ជាតិ
បក្សប្រឆាំង​ស្នើ​ក្រសួង​ការងារ​កំណត់​ថ្ងៃ​ឈប់សម្រាក​ពិសេស​ដើម្បី​ឲ្យ​កម្មករ​ចុះឈ្មោះ​បោះឆ្នោត ​
28, Aug 2016 , 12:03 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ខណៈ​ការចុះឈ្មោះ​បោះឆ្នោត​ថ្ងៃទី​០១ កញ្ញា កាន់តែ​ខិតចូល​មកដល់ គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កំណត់​ថ្ងៃ​ឈប់សម្រាក​ពិសេស ដើម្បី​ផ្តល់ឱកាស​ដល់ក​ម្មករ​កម្ម​ការ​នី​និង​ពលករ មាន​ពេលវេលា​គ្រប់គ្រាន់ ធ្វើដំណើរ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ស្រុកកំណើត​។


 
ក្រៅពី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​នាំគ្នា​ទៅ​ចុះឈ្មោះ​បោះ​នោះ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​កំណត់​ថ្ងៃ​ឈប់សម្រាក​ពិសេស ឲ្យ​ពលរដ្ឋ​មាន​ពេលវេលា​គ្រប់គ្រាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ស្រុកកំណើត​របស់​ពួកគេ​។  

លោក អេង ឆៃអ៊ាង បន្ថែមទៀតថា ខណៈដែល​ពេលវេលា​ឈប់សម្រាក​ថ្ងៃ​ភ្ជុំបិណ្ឌ​មានតែ​រយៈ​៣​ថ្ងៃ គឺជា​ពេលវេលា​ខ្លី​សម្រាប់​កម្មករ​កម្ម​ការ​នី​បាន​ឈប់សម្រាក ដើម្បី​ទៅ​ស្រុកកំណើត និង​ចុះឈ្មោះ​បោះឆ្នោត​នោះ លោក​ថា នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដើម្បី​ឲ្យ​ក្រុមការងារ​ចុះឈ្មោះ​បោះឆ្នោត ឈប់សម្រាក​រយៈពេល​១​ថ្ងៃ​ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​ទុក​ពេលវេលា​២​ថ្ងៃ ដើម្បី​ចុះឈ្មោះ​ឲ្យ​កម្មករ​កម្ម​ការ​នី ដែល​សម្រុក​ទៅលេង​ស្រុកកំណើត​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។

«​ថ្ងៃ​ភ្ជុំបិណ្ឌ កម្មករ​កម្ម​ការ​នី​និង​ពលករ​ទាំងអស់ មាន​ពេលវេលា​ទៅលេង​ស្រុកកំណើត និង​មានឱកាស​ចុះឈ្មោះ​បោះឆ្នោត តែបើ​៣​ថ្ងៃនេះ បើ​ក្រុមការងារ​ចុះ​បោះឆ្នោត​អត់​ធ្វើការ​ទៀត គឺ​ពួកគេ​នឹង​បាត់បង់​ឱកាស​ចុះឈ្មោះ​ឆ្នោត​»​នេះ​បើតាម​ការ​ការពន្យល់រ​ប​ស់លោក អេង ឆៃអ៊ាង នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២៨ សីហា​នេះ​។   

សូមបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​១ កញ្ញា ដល់​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១៦​។ គ​.​ជ​.​ប បាន​ត្រៀម​ថវិកា​ចំនួន​២៣​លាន​ដុល្លារ​ផងដែរ ដើម្បី​ចាយវាយ​ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នៅ​ថ្ងៃទី​០៤ ខែមិថុនា​ឆ្នាំ​២០១៧​ខាងមុខនេះ​៕    


© រក្សាសិទ្ធិដោយ thmeythmey.com