេសប៊ុក ពួកគេមួយចំនួនគិតតែពីឆែកមើលព័ត៌មានតាមហ្វេសប៊ុកស្ទើររាល់ម៉ោង។ លើសពីនេះទៅទៀត គេសង្កេតឃើញអ្នកខ្លះ យកវេទិកាហ្វេស ប៊ុក ជេរប្រមាថគ្នាដោយគ្មានសីលធម៌ និងបង្កើតឲ្យមានគំនិតហិង្សាក្នុងទម្រង់ផ្សេងៗ។ និន្នាការអាក្រក់នេះ បាន និងកំពុងកើតមានកាន់តែច្រើនឡើងៗ ពីពេលមួយទៅពេលមួយនៅក្នុងសង្គមខ្មែរ។
មិនត្រឹមតែប៉ុណ្ណោះ យុវជន និងយុវនារីខ្លះឆ្លៀតប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុក ដើម្បី«លក់ខ្លួន» ឬផ្ទុយទៅវិញ អ្នកប្រើប្រាស់ខ្លះ ប្រើប្រាស់បណ្តាញសង្គមខុសគោលដៅ នាំគ្នាលួចមើលតែរឿង«អាសអាភាស»នៅតាមបណ្តាញអនឡាញ។ និយាយសរុបឲ្យខ្លី គឺថា ហ្វេសប៊ុក បាននិងកំពុងឆក់យកពេលវេលាដ៏មានតម្លៃរបស់បុគ្គលិក កម្មករ និងមន្ត្រីរាជការ និងពេលខ្លះ ហ្វេសប៊ុកបង្កឲ្យមានហិង្សាផ្នែកអារម្មណ៍។
ដោយសារតែមើលឃើញទម្លាប់អាក្រក់កើតមានកាន់តែច្រើន ទើបស្ថាប័នឯកជនមួយចំនួនចាប់ផ្តើមមានវិធានការហាមឃាត់ មិនអោយបុគ្គលិករបស់ខ្លួនលេងហ្វេសប៊ុកនៅក្នុងម៉ោងធ្វើការ។ ក្រៅម៉ោងធ្វើការទើបបុគ្គលិកមានសិទ្ធិលេងហ្វេសប៊ុកបាន។
អ្នកវិភាគសង្គមសេដ្ឋកិច្ចបានទាញសញ្ញាអាសន្នថា ប្រសិនបើបុគ្គលិក មិនថា បុគ្គលិករដ្ឋ ឯកជន ឬអង្គការនោះទេគិតតែពីលេងហ្វេសប៊ុក ឬលេងផង និងធ្វើការផងនោះ ពេលនោះ ផលិតភាព និងប្រសិទ្ធភាពការងាសម្រាប់ស្ថាប័ន នឹងត្រូវកាត់បន្ថយ។
ប្រសិនបើស្ថាប័នបាត់បង់ផលិតភាពកាន់តែខ្ពស់ ពេលនោះ ស្ថាប័ននោះអាចក្ស័យធន។ ស្ថាប័ន ក្ស័យធន បុគ្គលិកប្រឈមនឹងភាពគ្មានការងារធ្វើ។ អត្រានៃអ្នកអត់ការងារកើនឡើងកាន់តែខ្ពស់ ពេលនោះបញ្ហាសង្គមដោះស្រាយមិនចេញនឹងកើតឡើង៕