អន្តរជាតិ
ទីបំផុត រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​និង​ឧទ្ទាម FARC សម្រេចបាន​កិច្ចព្រមព្រៀង​សន្តិភាព​ប្រវត្តិសាស្ត្រ​
25, Aug 2016 , 9:39 pm        
រូបភាព
រដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧទ្ទាម FARC បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ។ រូបថត Xinhua
រដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧទ្ទាម FARC បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ។ រូបថត Xinhua
​ក្រោយ​ការចរចា​អស់​ពេល​ជិត​បួន​ឆ្នាំ​មក រដ្ឋាភិបាល​កូ​ឡុំ​ប៊ី និង​ក្រុម​ឧទ្ទាម FARC បាន​ឈានដល់​កិច្ចព្រមព្រៀង​សន្តិ​ភាពជា​ប្រវត្តិសាស្ត្រ ដើម្បី​បញ្ចប់សង្គ្រាម​ស៊ីវិល​រយៈ​ពេល​ជាង​៥០​ឆ្នាំ​មកនេះ​។ នៅក្រោម​កិច្ចព្រមព្រៀង​នេះ ដែល​ត្រូវ​រង់ចាំ​ការធ្វើប្រជាមតិ ក្រុម​ឧទ្ទាម FARC នឹង​ចូលមក​រួមរស់​ជាមួយ​ប្រជាជន​កូ​ឡុំ​ប៊ីដ​ទៃទៀត ហើយ​តុលាការ​មួយ នឹងត្រូវ​បង្កើត ដើម្បី​កាត់ទោស​ឧក្រិដ្ឋជន​ដែល​ធ្វើ​ខុស​អំឡុងពេល​នៃ​ការប្រយុទ្ធ​គ្នា​។



​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី និង​ក្រុម​ឧទ្ទាម​ឆ្វេងនិយម FARC នៅ​ថ្ងៃទី​២៤ ខែសីហា បានប្រកាស​រួមគ្នា​ពី​ការសម្រេចបាន​កិច្ចព្រមព្រៀង​សន្តិភាព​បញ្ចប់សង្គ្រាម​កន្លះ​សតវត្ស​រ៍ហើយ​។ ការចរចា​ដែលមាន​គុយបា​ជា​អ្នកសម្របសម្រួល បានទទួល​លទ្ធផល​ផ្លែផ្កា​គាប់ចិត្ត និង​ទទួល​បានការ​សាទរ​ខ្លាំង​ពី​ប្រជាជន​កូ​ឡុំ​ប៊ី ហើយ​ពួកគេ នឹង​សម្រេច​ទទួល​ថា​ទទួលយក​កិច្ចព្រមព្រៀង​នេះ ឬ​យ៉ាងណា ក្នុង​ប្រជាមតិ​ខែតុលា​។ 

​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ពី​ទីក្រុង​ឡា​ហាវ៉ាន ភាគី​ទាំងពីរ​ប្រកាសថា យើង​សម្រេចបាន​កិច្ចព្រមព្រៀង​ចុងក្រោយ ពេញលេញ និង​ច្បាស់លាស់ ដើម្បី​បញ្ចប់​ជម្លោះ និង​កសាង​សន្តិភាព​យូរអង្វែង​។ សេចក្ដីថ្លែងការណ៍​ដែល​អាន​ដោយ​អ្នកការទូត​គុយបា Rodolfo Benitez បន្តថា​៖«​យើង​មិន​ចង់បាន​ជនរងគ្រោះ​នៅ​កូ​ឡុំ​ប៊ី​ទៀតឡើយ​។​» ទីភ្នាក់ងារ​ព័ត៌មាន Reuters បន្ទាប់​ពីនេះ កិច្ចព្រមព្រៀង នឹងត្រូវ​សម្រេច​ជា​ចុងក្រោយ​ក្នុង​ប្រជាមតិ​ថ្ងៃទី​២ ខែ តុលា​។​

​ចំណែក​ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Juan Manuel Santos ក៏បាន​ចេញមក​សាទរ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះដែរ​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍ លោក Santos បាន​ប្រាប់​ឲ្យ​ប្រជាជន​កូ​ឡុំ​ប៊ី ត្រៀមខ្លួន​សម្រេចចិត្ត​លើ​កិច្ចព្រមព្រៀង​នេះ ដែល​លោក​ចាត់ទុកជា​ជោគជ័យ​ដែល​លោក​សម្រេចបាន​តាម​ការ​សន្យា​។

​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​បន្តថា អត្ថបទ​កិច្ចព្រមព្រៀង​ចុងក្រោយ​នេះ នឹងត្រូវ​បញ្ជូនទៅ​កាន់​សភា មុន​ដាក់​លើ​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។ ឯ​ប្រធាន​ក្រុម​អ្នកចរចា​របស់​ចលនា FARC លោក Ivan Marquez លើកឡើង​ដែរ​ថា យើង​បាន​យកឈ្នះ​លើ​សមរភូមិ​ដ៏​អស្ចារ្យ ហើយ​ពេលនេះ​សង្គ្រាម​ប្រើ​កាំភ្លើង​បានបញ្ចប់ និង​ដល់​វេន​ការដេញដោល​គំនិត​វិញ​ម្ដង​។​

​នៅក្រោម​កិច្ចព្រមព្រៀង​នេះ យុទ្ធជន​របស់​ក្រុម​ឧទ្ទាម FARC ចំនួន​៧​ពាន់​នាក់ នឹង​ចាក​ចេញពី​ជំរុំ​របស់ខ្លួន និង​ចូលមក​កាន់​ជំរុំ​ប្រគល់​អាវុធ ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​។ ចំណែក​ក្រុម​ឧទ្ទាម FARC នឹង​ក្លាយជា​បក្សនយោបាយ ហើយ​តុលាការ​ពិសេស​មួយ នឹងត្រូវ​បង្កើត​ដើម្បី​កាត់ទោស​ឧក្រិដ្ឋ​សង្គ្រាម ខណៈ​អ្នក​ដែល​មានទោស​តិចតួច​អាច​នឹងត្រូវ​លើកលែង​បាន​៕


Tag:
 កូ​ឡុំ​ប៊ី​
  FARC
© រក្សាសិទ្ធិដោយ thmeythmey.com