អន្តរជាតិ
លោក Duterte បបួល​មន្ត្រី UN តទល់​គ្នា​រឿង​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន
21, Aug 2016 , 11:12 am        
រូបភាព
​បន្ទាប់ពី​ហៅ​ការរិះគន់​របស់​អង្គការសហប្រជាជាតិ​លើ​វិធានការ​របស់លោក​ក្នុងការ​បោសសម្អាត​ឈ្មួញ និង​អ្នក​សេព​គ្រឿងញៀន​ពី​សង្គម​ហ្វីលីពីន​ជា «​ការរិះគន់​បែប​ឆ្កួត​លីលា​» បុរស​ខ្លាំង​របស់​ហ្វីលីពីន លោក Rodrigo Duterte បានបង្ហាញ​បំណង​ចង់​ជជែក​ដេញដោល​ជាមួយ​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ ជុំវិញ​ការសម្លាប់​មនុស្ស​យ៉ាងច្រើន​ក្នុង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​នេះ​។​

 
​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានទាមទារ​ឲ្យ​ការពិភាក្សា​តទល់​គ្នា​លើ​ករណី​បាញ់សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅ​ទូទាំងប្រទេស ជាមួយនឹង​មន្ត្រី​ជំនាញ​ផ្នែក​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​របស់​អង្គការសហប្រជាជាតិ​។ បុរស​ខ្លាំង​របស់​ហ្វីលីពីន បានស្នើ​ដូចនេះ នៅក្នុង​សន្និសីទកាសែត​ដែល​ធ្វើឡើង​នៅ​កណ្ដាល​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១ ខែសីហា ហើយ​ការជជែក​ដេញដោល​នោះ អាចធ្វើ​នៅ​ប្រទេស​ទី​បី​ក៏​បានដែរ​។ 
 
​ថ្លែង​ក្នុង​សន្និសីទកាសែត​រយៈពេល​ពីរ​ម៉ោង ប្រធានាធិបតី​ហ្វីលីពីន​និយាយថា​៖« ខ្ញុំ​ចង់​និយាយ​ជាមួយ​មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ ហើយ​ខ្ញុំ​ទាមទារ​ឲ្យ​រូបគាត់​មក​ទីនេះ ឬក៏​ប្រសិនបើ​គាត់​ចង់ យើង​អាច​ទៅ​ប្រទេស​ទី​បី​ក៏បាន​ដែរ​។​» លោក​បន្តទៀតថា​៖« មក​និយាយ​ជាមួយ​ខ្ញុំ និង​មកជួប​ខ្ញុំ​ផ្ទាល់​មក​។ យើង​ត្រូវ​និយាយ​គ្នា​ម្ដង​។​»
 
​ការទាមទារ​ជួប​ជាមួយ​មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ ធ្វើឡើង​បន្ទាប់ពី​មានការ​ឆ្លើយឆ្លង​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល​ហ្វីលីពីន និង​មន្ត្រី UN​។ នៅមុននេះ ប្រធាន​ក្រុមប្រឹក្សា​ច្បាប់​របស់​ហ្វីលីពីន លោក Salvador Panelo បាន​ហៅ​មន្ត្រី​សិទ្ធិមនុស្ស​របស់ UN មកកាន់​ហ្វីលីពីន​ដោយផ្ទាល់ ដើម្បី​មើល​ឲ្យ​ច្បាស់​ថា រដ្ឋាភិបាល​ហ្វីលីពីន មិនបាន​ពាក់ព័ន្ធ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ឡើយ​។ 
 
​យោងតាម​សារព័ត៌មាន Rappler អ្នករាយការណ៍​ពិសេស​របស់ UN លើ​បញ្ហា​សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ លោកស្រី Agnes Callamard ក៏បាន​ឆ្លើយតប​នឹង​ការស្នើ​នេះ​វិញ​ផងដែរ​។ លោកស្រី Callamard បាន​សរសេរ​លើ​បណ្ដាញ Twitter ថា លោកស្រី​ស្វាគមន៍​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ហើយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​មានការ​សហការ​ដោយ​គ្មាន​ដែន​កំណត់​ជាមួយ​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត លើ​ការស៊ើបអង្កេត​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​។​
 
​យ៉ាងណាក្ដី បន្តិចក្រោយមក វិមាន​ប្រធានាធិបតី​ហ្វីលីពីន បាន​ចេញមក​បដិសេធ​រឿងនេះ ដោយ​អះអាងថា លោកស្រី Callamard យល់​ច្រ​លំ​សំដី​របស់លោក Panelo ហើយ​ថា ការស៊ើបអង្កេត​ណាមួយ គឺជា​ការរំលោភ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ ចំណែក​លោក​ប្រធានាធិបតី Duterte ដែល​បានដាក់​កិត្តិយស អាយុជីវិត និង​តំណែង​របស់លោក ក៏​និយាយ​ដែរ​ថា ការស៊ើបអង្កេត​បែបនេះ ជា​រឿង​ល្មើស​នឹង​ការងារ​ផ្ទៃក្នុង​ហ្វីលីពីន​។  
 
​សូម​ជម្រាប​ផងដែរ​ថា កាលពីពេល​ថ្មីៗ​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Ban Ki-Moon និង​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​បញ្ហា​គ្រឿងញៀន និង​បទល្មើស បាន​ថ្កោលទោស​ខ្លាំង​លើ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន និង​បទល្មើស​ពី​សង្គម​ហ្វីលីពីន​។ តាម​របាយការណ៍​ប៉ូលិស​ហ្វីលីពីន អ្នក​សេព និង​ជួញដូរ​គ្រឿងញៀន ជាង​ប្រាំមួយរយ​នាក់ ត្រូវបាន​សម្លាប់​គិត​ចាប់តាំងពី​ថ្ងៃទី​០១ ខែកក្កដា ខណៈ សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន ចុះផ្សាយ​ថា ចំនួន​អ្នកស្លាប់​ក្នុង​ប្រតិបត្តិការ​នេះ កើនឡើង​លើសពី​មួយ​ពាន់​នាក់​ហើយ​នោះ​៕   

Tag:
 ហ្វីលីពីន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com